អន្តរជាតិ
បិទ PUBG ចោល ក្រុមហ៊ុន​ចិន Tencent ដាក់​ដំណើរការ​ហ្គេម​ថ្មី​ស្រដៀង​គ្នា​ជំនួស​វិញ​
10, May 2019 , 7:19 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​ក្រុមហ៊ុន​យក្ស​ចិន Tencent បាន​លុបចោល​ហ្គេម​ដ៏​ល្បីល្បាញ PUBG ដែល​លេង​លើ​ទូរ​សព្ទ កាលពី​ថ្ងៃ​ពុធ ទី​៨ ខែឧសភា ហើយ​នៅ​ថ្ងៃ​ដដែល​នេះ ក្រុមហ៊ុន​ចិន​នេះ ក៏បាន​ដាក់​ដំណើរការ​ភ្លាមៗ​នូវ​ហ្គេម​ថ្មី​មួយ ដែល​ស្រដៀង​គ្នា​នឹង PUBG ផងដែរ​។ កត្តា​ពីរ ដែល​បណ្តាល​ឲ្យ​ក្រុមហ៊ុន​នេះ​លុបចោល​ហ្គេម PUBG គឺ​ដោយសារតែ ខ្លួន​ពុំ​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋា​បាល​ចិន​ឲ្យ​ទាញយក​ចំណូល​ពី​ហ្គេម​នេះ និង​ដើម្បី​ពង្រឹង​ច្បាប់ទម្លាប់​នៃ​ការចុះឈ្មោះ និង​របៀប​លេង​ហ្គេម​ឲ្យ​បាន​តឹងរ៉ឹង​ជាមុន​។​

 
​បន្ទាប់ពី​បិទ​ហ្គេម PUBG  ក្រុមហ៊ុន​ចិន Tencent ដែល​រកចំណូលបាន​ជា​ង​៤៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨ បានដាក់​បញ្ចូល​ហ្គេម​ឈ្មោះ Game for Peace ទៅក្នុង China Apple Store របស់​ក្រុមហ៊ុន Apple ។ ខុសប្លែក​ពី PUBG ហ្គេម​ប្រភេទ​បាញ់ប្រហារ​ថ្មី​នេះ ទទួលបាន​អាជ្ញា​បណ្ណ​ដើម្បី​ទាញយក​ចំណូល ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ចិន​។ 
 
​មិន​ដល់​២​ថ្ងៃ​ស្រួលបួល​ផង​ក្រោយ​ការដាក់​ដំណើរការ ហ្គេម Game for Peace ឈរ​នៅលើ​កំពូល​តារាង ជា​ហ្គេម​ដែលមាន​គេ​ទាញយក​លេង​ច្រើន​បំផុត​។ នេះ​បើតាម​ទិន្នន័យ​របស់​វេ​ប​សាយ Sensor Tower data ។ សម្រាប់​តួលេខ​នេះ អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​តាម​អន​ឡាញ​នេះ ប៉ាន់​ស្មានថា ហ្គេម​បាញ់ប្រហារ ដែលមាន​ទំនោរ​បង្ហាញ​ពី​ភាព​ស្នេហា​ជាតិ​របស់​ចិន​នេះ អាច​រកចំណូលបានរ​ហូត​ដល់ ១,៤៨​ពាន់​លាន​ឯណោះ​ជាប្រចាំ​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន Tencent ។ 
 
​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​កង្វល់​របស់​អាណាព្យាបាល ជុំវិញ​ផលប៉ះពាល់​របស់​ហ្គេម​អន​ឡាញ​លើ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​កុមារ ហ្គេម Game for Peace បានកំណត់​អាយុ​សម្រាប់​ឲ្យ​អ្នកប្រើប្រាស់​អាច​ទាញយក គឺ​ចាប់ពី​អាយុ​១៦​ឆ្នាំ​ឡើងទៅ​។ ម្យ៉ាងវិញទៀត ទម្រង់​នៃ​ការលេង​នៅក្នុង​ហ្គេម​នេះ ក៏មាន​ការកែប្រែ​ផងដែរ​។ ជា​ឧទាហរណ៍​នោះ តួអង្គ​ក្នុង​ហ្គេម​នេះ ដែល​ត្រូវគេ​បាញ់​ស្លាប់ ពុំ​ហូរឈាម​ឡើយ​។ វា គឺជា​សញ្ញា​វិជ្ជា​មាន​មួយ​ដើម្បី​កាត់បន្ថយ​ភាព​ហិង្សា​នៃ​ហ្គេម​នេះ​។ 
 
​សូមបញ្ជាក់ថា ហ្គេម PUBG លើ​ទូរ​សព្ទ ត្រូវ​បានដាក់​ដំណើរការ​ជា​ផ្លូវការ កាលពី​ខែមីនា ឆ្នាំ​២០១៨ និង​បាន​ក្លាយជា​ហ្គេម​ដ៏​ពេញនិយម​បំផុត​មួយ​ក្នុង​ពិភពលោក​។ ហ្គេម​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង​ឡើយ​ដោយ​ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង​មួយ​ឈ្មោះថា Krafton ដែលមាន​ឈ្មោះ​ពី​ដើម Bluehole ។ តែ​ក្រោយមក ទើប​ត្រូវបាន​ក្រុមហ៊ុន Tencent ទិញ​អាជ្ញា​បណ្ណ​ដើម្បី​អភិវឌ្ឍ និង​ដាក់​សាកល្បង​សម្រាប់​អ្នកប្រើប្រាស់​ក្នុងស្រុក​ខ្លួន​។​
 
​គេ​សង្ស័យ​ផងដែរ​ថា កត្តា​ភូម​សាស្ត្រ​នយោបាយ ក៏​ចូលរួមចំណែក​ក្នុង​ការបិទ​ហ្គេម  PUBG នេះ​ផងដែរ ព្រោះថា រដ្ឋាភិបាល​ចិន អាច​មិន​សប្បាយ​ចិត្តនឹង​ផលិតផល​របស់​កូរ៉េខាងត្បូង​។ តួយ៉ាង ក្នុង​ឆ្នាំ​២០១៧ ក្រុង​ប៉េកាំង បានចាប់ផ្តើម​ធ្វើពហិកា​រ​ផលិតផល និង​សេវាកម្ម​នានា​របស់​កូរ៉េខាងត្បូង ក្រោយពី​ក្រុង​សេ​អ៊ូ​ល បាន​យល់ព្រម​ដាក់​ដំឡើង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល THAAD របស់​សហរដ្ឋអាមេរិក លើ​ព្រំដែន​ខ្លួន ជាប់​នឹង​កូរ៉េខាងជើង​៕
 

Tag:
 ចិន​
  ហ្គេម PUBG
  Tencent
© រក្សាសិទ្ធិដោយ thmeythmey.com