ជាតិ
សម្ដេច ស ខេង​៖ ត្រូវ​កំណត់​តួនាទី​មន្ត្រី​ក្រសួង​នីមួយៗ​តាម​មូលដ្ឋាន​ឲ្យ​ច្បាស់ ចៀសវាង​ខាត​ប្រាក់ខែ​រដ្ឋ​
14, Aug 2019 , 11:05 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង បាន​ជំរុញ​ឲ្យ​ក្រសួង ដែលមាន​មន្ត្រី​របស់ខ្លួន​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស​ថ្នាក់ក្រុង​-​ស្រុក ត្រូវ​រៀបចំ​មុខងារ ភារកិច្ច ឲ្យ​ច្បាស់លាស់ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​មូលដ្ឋាន​។ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​លើកឡើងថា បើ​មិន​ប្រគល់​ភារកិច្ច​ច្បាស់លាស់​ទេ នោះ​នឹង​ចំណាយ​ថវិកា​របស់​រដ្ឋ ដោយ​មិន​ទទួលលទ្ធផល​ការងារ​តបស្នង​មកវិញ​។​


 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ក្នុង​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និង​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៣​ខែសីហា ៖



 
«​យើង​មានបំណង​កែ​រចនាសម្ព័ន្ធ​នៅ​ថ្នាក់ស្រុក​ផង ហើយនឹង​ជាប់​ជាមួយនឹង​ការផ្ទេរ​មុខងារ​អ្វីដែល​ថ្នាក់ស្រុក ក្រុង អាចធ្វើ​បាន បើ​មិន​ដូច្នេះ​ទេ​ថ្នាក់រដ្ឋបាល​មួយ​នេះ​យើង​ហាក់ដូចជា​ទុកចោល ដោយ​ការខាតបង់​ថវិកា​ច្រើន​សន្ធឹកសន្ធាប់​»​។ នេះ​ជាការ​ថ្លែង​របស់​សម្ដេច ស ខេង ។​
 
​សម្ដេច ស ខេង ឲ្យ​ដឹងថា ការកំណត់​តួនាទី ភារកិច្ច​របស់​អង្គភាព មន្ត្រី​ថ្នាក់ស្រុក ក្រុង របស់​ក្រសួង​នីមួយៗ គឺ​សំខាន់​ណាស់​។ សម្ដេច​បញ្ជាក់​ដូចនេះ​ថា​៖«​ដូច្នេះ​យើង​ត្រូវ​ចាត់​ឲ្យ​មាន​តួនាទី​ច្បាស់លាស់ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បាន​រីកចម្រើន ហើយ​គ្រប់​ស្រុក ក្រុង ធ្វើបែបនេះ នោះ​ប្រទេសជាតិ​របស់​យើង​រីកចម្រើន ដោយ​មិនអាច​ពឹងពាក់​តែ​ក្រសួង​ស្ថាប័ន​នៅ​ខាងលើ​នោះទេ​»៕
 

Tag:
 ស ខេង​
  រដ្ឋបាល​
© រក្សាសិទ្ធិដោយ thmeythmey.com