អន្តរជាតិ
អ្នកក្រ​នៅ​ហ្វីលីពីន រើស​អាហារ​គេ​បោះចោល​ពី​គំនរ​សំរាម​មក​បរិភោគ​បន្ត​
27, Sep 2019 , 1:59 pm        
រូបភាព
ដោយ:
​ជីវិត​នៅ​តំបន់​អនាធិបតេយ្យ​នៃ​ទីក្រុង​ម៉ានីល អាចជា​ការពិបាក​ខ្លាំង ហើយ​ការរក​ចំណីអាហារ​សម្រាប់​ទទួល​ទាន​ជា​រៀងរាល់ថ្ងៃ ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ផងដែរ​។ ហេតុនេះហើយ​ធ្វើ​ឲ្យ «​ផាង​ផាង ឬ Pagpag» ពេញនិយម​ខ្លាំង​។ ពាក្យ​នេះ​សំដៅលើ សាច់​ដែល​រើស​ចេញពី​គំនរ​សំរាម សម្អាត និង​ចម្អិន​ម្តងទៀត​ទៅជា​ម្ហូបអាហារ​ដែលមាន​តម្លៃ​ទាប​។



​បច្ចុប្បន្ន Pagpag បាន​ក្លាយជា​អាជីវកម្ម​ដែល​រកប្រាក់​ចំណេញ​ច្រើន​គួរសម ព្រោះថា ម្ចាស់​ហាង​អាហារ​ខ្នាតតូច​ជាច្រើន​ក្នុងប្រទេស​ហ្វីលីពីន ជាពិសេស​ក្នុង​តំបន់​អនាធិបតេយ្យ នាំគ្នា​ទិញ​សាច់​ទាំងនោះ​ពី​អ្នកដើរ​រើស ។ សាច់ Pagpag មួយថង់ ជាធម្មតា លក់​ក្នុងតម្លៃ ២០ ប៉េ​សូ (០,៥០​ដុល្លារ​) ហើយ​បរិមាណ​សាច់​នេះ គ្រប់គ្រាន់​សម្រាប់​ម្ចាស់​ហាង​អាហារ នៅ​តំបន់​អនាធិបតេយ្យ​ចម្អិនម្ហូប​បាន​៤​ទៅ​៥​ចាន​។ ហើយ​ក្នុង​មួយ​ចាន ពួកគេ អាច​លក់​ក្នុងតម្លៃ ១០​ប៉េ​សូ (០,២៥​ដុល្លារ​)​។

​មុនពេល​ចម្អិន​សាច់​ម្តងទៀត វា​ត្រូវ​លាង​សម្អាត​ជាមុនសិន​ដើម្បី​យក​សំរាម​ចេញ ហើយ​ឆ្អឹង​ក៏ត្រូវ​បាន​យកចេញ​ផងដែរ​។ បន្ទាប់មក វា​ផ្សំ​ជាមួយ​គ្រឿងទេស បន្លែ និង​ទឹកម្ទេស ហើយ​ដាក់​ឲ្យ​អតិថិជន​បរិភោគ​។

​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ម្នាក់​ដែល​រស់នៅ​តំបន់​អានាធិបតេយ្យ​នៅ​ទីក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន និយាយថា​៖ «​ដោយ​ប្រើ​ជីវិត​រស់នៅ​បែបនេះ វា​ជួយ​យើង​បាន​ច្រើន ព្រោះថា​ពេល​ទិញ​សាច់​តែមួយ​ថង់ ដែលមាន​តម្លៃ​ត្រឹមតែ ពីរ ឬ​បី​ប៉េ​សូ អ្នក​អាច​ចិញ្ចឹម​គ្រួសារ​មួយ​ទាំងមូល​រួចទៅហើយ​»​។​

​ទោះបីជា​សាច់​បែបនេះ​ត្រូវបាន​បរិភោគ​ដោយ​មនុស្ស​ម្នាក់ទៀត មុនពេល​ត្រូវបាន​គេបោះបង់​ចោល​ក៏ដោយ ប្រជាជន​ក្រីក្រ​ហ្វីលីពីន​ខ្លះ ជឿថា វា​មាន​សុវត្ថិភាព​ក្នុងការ​បរិភោគ ព្រោះ​វា​ត្រូវ​លាង​មុនពេល​យកទៅ​ចម្អិន​ជាថ្មី​។ អ្នកខ្លះ ថែមទាំង​ចាត់ទុក​វា​ថា ឈ្ងុយឆ្ងាញ់ និង​មាន​សារធាតុចិញ្ចឹម​ទៀតផង​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​ក្នុងប្រទេស​នេះ ចាត់ទុក​វា​ជា​ហានិភ័យ​សុខភាព​ដ៏​ធំ​មួយ ដូចជា ជំងឺ​រលាក​ថ្លើម​, គ្រុនពោះវៀន​, រាករូស និង​អាសន្នរោគ​ជាដើម​៕

​ប្រភព​វីដេអូ BBC :


Tag:
 ហ្វីលីពីន​
  អ្នកក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com