អន្តរជាតិ
ធនាគារ​អូស្ត្រាលី​មួយ​រង​ការចោទប្រកាន់​ពី​ការលាង​លុយ​និង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម​រាប់លាន​ដុល្លារ​
27, Nov 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ស៊ីដនី ៖ ធនាគារ Westpac អាច​នឹងត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់​យ៉ាងច្រើន​។ ធនាគារ​ដ៏​ធំ​របស់​អូស្ត្រាលី​មួយ​នេះ​កំពុង​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់​ពី​សំណាក់​បញ្ញត្តិ​ករ ដែល​អះអាងថា ធនាគារ​នេះ​មិន​គោរព​តាមច្បាប់​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​និង​ការផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម​។​

 
​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ចោទប្រកាន់ថា ធនាគារ Westpac បានអនុញ្ញាត​ឲ្យ​ស្ថាប័ន​មកពី​បណ្ដា​ប្រទេស​នានា រួមមាន​ទាំង​ប្រទេស​អ៊ីរ៉ង់ លី​បង់ ស៊ីម​បា​វ៉េ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ឲ្យ​ចូលរួម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​អូស្ត្រាលី​ដោយ​មិនមាន​មូល​ប្ប​ទា​នប​ត្រ​ត្រឹមត្រូវ​។​
 
​បើ​យោងតាម​ក្រុម​អ្នកឃ្លាំមើល ការណ៍​នេះ​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​និង​ភេរវជន​ផ្ទេរប្រាក់​ចេញ​ឬ​ចូល​ប្រទេស​អូស្ត្រាលី​បាន​។​
 
​មជ្ឈមណ្ឌល​វិភាគ​និង​រាយការណ៍​លើ​ប្រតិបត្តិការ​អូស្ត្រាលី ហៅ​កាត់​ថា AUSTRAC គឺជា​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ មជ្ឈមណ្ឌល​នេះ​ក៏បាន​ចោទប្រកាន់​ធនាគារ​Westpac ថា​បាន​ខកខាន​ក្នុងការ​តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ប្រតិបត្តិការ​រាប់ពាន់ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការកេងប្រវ័ញ្ច​លើ​កុមារ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ មជ្ឍមណ្ឌល​នេះ​ក៏បាន​អះអាងថា ធនាគារ​នេះ​បាន​ព្រងើយកន្តើយ​ជាមួយនឹង​ការព្រមាន​នានា និង​បានអនុញ្ញាត​ឲ្យ​មានការ​បង់ប្រាក់​ដែល​ជាប់​ការសង្ស័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​ជនល្មើស​ដែល​ត្រូវបាន​គេ​កាត់ទោស​ពីបទ​ជួញដូរ​ផ្លូវភេទ​កុមារ​។​
 
​អ្នកស្រី Nicole Rose គឺជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ AUSTRAC​។ អ្នកស្រី​បាន​មានប្រសាសន៍ថា​៖ «​ធនាគារ Westpac ខកខាន​មិនបាន​អនុវត្ត​វិធានការ​ស៊ើបអង្កេត​លើ​អតិថិជន​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​ប្រតិបត្តិការ​ដែលមាន​ហានិភ័យ​ខ្ពស់​ទៅកាន់​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​។ ប្រតិបត្តិការ​ទាំងអស់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សូចនាករ​ហិរញ្ញវត្ថុ​ទាក់​នឹង​នឹង​ហានិភ័យ​នៃ​ការកេងប្រវ័ញ្ច​កុមារ​»​។​
 
​នាយក​ប្រតិបត្តិ​របស់​ធនាគារ Westpac ដែល​លោក​មានកំណើត​នៅ​សហរដ្ឋអាមេរិក បាន​និយាយថា ធនាគារ «​គួរតែ​ធ្វើការ​ឲ្យ​បានល្អ​ជាង​នេះ​» និង​បាន​សន្យាថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​លោក Brian Hartzer ដែលជា​នាយក​ប្រតិបត្តិ​របស់​ធនាគារ Westpac និយាយថា លោក​មានការ​សោកស្ដាយ​ចំពោះ​រឿង​ដែល​បាន​កើតឡើង ប៉ុន្តែ​លោក​បាន​បដិសេធ​ចំពោះ​ការអះអាង​ដែលថា ធនាគារ​របស់លោក​មិនបាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ប្រតិបត្តិការ​ខុសច្បាប់​នេះ​។​
 
​លោក Hartzer បាន​និយាយថា​៖ «​ច្បាស់​ណាស់ យើង​មិនមាន​ជំហរ​ខុសគ្នា​នោះទេ​ទៅលើ​បញ្ហា​នេះ​។ ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ឲ្យ​ច្បាស់លាស់​ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ក្រុមប្រឹក្សាភិបាល​ធនាគារ និង​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ យើង​មិនមាន​ជំហរ​ខុសគ្នា​ទៅលើ​បញ្ហា​នេះ​នោះទេ​»​។​
 
​បើ​និយាយ​តាម​ទ្រឹស្តី ធនាគារ Westpac អាច​ប្រឈមមុខ​នឹង​ការពិន័យ​ជា​ប្រាក់​រាប់លាន​ដុល្លារ​សម្រាប់​បទល្មើស​នីមួយៗ ដែល​បូក​បញ្ចូល​គ្នា​អាច​រង​នឹង​ការពិន័យ​ជា​ប្រាក់​ចំនួន​៣២៨​ទ្រី​លាន​ដុល្លារ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកវិភាគ​រំពឹងថា តុលាការ​សហព័ន្ធ​អូស្ត្រាលី​នឹងដាក់​ដល់​ធនាគារ​នេះ​ដើម្បី​ឲ្យ​រាងចាល​និង​យកចិត្តទុកដាក់​ជាង​មុន​លើ​ប្រតិបត្តិការ​របស់ខ្លួន ជាជាង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ​ហួសហេតុ​»​។​
 
​កាលពី​ឆ្នាំមុន ធនាគារ Commonwealth Bank បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សាជីវកម្ម​អូស្ត្រាលី ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​ទៅ​៤៧៦​លាន​ដុល្លារ ចំពោះ​ការ​ល្មើស​នឹង​ច្បាប់​ប្រឆាំងនឹង​ការលាង​លុយកខ្វក់ និង​ការផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម ដែល​បណ្តាល​ឲ្យ​សាច់ប្រាក់​ជាច្រើន​ហូរ​ចូលទៅក្នុង​ដៃ​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​។​
 
​កាលពីដើម​ឆ្នាំនេះ ការស៊ើបអង្កេត​សាធារណៈ​មួយ​បានបង្ហាញ​ពី​ការប្រព្រឹត្ត​ខុសឆ្គង​យ៉ាងច្រើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​អូស្ត្រាលី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com