អន្តរជាតិ
ឥណ្ឌូណេស៊ី​រំពឹងថា ទឹកភ្លៀងនឹងជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​
02, Oct 2019 , 7:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ភ្នាក់ងារ​ទប់ស្កាត់​គ្រោះមហន្តរាយ​របស់​ឥណ្ឌូណេស៊ី (BNPB) បាន​រំពឹងទុក​ថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆាបឆេះ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា និង​នៅ​កាលី​ម៉ាន់​តាន់ ដែលជា​ផ្នែក​នៃ​កោះ​បរ​ណេ នឹង​រលត់​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​ការមកដល់​រដូវវស្សា​។​



​ឥណ្ឌូណេស៊ី បាន​ចំណាយពេល​អស់​រាប់​ខែ​ក្នុងការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​។ ជារឿយៗ វា​បណ្តាលមកពី​ការកាប់បំផ្លាញ និង​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ក៏ដូចជា​ការកើនឡើង​កម្តៅ​ផ្ទៃ​លើទឹក​សមុទ្រ​នៅក្នុង​ខែប្រាំង​ជា​រៀងរាល់ឆ្នាំ ហើយ​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ពាសពេញ​តំបន់​។ ការ​ចូលដល់​រដូវវស្សា បានផ្ដល់​ក្ដីសង្ឃឹម​ដល់​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​។

​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៣០ ខែកញ្ញា លោក Agus Wibowo អ្នកនាំពាក្យ​ភ្នាក់ងារ​ទប់ស្កាត់​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី បញ្ជាក់ថា បើ​របាយ​ការ​ណ៏​នានា ប្រមូលបាន​ពី​រូបភាព​ដែល​ថត​តាមរយៈ​ផ្កាយរណប និង​ការអង្កេត​ផ្ទាល់​នៅ​កន្លែងកើតហេតុ ករណី​ភ្លើង​ឆេះ​ព្រៃ អាច​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​។ លោក​បន្តថា ភ្លើង​ឆេះ​ព្រៃ​បាន​រលត់​អស់​៧៨​ភាគរយ ក្នុងអំឡុង​ថ្ងៃទី​២៦ ដល់ទី​២៨ ខែកញ្ញា ហើយនឹង​រលត់​ទាំងស្រុង​នាពេល​ឆាប់ៗ​នេះ​។

​ប្រទេស​ឥណ្ឌូណេស៊ី​បានដាក់​ពង្រាយ​បុគ្គលិក​ជាង​២៩​ពាន់​នាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ​នេះ ស្រប​ពេលដែល​យន្ដហោះ​រាប់សិប​គ្រឿង បាន​បាញ់​ទឹក​និង​បង្កើត​ពពក​ដើម្បី​បង្ក​ជា​ភ្លៀង​។ បើតាម BNPB ភ្លៀង​បាន​ធ្លាក់​នៅក្នុង​តំបន់​ដូចជា Riau, Jambi និង South Sumatra ក៏ដូចជា​នៅ​ខេត្ត​កាលី​ម៉ាន់​តាន់​កណ្ដាល​នៃ​កោះ​បរ​ណេ​អូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ព្រៃឈើ​ជាង ៣២​ម៉ឺន​ហិកតា​ត្រូវបាន​ដុតបំផ្លាញ​ពី​ខែមករា​ដល់​ខែសីហា​ក្នុងឆ្នាំនេះ​។ មហន្តរាយ​នេះ​បាន​គេ​មើលឃើញថា ជាការ​ខូចខាត​ដ៏​អាក្រក់​បំផុត​ចំពោះ​ព្រៃឈើ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​៕


© រក្សាសិទ្ធិដោយ thmeythmey.com