អន្តរជាតិ
ឌូ​ទើ​តេ ដាក់​ផែនការ​កម្ចាត់​មន្ត្រី​ខិលខូច​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​បន្ថែម
07, Apr 2019 , 3:59 pm        
រូបភាព
រូបភាព៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន
រូបភាព៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន
ដោយ:
​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​សប្តាហ៍​ក្រោយ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​មួយចំនួន អាច​នឹងត្រូវ​ប្រឈម​នឹង​ការបណ្តេញចេញ​ដោយផ្ទាល់​ពី​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ ការបណ្តេញចេញ​នេះ នឹង​កើតឡើង​ប្រសិនបើ លោក​ប្រធានាធិបតី ឌូ​ទើ​តេ រកឃើញថា មន្ត្រី​ទាំងនោះ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ពិតប្រាកដ​មែន​។​

 
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Salvador Panelo នៅ​ថ្ងៃ​៣ មេសា កន្លង​ទៅបាន​អះអាងថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ជួប​សំណេះសំណាល​ជាមួយនឹង​ក្រុម​អ្នកជំនួញ​នៅ​សប្តាហ៍​ក្រោយ ហើយ​លោក​ប្រធានាធិបតី ក៏​នឹង​ឆ្លៀតឱកាស​នោះ​បណ្តេញ​មន្ត្រី​ខិលខូច​មួយចំនួន​ផងដែរ ប្រសិនបើ​លោក បានទទួល​របាយការណ៍​ជាក់លាក់​ថា​ពួកគេ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Philstar អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់បន្ថែម និង​អះអាង​ពី​ភាពជាក់លាក់​នៃ​ផែនការ​នេះ​បានឡើយ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​២៦ មីនា​កន្លងទៅ លោក​ប្រធានាធិបតី ក៏បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា លោក នឹង​បណ្តេញ​មន្ត្រី​មួយចំនួន ដែល​យកមុខ​តំណែង​ក្នុង​រដ្ឋាភិបាល​ដើម្បី​គេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​
 
​នាឱកាស​នោះ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ប្រទេស​របស់លោក នឹង​មិនអាច​ក្លាយជា​ប្រទេស​អភិវឌ្ឍ​បានឡើយ ប្រសិនបើ​អំពើពុករលួយ ការបំពានច្បាប់ និង​បញ្ហា​សណ្តាប់ធ្នាប់ នៅតែ​បន្ត​មាន​នោះ​។ លោក លើកឡើង ត្រង់ៗ​ថា មន្ត្រី​ហ្វីលីពីន ពិតជា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ 
 
​លោក​ប្រធានាធិបតី បានកំណត់​សម្គាល់ថា មន្ត្រី​ពុករលួយ ជានិច្ចកាល ប្រើប្រាស់​រូបភាព​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ដើម្បី​កំហែង​យកប្រាក់​ពី​ប្រជាជន ឬ​អ្នកជំនួញ​។ លោក​ប្រធានាធិបតី ហាក់ដូចជា​ដាក់​គោលដៅ​នៃ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ទៅកាន់​មន្ត្រី​ថា្នក់​ក្រោម​ជាតិ ឬ​ថ្នាក់មូលដ្ឋាន ដែលជា​អ្នកធ្វើ​ការជាប់​ជាមួយនឹង​ប្រជាជន ដោយ​លោក អះអាងថា សមាជិក​គណៈរដ្ឋមន្ត្រី ដែល​គ្រប់គ្រង​ដោយ​រូបលោក​ផ្ទាល់ មិនមាន​បញ្ហា​នោះទេ​. គួរ​ជម្រាប​ផងដែរ​ថា ការលុបបំបាត់​អំពើពុករលួយ​ចេញពី​ជួរ​រដ្ឋាភិបាល ក៏​ជា​គោលនយោបាយ​អាទិភាព​មួយ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដូច​ការ​បោសសម្អាត​គ្រឿងញៀន​ផងដែរ​។  ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ លោក​ប្រធានាធិបតី បាន​បណ្តេញ​មន្ត្រី​របស់លោក​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុស​បទបញ្ជា និង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
 ​អាស៊ាន​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com