អន្តរជាតិ
អតីត​អធិរាជ​នី​ជប៉ុន បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​មហារីកព្រះ​ថនា
10, Sep 2019 , 9:42 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អតីត​អធិរាជ​នី​ជប៉ុន Michiko ត្រូវ​បានទទួល​ការវះកាត់​នៅ​ថ្ងៃទី​៨ កញ្ញា បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺមហារីក​ព្រះថនា(សុដន់)​ ​ដំណាក់កាល​ដំបូង​ក្នុង​ព្រះជន្ម​៨៤​វស្សា​។ នេះ​បើតាម​ការប្រកាស​របស់​ទីភ្នាក់ងារ​រាជវង្ស​ជប៉ុន​។​



​ការវះកាត់​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​៨ ខែកញ្ញា តាម​ការកំណត់ នៅឯ​មន្ទីរពេទ្យ​នៃ​សកល​វិទ្យាល័យ​ទីក្រុង​តូ​ក្យូ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការវះកាត់​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ។ វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា គ្មាន​រោគសញ្ញា​នៃ​ការរីក​រាលដាល​នោះទេ ហើយ​ទ្រង់​នឹង​បាន​ធូរស្បើយ​នៅក្នុង​រយៈពេល​ពីរ ទៅ​បី​ថ្ងៃ​។​

​សូមបញ្ជាក់ថា អធិរាជ​នី Michiko ជា​មហេសី​អតីត​អធិរាជ​ជប៉ុន Akihito បានដាក់​រាជសម្បត្តិ​ក្នុង​ខែមេសា​។ អតីត​អធិរាជ ក៏បាន​បាន​យាង​ទៅ​សូរ​សុខទុក្ខ​មហេសី​រប​ស់​ទ្រង់ មុនពេល​វះកាត់​ជាមួយ​បុត្រី Sayako Kuroda ដែល​បាន​ចាក​ចេញពី​ខ្សែ​រាជវង្ស ដើម្បី​ទៅ​រៀបការ​ជាមួយ​សាមញ្ញ​ជន​។​

​អតីត​អធិរាជ​នី Michiko ជា​សាមញ្ញ​ជន​ដំបូង​គេ​ដែល​បាន​រៀប​ការចូល​រាជវង្ស​ជប៉ុន​។ ទ្រង់​ប្រសូត នៅ​ឆ្នាំ​១៩៣៤ ក្នុង​ទីក្រុង​តូ​ក្យូ​។ ទ្រង់​បាន​បង្កើត​បុត្រា​ច្បង Naruhito កាលពី​ឆ្នាំ ១៩៦០ និង​បុត្រា​ទី​ពីរ Akishino ក្នុង​ឆ្នាំ ១៩៦៥​។
​គួរ​បញ្ជាក់ថា អតីត​ម្ចាស់​ក្ស​ត្រី Michiko និង​ស្វាមី​បាន​រៀប​អភិ​សេធ​តាំងពី​ឆ្នាំ ១៩៥៩៕


© រក្សាសិទ្ធិដោយ thmeythmey.com