អន្តរជាតិ
ស៊ែ​ប៊ី ផ្តល់​សញ្ជាតិ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់
09, Aug 2019 , 9:45 am        
រូបភាព
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រុីថៃ (AFP)
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រុីថៃ (AFP)
ដោយ:
​រដ្ឋាភិបាល​ស៊ែ​ប៊ី បានសម្រេច​ផ្តល់​សញ្ជាតិ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​គេច​ពីបទ​ចោទ​ពាក់ព័ន្ធ​គម្រោង​ទិញស្រូវ​អង្ករ​តម្លៃថោក​។​

 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៨ ខែមិថុនា រដ្ឋាភិបាល​ស៊ែ​ប៊ី បានសម្រេច​ចិត្ត​ផ្តល់​សញ្ជាតិ​ដល់​លោកស្រី យី​ង​ឡាក់ កាលពី​ថ្ងៃទី ២៧ ខែមិថុនា ដោយ​លើក​ហេតុផល​ច្បាប់​ថា​៖ «​ជនជាតិ​បរទេស​ម្នាក់ អាច​ទទួលបាន​សញ្ជាតិ​ស៊េ​ប៊ី​បាន ប្រសិនបើ​វា​មាន​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​ប្រទេស​»​។ 
 
​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ស៊េ​ប៊ី លោកស្រី យី​ង​ឡាក់ អាចធ្វើ​ដំណើរ​ទៅជា​ង​១០០​ប្រទេស​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ​ដែល​ក្នុងនោះ​ក៏មាន ភាគច្រើន​នៃ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។​
 
​លោកស្រី យី​ង​ឡាក់ អាយុ ៥២​ឆ្នាំ បាន​រត់គេច​ពី​ចាប់ខ្លួន​ក្នុងប្រទេស​ថៃ ទៅកាន់​ឌូ​បៃ និង​បាន​ទៅ​ស្នាក់អាស្រ័យ​ជាមួយ​បងប្រុស​បង្កើត​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ។ លោក ថាក់ស៊ីន ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ម្នាក់​ផងដែរ ដែល​បាន​ភៀសខ្លួន​ទៅ​នៅ​បរទេស ដើម្បី​រត់គេច​ពី​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុង​ឆ្នាំ​២០០៦​។ 
 
​ដោយឡែក ក្នុង​ឆ្នាំ​២០១០ លោក ថាក់ស៊ីន ទទួលបាន​សញ្ជាតិ​កិត្តិយស​ពី​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ ដែលជា​រដ្ឋ​មួយ​នៅ​ឧបទ្វីប​បាល់​កង់​។​
 
​សូមបញ្ជាក់ថា លោកស្រី យី​ង​ឡាក់ ស្ថិតក្នុង​គ្រួសារ​ត្រកូល​ស៊ីណា​វ៉ា​ត់ ដែល​គ្របដណ្តប់​នយោបាយ​ថៃ​អស់​រយៈពេល​ជាង ១៥​ឆ្នាំ​។ លោកស្រី អះអាងថា គ្មាន​កំហុស​ចំពោះ​បទ​ចោទ​របស់​ព្រះរាជអាជ្ញា​ថៃ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ទិញស្រូវ ដែល​លោកស្រី​បាន​អនុវត្ត ក្រោយពី​ចូលកាន់​តំណែង​ជា​ស្ត្រី​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​ថៃ កាលពី​ឆ្នាំ​២០១១​។ លោកស្រី ប្រឈម​នឹង​ជាប់ពន្ធ​ធនាគារ ១០​ឆ្នាំ ប្រសិន​ត្រឡប់​ចូល​ស្រុក​វិញ​៕
 

Tag:
 ស៊េ​ប៊ី​
  ថៃ​
  យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់​ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com