អន្តរជាតិ
UN បារម្ភ ក្រោយ​អាមេរិក​វាស់ដី​ឲ្យ​ប្រមុខ​ការទូត​អុីរ៉ង់​ដើរ​នៅ New York
16, Jul 2019 , 9:45 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ ។ រូបភាព AFP
​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៥ ខែកក្កដា បានបង្ហាញ​ក្ដីបារម្ភ​ជុំវិញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​កំណត់​ទីតាំង​ធ្វើដំណើ​រ​ឲ្យ​ប្រមុខ​ការទូត​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ ។ ការ​រឹតត្បិត​នេះ ជា​រឿង​មិនធម្មតា​មួយ ដ្បិត​លោក ហ្សា​រី​ហ្វ ត្រូវ​ចូលរួម​កិច្ចប្រជុំ​សំខាន់​មួយ​របស់​អង្គការសហប្រជាជាតិ​នៅ​បុរី New York ។ អង្គការសហប្រជាជាតិ កំពុង​ជជែក​ជាមួយ​បេសកកម្ម​អ៊ីរ៉ង់​ប្រចាំ New York និង​អាជ្ញាធរ​អាមេរិក​ពី​ការ​រឹតត្បិត​នេះ​។  

 
​ជា​រឿង​កម្រ​មាន អាមេរិក បាន​វាស់ដី​ឲ្យ​មន្ត្រី​បរទេស​ជាន់ខ្ពស់​ដើរ ទោះជា​ភ្ញៀវ​របស់​អង្គការសហប្រជាជាតិ (UN) ក៏ដោយ​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ ត្រូវបាន​អាមេរិក​ហាមឃាត់​មិន​ធ្វើ​ឲ្យ​ដំណើរ​ទៅណា​មក​ណា​ឡើយ​ក្រៅពី​ទីតាំង​ស្ថាន​បេសកកម្ម​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ​ក្នុង​សង្កាត់ Manhattan ទីក្រុង New York ។ លោក ហ្សា​រី​ហ្វ កំពុង​ស្ថិតនៅ​ទឹកដី​អាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​
 
​ពាក់ព័ន្ធ​ការ​រឹតត្បិត​ការធ្វើដំណើរ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រាប់​កាសែត Washington Post ថា អាមេរិក​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក ហ្សា​រី​ហ្វ មែន តែ​មន្ត្រី​អ៊ីរ៉ង់​រូបនេះ​មិនអាច​ដើរហើរ​ដោយ​សេរី​ក្នុង​ទីក្រុង New York បានឡើយ ព្រោះ​មន្ត្រី​អាមេរិក​ក៏​មិនអាច​ដើរលេង​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ដែរ​។ លោក ប៉ុ​ម​ប៉េ​អូ ចោទ​លោក ហ្សា​រី​ហ្វ ថា ប្រើប្រាស់​សេរីភាព​ដែល​អាមេរិក​ផ្ដល់​ឲ្យ​ដើម្បី​ឃោសនា​រឿង​មិនល្អ​។​
 
​ជុំវិញ​ការកំណត់​ទីតាំង​ដើរហើរ​លើ​ភ្ញៀវ​របស់ខ្លួន​នេះ អង្គការសហប្រជាជាតិ​ក៏បាន​សួរនាំ​អាមេរិក​ដែរ​។ អ្នកនាំពាក្យ UN លោក Farhan Haq ប្រាប់​អ្នកសារព័ត៌មាន​ថា លេខាធិការដ្ឋាន UN បាន​ទាក់ទង​ទៅកាន់​ស្ថាន​តំណាង​របស់​អ៊ីរ៉ង់ និង​អាមេរិក​អំពី​ការ​រឹតត្បិត​ការធ្វើដំណើរ​របស់លោក ហ្សា​រី​ហ្វ និង​បានបង្ហាញ​ការព្រួយបារម្ភ​ទៅកាន់​អាមេរិក​ដែលជា​ម្ចាស់ផ្ទះ​ផងដែរ​។​
 
​ជា​ប្រទេស​ម្ចាស់ផ្ទះ និង​ជាទី​តាំង​ធំ​របស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​មួយ​នេះ​ក្នុង​ការផ្ដល់​ទិដ្ឋាការ​រហ័ស​ឲ្យ​មន្ត្រី​បរទេស​ដែលមាន​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ ហើយ​ជា​រឿង​កម្រ​ទិដ្ឋាការ​ត្រូវបាន​បដិសេធ​នោះ​។ ប៉ុន្តែ​ជា​ញឹកញយ មន្ត្រី​បរទេស​ដែលមាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​អាមេរិក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរហើរ​ចេញ​ក្រៅពី​តំបន់​Columbus Circle ឡើយ​។  
 
​ទោះ​ត្រូវ​បង្ខាំង​ឲ្យ​ស្ថិតក្នុង​បរិវេណ​ស្ថាន​បេសកកម្ម​ខ្លួន​ក្ដី លោក ហ្សា​រី​ហ្វ នៅតែ​អាច​រក​ផ្លូវ​ដើម្បី​បញ្ចេញ​សារ​របស់ខ្លួន​បាន​ដដែល​។ ដូច​ទម្លាប់​ពេល​ទៅ​ប្រជុំ​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​រាល់ដង ប្រមុខ​ការទូត​អ៊ីរ៉ង់​ដែល​និយាយ​ភាសា​អង់គ្លេស​រអិលមាត់ បានទទួល​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ដដែល​។ លោក ហ្សា​រី​ហ្វ ដែលជា​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​នោះ ក៏​រង​ទណ្ឌកម្ម​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ដាក់​រដ្ឋបាល​អាមេរិក​ផងដែរ​៕ 
 

Tag:
 UN
  អាមេរិក​
  អ៊ីរ៉ង់​
  ចា​វ៉ាដ ហ្សា​រី​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com