កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool ឡើងឈរ​លេខ​១ ខណៈ Chelsea មិនទាន់​ស្គាល់​ជ័យជម្នះ​
19, Aug 2019 , 11:33 am        
រូបភាព
​ជ័យជម្នះ ២-១ លើ​ក្រុម Southampton ក្នុងជំនួប​សប្តាហ៍​ទី​២ នៅ​ថ្ងៃទី​១៧ ខែសីហា បាន​នាំ​ឲ្យ Liverpool ឡើងឈរ​កំពូល​តារាង Premier League បណ្តោះអាសន្ន​វិញ ជំនួស Manchester City ដែល​ធ្លាក់​ទៅ​លេខ​៣ ក្រោយ​ស្មើ​ជាមួយ Spurs ១-១​។ Chelsea ក្រោម​ការដឹកនាំ​របស់ Frank Lampard នៅ​មិនទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​ទេ​ក្រោយ​ប្រកួត​ចាញ់​មួយ​និង​ស្មើ​មួយ​។​


 
​ក្រោយ​ចាញ់ Manchester United ៤-០ ក្នុងជំនួប​បើកឆាក ក្រុម​តោ​ខៀវ នៅ​មិនទាន់​ស្វែងរក​ការ​ឈ្នះ​របស់ខ្លួន​នៅឡើយ​ទេ ក្រោយ​ស្មើ​ជាមួយ Leicester City ១-១ ក្នុងផ្ទះ​ខ្លួនឯង​នៅ​យប់​ថ្ងៃទី​១៨ ខែសីហា​។​
 
​ខ្សែបម្រើ​វ័យ ២០ ឆ្នាំ Mason Mount ជា​អ្នក​រកបាន​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Lampard តាំងពី​៧​នាទី​ដំបូង​ម្លេះ ប៉ុន្តែ Wilfred Ndidi បាន​ស៊ុត​តាម​ស្មើ​ឲ្យ Leicester នៅ​នាទី​៦៧ វិញ ដើម្បី​បញ្ចប់​ក្តី​រំពឹង​របស់ Chelsea ក្នុង​ការយក​៣​ពិន្ទុ​ដំបូង​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។ ឆ្លងកាត់​ការប្រកួត​២​លើក Chelsea រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ឈរ​ចំណាត់ថ្នាក់​ទី​១៥ ខណៈ Leicester ដែល​ស្មើ​ទាំងពីរ​លើក​មាន​២​ពិន្ទុ​នៅ​លេខ​រៀង​ទី​១២ ក្នុង​តារាង​លី​គក​ពូ​ល​អង់គ្លេស​បណ្តោះអាសន្ន​។​
 
​ជ័យជម្នះ​២​ប្រកួត​បាន​រុញ Liverpool ឡើង​ជំនួស​តំណែង​កំពូល​តារាង​របស់ Man City ដែល​ស្មើ​ជាមួយ Spurs ១-១ ស្របពេល Arsenal ដែល​យកឈ្នះ Burnley ២-១ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​។ មេឃ​ខៀវ​មាន​៤​ពិន្ទុ​ធ្លាក់​ទៅ​លេខ​៤​វិញ ហើយ Spurs ដែលមាន​៤​ពិន្ទុ​ដែរ​ឈរ​លេខ​៥​។​
 
​ដោយឡែក Manchester United ត្រូវ​តតាំង​ជាមួយ Wolverhampton Wanderers សម្រាប់​ជំនួប​សប្តាហ៍​ទី​២​របស់​ពួកគេ និង​ជាការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​ផងដែរ​៕
 
​លទ្ធផល​ការប្រកួត​សប្តាហ៍​ទី​២​នៃ​ក្របខណ្ឌ Premier League៖
 
-​ ​Arsenal ២ – ១ Burnley
-​ ​Aston Villa ១ –២ AFC Bournemouth
-​ ​Brighton & Hove Albion ១ – ១ West Ham United
-​ ​Everton ១ – ០ Watford
-​ ​Norwich City ៣ – ១ Newcastle United
-​ ​Southampton ១ – ២ Liverpool
-​ ​Manchester City ២ – ២ Tottenham Hotspur
-​ ​Sheffield United ១ – ០ Crystal Palace
-​ ​Chelsea ១ – ១ Leicester City
-​ ​Wolverhampton Wanderers ? - ? Manchester United

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com