ខ្មែរ​ក្រហម
ជាតិ
ជំនាញការ UN៖ វិបត្តិ​ថវិកា​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​ជា​បរាជ័យ​របស់​កម្ពុជា
05, Sep 2013 , 3:37 pm        
រូបភាព
ដោយ:
លោក David Scheffer អ្នកជំនាញការ​ពិសេស របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​ផ្តល់ជំនួយ ទៅឱ្យ​សាលាក្ដី​ខ្មែរក្រហម បាន​លើកឡើងថា៖«វិបត្តិ​ថវិកា​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម គឺជា​ផ្នែក​មួយ​នៃ​ការបរាជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បំពេញ​កាត​ព្វ​តាម​កិច្ច​ផ្លូវច្បាប់​របស់ខ្លួន សម្រាប់​ជំនួយ​ដល់​ប្រាក់ខែ​របស់​បុគ្គលិក ភាគី​ជាតិ​ភាគច្រើន នៅក្នុង​តុលាការ​នេះ»។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​របស់លោក ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ។


អ្នកជំនាញការ​រូបនេះ​ក៏បាន​លើកឡើង​ដែរ​ថា៖«ជា​អកុសល​ឥឡូវ​ស្ថានភាព​នេះ បាន​នាំឱ្យ​បុគ្គលិក ជាតិ​ធ្វើ​កូដកម្ម ដែល​វា​អាចជា​ការបង្អាក់​ដល់ ការងារ​ដ៏សំខាន់ៗបន្ថែមទៀត នៅលើ​សំណុំរឿង 00២ [...] ប្រជាជន​កម្ពុជា រំពឹងថា​នឹង​ផ្ដល់ជូន​ពួកគេ​នូវ​យុត្តិធម៌​មួយ​យ៉ាង​ពេញលេញ​នោះ»។

លោក​បាន​បន្តថា៖«អង្គការសហប្រជាជាតិ បាន​រំលឹក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ម្តង​ហើយ​ម្តងទៀត ដើម្បី​បន្ដ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​របស់ខ្លួន ដើម្បី​ជៀសវាង​នូវ​វិបត្តិ​បែបនេះ»។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ថ្លែង​ជា​សាធារណៈ នៅឯ​ទីក្រុង​ឡាអេ កាលពី​ថ្ងៃទី២៨ ខែសីហា​ថា៖«ការរស់រានមានជីវិត​របស់​តុលាការ​នេះ ឥឡូវនេះ​វា​ស្ថិតនៅ​ជា​សំណួរ​នៅឡើយ​ទេ»។
 
គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​អង្គការសហប្រជាជាតិកំពូលៗនិង លោក Scheffer បាន​ពិភាក្សាគ្នា​ជាច្រើន និង​ជួប​ជាមួយ​លោក សុខ អាន និង​ជួប​ជាមួយ​មន្ត្រី​នៃ​រដ្ឋាភិបាល ប្រទេស​ម្ចាស់ជំនួយសំខាន់ៗជាច្រើន​ទៀត នៅក្នុង​ទីក្រុង New York នៅ​រាជធានី​ភ្នំពេញ និង​នៅក្នុង​រដ្ឋសភា​របស់​ពួកគេ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ខាងលើនេះ។

កាលពី​ខែសីហា​លោក Scheffer បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​នៅក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​ប្រទេស​ព្រុយ​ណេ ឥណ្ឌូនេស៊ី  ម៉ាឡេស៊ី​និង ប្រទេស​សិង្ហ​បុរី  ដើម្បី​ស្វែងរក​ការផ្តល់​មូលនិធិ សម្រាប់​គាំទ្រ​ថវិកា​សម្រាប់​ភាគី​ជាតិ​ឆ្នាំ២០១៤ផងដែរ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com