អន្តរជាតិ
ផេ​ឡូ​ស៊ី​៖«​ខ្ញុំ​មិន​គាំទ្រ​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី ដ្បិត​លោក ត្រាំ គ្មាន​តម្លៃ​គ្រប់គ្រាន់​ឡើយ​»
12, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានសភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​បញ្ជាក់ថា លោកស្រី​មិន​គាំទ្រ​ឡើយ​ការអនុវត្ត​នីតិវិធី​ដក​ហូត​តំណែង​ប្រធានាធិបតី ដ្បិត​វា​នឹងធ្វើ​ឲ្យ​មានការ​បែកខ្ញែក​នយោបាយ​កាន់តែខ្លាំង​ក្នុងសង្គម​អាមេរិក​។ អ្វីដែល​សំខាន់​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​អះអាងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គ្មាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​នីតិវិធី​នេះឡើយ​។​


 
​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុង​នយោបាយ​អាមេរិក ខណៈដែល​ការ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិតជិត​មកដល់​។ ប៉ុន្តែ​ប្រធានសភា​តំណាង​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បានប្រកាស​ច្បាស់​ហើយ​ថា បក្ស​ប្រជាធិបតី​មិន​ចាប់ផ្តើម​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ​ឡើយ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Washington Post លោកស្រី ផេ​ឡូ​ស៊ី បាន​ពន្យល់ថា នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​ជា​រឿង​មួយ​ដ៏​ចម្រូងចម្រាស និង​ធ្វើ​ឲ្យ​សង្គម​អាមេរិក​កាន់តែ​បែកខ្ញែក​ខ្លាំង​ខាង​ផ្នែក​នយោបាយ​ថែមទៀត​។ ផេ​ឡូ​ស៊ី បាន​លើកយក​ការប្រើប្រាស់​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន នៅ​ឆ្នាំ ១៩៩៨ ដែល​បាន​បរាជ័យ​នៅ​ព្រឹទ្ធសភា​កាលនោះ ជា​ឧទាហរណ៍​ដែរ​។​
 
​លោកស្រី​និយាយ​បែបនេះ​៖ « ខ្ញុំ​មិន​គាំទ្រ​នីតិវីធី​នេះឡើយ​។ ការដកហូត​តំណែង​ប្រធានាធិបតី​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​ក្នុងសង្គម​យើង​កាន់តែខ្លាំង ប្រសិនជា​មិនមាន​ការចាំបាច់​ខ្លាំង និង​មិន​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការគាំទ្រ​ពី​បក្ស​ទាំងពីរ​ទេនោះ​។ ខ្ញុំ​មិន​គិតថា​យើង​គួរ​ដើរ​លើផ្លូវ​នេះ​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​មានការ​ប្រទេស​យើង​បែកបាក់​គ្នា​កាន់តែខ្លាំង​»​។​
 
«​ហើយ​ម្យ៉ាងទៀត ត្រាំ មិនមាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​នី​តី​វិធី​នេះឡើយ​»​។ លោកស្រី ផេ​ឡូ​ស៊ី អះអាង​បន្ថែម​បែបនេះ​។ 
 
​ការលើកឡើង​របស់​ប្រធានសភា​រូបនេះ​ធ្វើឡើង ស្របពេល​ដែល​លោក ត្រាំ និង​មនុស្ស​ជំនិត​របស់ខ្លួន​ប្រឈមមុខ​នឹង​ការ​ស៊ើប​អ​ង្កើ​ត​មួយចំនួន​ជាពិសេស​សំ​ណុ​រឿង​ពាក់ព័ន្ធ​ជាមួយ​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៦ ដែល​ការស៊ើបអង្កេត​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller​។​
 
​ម្យ៉ាង​កាលពី​ចុងខែ​មុន លោក ត្រាំ ត្រូវ​អតីត​មេធាវី​ខ្លួន​លោក Michael Cohen បកអាក្រាត​រឿងអាស្រូវ​ផ្លូវភេទ និង​ទិតៀន​មួយ​ទំហឹង​ក្នុងពេលដែល​ខ្លួន​ផ្ដល់​សក្ខីកម្ម​ក្នុង​សភា​។ លោក Cohen បាន​ហៅ​លោក ត្រាំ ថា​ជាម​នុស្ស​បោកប្រាស់ និង​ប្រព្រឹត្ត​កំហុសឆ្គង​ច្រើន​ថែមទៀត​។ 
 
​ត្រឡប់មកវិញ ថ្វីបើ​លោកស្រី ផេ​ឡូ​ស៊ី មិន​គាំទ្រ​ការដកហូត​តំណែង​ប្រធានាធិបតី​ក៏ដោយ លោកស្រី​បាន​បង្ហើប​ថា លោក ត្រាំ មិន​សក្តិសម​នឹង​កាន់តំណែង និង​ដឹកនាំ​ប្រទេស​ឡើយ​ទាំង​ផ្នែក​បញ្ញា និង​សីលធម៌​តែម្តង​។​
 

Tag:
 ណាន់​ស៊ី ផេ​ឡូ​ស៊ី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com