អន្តរជាតិ
កូរ៉េខាងជើង​៖ គ្មាន​កិច្ចចរចា​ឡើយ លុះត្រាតែ​អាមេរិក​ឈប់​ប្រើ​គោលនយោបាយ​គ្រោះថ្នាក់​
07, Oct 2019 , 9:59 pm        
រូបភាព
ដោយ​៖ ងួន សុ​ភាវ​ត្តី​   

​នៅ​ថ្ងៃទី​៦ ខែតុលា កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​គ្មាន​បំណង​បន្ត​កិច្ចចរចារ​រឿង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ទៀត​ទេ បើ​អាមេរិក​នៅតែ​រក្សា​ឥរិយាបថ​ចាស់ និង​ប្រើ​គោលនយោបាយ​មិនត្រូវ​គ្នា​ជាមួយ​ខ្លួន​ទៀត​។​


​    ​
​កិច្ច​ជំនួប​រវាង​មន្ត្រី​ក្រុមការងារ​រវាង​អាមេរិក និង​កូរ៉េខាងជើង​នៅឯ​ទឹកដី​ស៊ុយអែត ត្រូវបាន​បញ្ចប់ទៅ​វិញ​ដោយ​គ្មាន​លទ្ធផល ព្រោះ​កូរ៉េខាងជើង​បាន​ដើរចេញ​។ កូរ៉េខាងជើង​ដែល​បាន​ដើរ​ចេញពី​កិច្ចចរចា​លើកដំបូង​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​តាំងពី​ជំនួប​មេដឹកនាំ​ខែមិថុនា បាន​និយាយថា ខ្លួន​ខកចិត្ត​លើ​ដំណោះស្រាយ​ដែលមាន​ចន្លោះ​ខ្វះខាត​របស់​អាមេរិក​ក្នុងការ​ដាក់ចេញ​គោលនយោបាយ​ថ្មី​និង​មានគំនិត​ថ្មី​។​
​    ​
​ក្រោយ​ជំនួប​គ្មាន​បាន​ផ្លែផ្កា​នេះ ក្រុង​ព្យុងយ៉ាង ហាក់​អស់ចិត្ត​ចរចា​ឡើងវិញ​ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់ ថា​៖ «​យើង​គ្មាន​អារម្មណ៍​ក្នុង​ការបន្ត​កិច្ច​ជំនួប​ដែល​គ្មាន​ប្រយោជន៍​នេះ​ទេ ដូច​ពេលកន្លងមក​សហរដ្ឋអាមេរិក​នូវតែ​បង្ហាញ​ជំហរ​មិន​ដក​គោលនយោបាយ​គ្រោះថ្នាក់​ចំពោះ​កូរ៉េខាងជើង​ដដែល​»​។​

​អ្នកនាំពាក្យ​រូបនេះ​ក៏បាន​គំរាម​ផងដែរ​ថា កិច្ច​ជំនួប​រវាង​ប្រទេស​ទាំងពីរ​អាច​នឹង​បញ្ឈប់​ទាំងស្រុង បើ​អាមេរិក​មិន​ផ្លាស់ប្តូរ​ជំហរ​។ មន្ត្រី​ដដែល​បញ្ជាក់ថា វាសនា​នៃ​កិច្ច​ជំនួប​ប្រទេស​ទាំងពីរ​គឺ​ស្ថិតនៅលើ​ឥរិយាបថ​របស់​សហរ​ដ្ឋ​អាមេរិក ហើយ​ចុង​ឆ្នាំនេះ​ជា​ពេល​កំណត់​។​
​    ​
​នៅ​​ទឹកដី​ស៊ុយអែត​ដែលជា​ម្ចាស់ផ្ទះ​ចរចា​វិញ អ្នកចរចា​អាវុធ​នុយក្លេអ៊ែរ​ខាង​កូរ៉េខាងជើង​លោក Kim Myong Gil បាន​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ពី​ការមិន​បោះបង់ចោល​ឥរិយាបថ​ចាស់ ដែល​តែងតែ​ធ្វើអោយ​កិច្ច​ជំនួប​ប្រទេស​ទាំងពីរ​បញ្ចប់​ទៅដោយ​គ្មាន​លទ្ធផល​។

​ប៉ុន្តែ​ខាង​សហរដ្ឋអាមេរិក​វិញ​បាន​និយាយថា កិច្ច​ជំនួប​ប្រទេស​ទាំង​ពីរបាន​ប្រព្រឹត្តទៅ​ជាមួយនឹង​ការពិភាក្សា​យ៉ាង​ល្អ​មួយ​ទៅវិញ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លើកឡើងថា ការនិយាយ​របស់​កូរ៉េខាងជើង​មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​អង្គប្រជុំ​រយៈពេល​៨​ម៉ោង​កន្លះ​នេះ​ទេ​។​

​ជំនួប​នៅ​ទីក្រុង​ស្តុក​ខុល ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​បាន​អភិវឌ្ឍ​សមត្ថភាព​ការពារ​ថ្មី រួម​ជាមួយនឹង​ការសាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​។ យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មិនឃើញ​ពី​បញ្ហា​ចំពោះ​រឿងនេះ​ទេ ហើយ​ថែមទាំង​បញ្ជាក់ថា ទំនាក់ទំនង​លោក​ជាមួយ​មេ​ដឹក​កូរ៉េខាងជើង​នៅតែ​ល្អ​នឹង​គ្នា​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com