អន្តរជាតិ
អូស្ត្រាលី ចូលទៅ​កៀក​ព្រុយ​ណេ ខណៈ​ព្រុយ​ណេ ត្រូវធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២១
27, Feb 2020 , 7:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne ចូលគាល់មហាក្សត្រព្រុយណេនាពេលកន្លងមក។ រូបភាព Infofoto
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne ចូលគាល់មហាក្សត្រព្រុយណេនាពេលកន្លងមក។ រូបភាព Infofoto
ដោយ:
​ប្រមុខ​ការទូត​អូស្ត្រាលី នៅ​ថ្ងៃទី​១៩ កុម្ភៈ​កន្លងទៅ បាន​បំពេញ​ទស្សនកិច្ច​ការងារ​លើក​ដំបូង​រយៈពេល​២​ថ្ងៃ​ទៅកាន់​ព្រុយ​ណេ ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​ទ្វេភាគី ក៏ដូចជា​ទំនាក់ទំនង​តាមរយៈ​ក្របខណ្ឌ​អាស៊ាន​ផងដែរ ។ វត្តមាន​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​រូបនេះ​នៅ​ព្រុយ​ណេ ជា​ផ្នែក​មួយ​ដើម្បី​ស្វែងយល់​លទ្ធភាព​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ ស្រប​ពេលដែល​ព្រុយ​ណេ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ឆ្នាំក្រោយ​។​


​លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី តាមរយៈ​គណនី Twitter របស់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ បាន​គូសបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​ផ្លូវការ​ជា​លើកដំបូង​ទៅកាន់​ព្រុយ​ណេ លោកស្រី បាន​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន ដែលជា​ផលប្រយោជន៍​រួម​ក្នុង​តំបន់ និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ពហុភាគី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Scoop​។​

​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី​រដ្ឋមន្ត្រី បាន​អះអាងថា ភាគី​ទាំងពីរ បាន​ផ្តោត​សំខាន់​ខ្លាំង​លើ​ការពង្រីក​ចំណង​ទ្វេភាគី ពោលគឺ​ការពិភាក្សា​រក​ច្រកចេញ​សម្រាប់​អូស្ត្រាលី និង​ព្រុយ​ណេ ដើម្បី​ធ្វើការ​រួមគ្នា​លើ​បញ្ហា​ក្នុង​តំបន់ ខណៈ​ព្រុយ​ណេ នឹងត្រូវ​ចូលកាន់​ច​ង្កូ​ច​អាស៊ាន​នៅ​ឆ្នាំ​២០២១​ខាងមុខ​។ លោកស្រី ប្តេជ្ញា ធ្វើការ​ចូលរួម​កសាង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ឲ្យ​រុងរឿង ស្ថិរភាព និង​សន្តិសុខ តាមរយៈ​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​ជាមួយនឹង​អាស៊ាន ក្នុងនោះ​រាប់បញ្ចូល​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​គួរ​ជម្រាប​បន្តិច​ថា ព្រុយ​ណេ និង​អូស្ត្រាលី មាន​ទំនាក់ទំនង​ជាមួយគ្នា​លើ​វិស័យ​ដូចជា​អប់រំ ការពារ និង​ពាណិជ្ជកម្ម​។ ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ សម្រេចបាន​ទំហំ ១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។ 
 
​ក្រៅពី​ជា​ដៃគូ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ភាគី​ទាំងពីរ ក៏​ជា​ដៃគូ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ផងដែរ ក្នុងនោះ​រាប់បញ្ចូល​ទាំង កិច្ចព្រមព្រៀង​ពាណិជ្ជក​កម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់​, ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​អភិវឌ្ឍន៍​សម្រាប់​តំបន់​អន្តរ​ប៉ាស៊ីហ្វិក (CPTPP)៕ 


Tag:
 អូស្ត្រាលី​
  ព្រុយ​ណេ​
© រក្សាសិទ្ធិដោយ thmeythmey.com