អន្តរជាតិ
ចិន ផ្តួល​សហរដ្ឋអាមេរិក​ជា​ប្រទេស​មាន​បេសកកម្ម​ការទូត​ច្រើន​បំផុត​នៅ​បរទេស
27, Nov 2019 , 8:39 pm        
រូបភាព
ស្ថានទូតអាមេរិកប្រចាំប្រទេសចិន (AFP)
ស្ថានទូតអាមេរិកប្រចាំប្រទេសចិន (AFP)
ដោយ:
​កាលពី​៥០​ឆ្នាំមុន ចិន​មានតែ​ស្ថានទូត​មួយ​ប៉ុណ្ណោះ​នៅ​បរទេស ហើយ​នោះ​គឺ​នៅក្នុង​រដ្ឋធានី​គែរ នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។ ឥឡូវនេះ ក្រុង​ប៉េកាំង បាន​ផ្តួល​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ប្រទេស​ដែលមាន​បេសកកម្ម​ការទូត​ច្រើន​បំផុត​លើ​ពិភពលោក​។

 
​ស​ន្ទ​ស្សន៍​គោលនយោបាយ​ការទូត​ជាស​កល ចុងក្រោយបង្អស់ របស់​វិទ្យាស្ថាន Lowy Institute ដែល​ចាត់ថ្នាក់​ប្រទេស​ចំនួន​៦១ ដោយ​ផ្អែកលើ​វត្តមាន​ការទូត បាន​រាប់​ឃើញថា ចិន​មាន​ប៉ុស្តិ៍​ការទូត (​ស្ថានទូត​, ស្ថាន​កុងស៊ុល​, ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​, តំណាង​ផ្សេងទៀត​) ចំនួន​២៧៦​កន្លែង​លើ​សកលលោក បើ​ធៀប​នឹង​សហរដ្ឋអាមេរិក មាន​ចំនួន ២៧៣​កន្លែង​។ 
 
​ខណៈ​ចិន កំពុង​បន្ថែម​សាច់ដុំ​ការទូត​ចំពោះមុខ​កំណើនសេដ្ឋកិច្ច​និង​យោធា វិស័យ​ការទូត​សហរដ្ឋអាមេរិក​បែរជា​ដើរ​ថយក្រោយ ដោយសារ​ការ​កាត់​កញ្ចប់​ថវិកា​និង​បញ្ហា​ដាក់​មន្ត្រី​ទូត​ឲ្យ​បម្រើ​ការងារ​នៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នានា​លើ​ពិភពលោក​។ តួយ៉ាង ក្រោម​អាណត្តិ​ដឹកនាំ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បច្ចុប្បន្ន លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ស្ថានទូត​អាមេរិក​ជាង​៥០​កន្លែង កំពុង​ខ្វះខាត​អគ្គរដ្ឋទូត​។ នេះ​បើតាម​សមាគម​សេវា​បរទេស​អាមេរិក​។ 
 
​ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក បាន​បាត់បង់​ប៉ុស្តិ៍​ការទូត​មួយកន្លែង ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​របស់​អាមេរិក​ក្នុង ទីក្រុង Saint Petersburg ។ ហេតុការណ៍​នេះ កើតឡើង​បន្ទាប់ពី​លោក​ត្រាំ បាន​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​៦០​នាក់​ចេញពី​សហរដ្ឋអាមេរិក​ជុំវិញ​រឿង​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​មូ​ស្គូ​ម្នាក់​។  ចំណែក ទីក្រុង​ប៉េកាំង ឯណោះ​វិញ បាន​បន្ថែម ឬ​ពង្រឹង​វត្តមាន​ការទូត​របស់​ខ្លួន​ក្នុង​បណ្ដា​ប្រទេស​ដែល​ខ្លួន​បានទទួល​ជោគជ័យ​ក្នុងការ​អូសទាញ​ឲ្យ​ផ្តាច់ចំណង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​។ 
 
​ជា​ឧទាហរណ៍​ស្រាប់ ស្ថានទូត​ចិន​បាន​បើកទ្វារ​ក្នុងប្រទេស​បួ​គី​ណា​ហ្វា​សូ (​អាហ្វ្រិក​ខាងលិច​) និង​អែល​សាល់​វ៉ា​ឌ័​រ​( អាមេរិក​កណ្ដាល​) និង​ប្រទេស​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប​(​អាហ្វ្រិក​កណ្ដាល​) ជាដើម​។ ក្នុង​សាធារណរដ្ឋ​ដូ​មី​នី​ក ដែល​ទើបបាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​ពី​តៃប៉ិ​ទៅ​ប៉េកាំង​កាលពី​ឆ្នាំមុន ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ចិន ត្រូវបាន​ដំឡើង​ទៅជា​ស្ថានទូត​។ ប្រទេស​ខ្លះ​ដែល​ចិន​មាន​បេសកកម្ម​ការទូត​ជាមួយ ប៉ុន្តែ​សហ​អាមេរិក​ពុំមាន គឺ​រួមមាន អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា​, ហ្គី​ណេ​ប៊ី​ស្សូ​, សី​ស្ហែ​ល​, វ៉ា​នូ​ទូ​, ស៊ី​រី និង​កូរ៉េខាងជើង​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ចិន​និង​សហរដ្ឋអាមេរិក បារាំង ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ប៉ុស្តិ៍​ការទូត​២៦៧ ហើយ​តាម​ពីក្រោយ​ដោយ​ជប៉ុន​ចំនួន​២៤៧​ប៉ុស្តិ៍ និង​រុស្ស៊ី​២៤២​ប៉ុស្តិ៍​។ ហើយ​ក្នុង​ចំពោះ​អាស៊ី​វិញ ក្រៅពី​ចិន​និង​ជប៉ុន ឥណ្ឌា មាន​ចំនួន​ប៉ុស្តិ៍​ការទូត​ច្រើនជាងគេ (១៨៦), កូរ៉េខាងត្បូង​(១៨៣) និង​ឥណ្ឌូណេស៊ី (១៣២) ។ ចំពោះ​ប្រទេស​ដែលមាន​ប៉ុស្តិ៍​ការទូត​តិច​បំផុត​គឺ​ប្រទេស​ប៉ូ​តង់ ដែលមាន​ត្រឹម​៩​ប៉ុណ្ណោះ​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com