ជាតិ
សេដ្ឋកិច្ច
ក្រសួង​ស្ដាយ​ចំនួន​ភ្ញៀវ​ដែល​មក​តាម​នាវា​ធំៗ ដោយ​មិនទាន់​អាច​ភ្ជាប់​ទៅលេង​អង្គរ
09, May 2019 , 10:19 pm        
រូបភាព
ភ្ញៀវទេសចរចុះពីនាវាទេសចរណ៍អន្តរជាតិនៅផែព្រះសីហនុ(រូបពីក្រសួង)
ភ្ញៀវទេសចរចុះពីនាវាទេសចរណ៍អន្តរជាតិនៅផែព្រះសីហនុ(រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាងថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើន​ដែល​មក​កម្សាន្ត​តាម​នាវា​ទេសចរណ៍​ចូល​ចត​នៅ​ផែ​ព្រះសីហនុ ក៏​ចង់ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ឬ​កោះ​ផ្សេងៗ​ផងដែរ ប៉ុន្តែ​មិនមាន​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែល​អាច​វិល​វិញ​ទាន់ពេល​ចាកចេញ​របស់​នាវា​។​


 
​បញ្ហា​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១​អាណត្តិ​ទី​៦​របស់​គណៈកម្មការ​អន្តរក្រសួង នៅ​ថ្ងៃទី​៨​ខែឧសភា​។ លោក ហោ សារុន ត្រូវបាន​ស្រង់​សំដី និង​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ដូច្នេះ​ថា​៖«​ភ្ញៀវទេសចរ​ភាគច្រើន​មានបំណង​ទៅ​ទស្សនា​តាម​កោះ​នានា និង​ចង់​ជិះ​យន្តហោះ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ដោយ​វិល​ល្ងាច​ឲ្យ​ទាន់​ជើង​នាវា​ចេញទៅ​វិញ ប៉ុន្តែ​ជាការ​លំបាក នាវា​ទេសចរណ៍​មិនមាន​ម៉ោង​កំណត់​ជាក់លាក់ ហើយ​ជើងហោះហើរ​មិន​ទៀងទាត់​»​។ 
 
​ក្រសួងទេសចរណ៍​ឲ្យ​ដឹងថា ចំណុច​នេះ​ធ្វើ​ឲ្យ​ខាតបង់​ដល់​កំណើន​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយសារ​បញ្ហា​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ភាពមិន​ទៀងទាត់​នៃ​ការចាកចេញ​របស់​នាវា​ទេសចរណ៍​អន្តរជាតិ​ទាំងនោះ​។​
 
​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ នាវា​ទេសចរណ៍​ចំនួន ៣០​គ្រឿង ដោយ​ផ្ទុក​ទេសចរ ២,៩​ម៉ឺន​នាក់​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ការកត់ត្រា​ចំនួន​នាវា​ទេសចរណ៍​ចូល​ចត​កំពង់ផែ​មាន​ចំនួន ៣៧​គ្រឿង កើនឡើង​២៣​ភាគរយ ដែល​ក្នុងនោះ​មាន​ភ្ញៀវ​សរុប  ៤​ម៉ឺន​នាក់ កើនឡើង ៥៩​ភាគរយ​។ នេះ​បើតាម​តួលេខ​ដែល​លើកឡើង​ដោយ​លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ លោក​បញ្ជាក់ថា ជា​មធ្យម​នាវា​ទាំងនោះ​ចូល​ចត​ត្រឹមតែ ១៥​ម៉ោង​ប៉ុណ្ណោះ​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់ ហើយ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​។ លោក​បាន​ណែនាំ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​ជាបន្ទាន់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ ពីព្រោះ​នេះ​មិនមែន​គ្រាន់តែ​ជា​ឱកាស​ដែល​កម្ពុជា​អាច​ចាប់យក​ទេសចរ​ជា​ក្រុម​ធំៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​នៃ​ការត្រៀម​រៀបចំ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២ ផងដែរ​៕
 

Tag:
 នាវា​ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com