កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉ូណាវីរុស៖ ការប្រណាំងរថយន្ត F1 នៅទីលានសៀងហៃ ប្រឈមមុខការផ្អាក
× អាជ្ញាធរកីឡាក្រុងសៀងហៃ បានផ្តល់យោបល់ឲ្យផ្អាករាល់ព្រឹត្តិការណ៍កីឡាទាំងអស់នៅក្នុងទីក្រុងដែលបណ្តាលមកពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស។ ការផ្អាកនេះ ទំនងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីប្រណាំងរថយន្ត Formula One ក្នុងទីលានប្រទេសចិន Chinese Grand Prix ដែលគ្រោងធ្វើនៅក្រុងសៀងហៃនាថ្ងៃទី១៩ ខែមេសា។
សមាគមកីឡាសៀងហៃបានណែនាំដល់ស្ថាប័នកីឡាទាំងអស់ឲ្យផ្អាកព្រឹត្តិការណ៍ការប្រកួតរហូតដល់មានការដោះស្រាយពីការគំរាមកំហែងរបស់កូរ៉ូណាវីរុសប្រភេទថ្មី (2019-nCoV)។ យ៉ាងណាក៏ដោយ កម្មវិធីប្រណាំងរថយន្ត F1 នៅមិនទាន់សម្រចថាយ៉ាងម៉េចនៅឡើយទេ។
ជុំវិញការផ្អាក ឬមិនផ្អាកការប្រណាំងរថយន្តនៅទីលានប្រទេសចិននេ ក៏ត្រូវបានប្រធានគ្រប់គ្រងក្របខណ្ឌ Formula One យកទៅពិភាក្សាផងដែរ នៅថ្ងៃទី៥ ខែកុម្ភៈ។ រហូតដល់ពេលនេះ F1 នៅមិនទាន់អាចផ្តល់ការអត្ថាធិប្បាយបានទេ ប៉ុន្តែមានភាគរយច្រើនដែលថាការប្រណាំងនៅចិនរដូវកាល ២០២០ នេះ នឹងត្រូវពន្យារពេលចាប់ពីកាលបរិច្ឆេទដែលបានគ្រោងទុកតទៅ។
តាមការគ្រោងទុក Chinese Grand Prix នឹងមានការប្រណាំងជុំទី៤ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្នុងចំណោមការប្រណាំងសរុបទាំង២២លើក។ ជុំវិញការពន្យាពេលនេះ F1 ក៏បានបង្ហាញក្តីបារម្ភ និងការលំបាកផងដែរក្នុងការរកកាលបរិច្ឆេទថ្មីសម្រាប់កម្មវិធីប្រកួត។
កម្មវិធីប្រណាំងរថយន្ត F1 នឹងចាប់ផ្តើមការប្រកួតប្រជែងនៅទីលានដំបូងក្នុងប្រទេសអូស្ត្រាលី Australian Grand Prix នៅថ្ងៃទី១៣-១៥ ខែមីនា។ បារ៉ែនដឹកនាំការប្រណាំងជុំទី២ ខណៈវៀតណាមដែលមានវត្តមានក្នុងកម្មវិធីប្រណាំងកម្រិតពិភពលោកលើកដំបូងនៅជុំទី៣ មុនចិនដែលនៅជុំទី៤។ វៀតណាម ត្រូវដឹកនាំការប្រណាំងក្នុងក្រុងហាណូយដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីព្រំដែនចិន។
កូរ៉ូណាវីរុសបានអុកឡុក នៅក្នុងទឹកដីចិន និងប្រទេសផ្សេងទៀតយ៉ាងខ្លាំង។ គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈនេះ កូរ៉ូណាវីរុសប្រភេទថ្មីមួយនេះ បានកើនឡើងរហូតដល់ជាង ២៨០០០ករណី ក្នុងនោះអ្នកស្លាប់ កើនដល់ជាង៥៦០នាក់ទៅហើយ៕
Tag:
Formula One
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com