COVID-19
ជាតិ
លិខិត​មិត្ត​អ្នកអាន​៖ មេរោគ​កូ​វី​ដ-​១៩ ព័ត៌មាន​មិន​ពិត និង​ការផ្សាយ​ព័ត៌មាន​ពិត​
06, Mar 2020 , 7:59 am        
រូបភាព
ដោយ៖ លោក សុខ លាំង​
 
​ក្រសួងសុខាភិបាល គួរ​មាន​វិធានការ​ក្នុងការ​ផ្សាយ​ព័ត៌មាន​ អំពី​ស្ថិតិ​ដែលមាន​ភាព​សុ​ក្រឹតជា​រៀងរាល់ថ្ងៃ ជាជាងចំណាយ​កម្លាំង ​និង​ធនធាន​ទៅ​បង្ក្រាប​លើ​អ្វីដែល​គេ​ហៅថា​ព័ត៌មាន​មិន​ពិត​។


 
​ការចំណាយ​កម្លាំង​ដើម្បី​តាមដានគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដើម្បី​ស្វែងរក​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ក្នុងករណី​រឿង​មេរោគ​កូ​វីដ​១៩​នេះ គឺជា​ការចំណាយ​ធនធាន​មនុស្ ស​និង​ថវិកា និង​ពេលវេលា​ច្រើន នេះ​មិនទាន់​គិតដល់​ការប្រើប្រាស់​មន្ត្រី​ប៉ូលិស និង​តុលាការ ដើម្បី​បើក​ការស៊ើបអង្កេត​ និង​ដំណើរការ​កាត់ទោស ទៅលើ​បុគ្គល​ដែល​អាច​ត្រូវ​ចោទ​ផង​ទេ​។ ទោះជា​ធ្វើ​យ៉ាងនេះ​បាន​ក៏ដោយ ក៏​វា​នៅតែ​មិនបាន​បង្ហាញ​អំពី​វិធានការ​របស់​ក្រសួងសុខាភិបាល​ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ​អំពី​ករណី​ដែល​កំពុង មានការ​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​នេះ​នៅឡើយ​ដែរ​។ 
 
​​“​ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ឆាប់​”។ នេះ​ជាការ​ពិត​មួយ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេស​ព័ត៌មាន​សាធារណៈ និង​ព័ត៌មាន​ដែលមាន​ភាព​រសើប ដើម្បី​ទប់ស្កាត់​ភាពចលាចល​នៅក្នុង​សង្គម​។​
 
​ដូច្នេះ ការ​តាម​ចាប់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ ដែលជា​ក្តីបារម្ភ​របស់​បុគ្គល​ទាំងអស់នោះ ដោយ​យើង​មិនបាន​ដឹងថា ពួកគាត់​កំពុង​រស់នៅក្នុង​សភាព​បែបណា គាត់​បានទទួល​ប្រភពព័ត៌មាន​អ្វី​មកពី​ណាខ្លះ អំពី​ការ​រាតត្បាត​នៃ​មេរោគ​នេះ មិនមែន​ជាការ​ផ្តល់ព័ត៌មាន​ពិត​នៃ​ស្ថានភាព​មេរោគ​កូ​វីដ​១៩​នេះ​ទេ​។ 
 
​​អ្វីដែល​ក្រសួងសុខាភិបាល គួរ​ធ្វើ​ក្នុងការ​គ្រប់គ្រង​ការរំពឹងទុក ​និង​ភាព​អន្ទះសា របស់​សាធារណជន គឺ​៖
 
​១. ក្រសួងសុខាភិបាល ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​បច្ចុប្បន្នភាព​ អំពី​តថភាព​នៃ​មេរោគ​នេះ ជាប្រចាំ (​ជាការ​ល្អ​បំផុត​នៅ​រៀងរាល់ថ្ងៃ​) ដោយ​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ។  ឧទាហរណ៍ រៀងរាល់​ម៉ោង ៤ រសៀល ឬ ៧ យប់ តាមរយៈ​ទូរទស្សន៍ ឬ​វិទ្យុ​ណាមួយ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ក្រសួងជាដើម​។ 
 
​២. ការធ្វើ​បច្ចុប្បន្នភាព គួរ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ ក្នុង​ទម្រង់​ជា​សេចក្តីថ្លែងការណ៍ ឬ​សេចក្តីជូនដំណឹង ដោយមាន​ស្ថិតិ​អំពី​ករណី​រកឃើញ​មេរោគ​នេះ នៅក្នុង​ប្រទេស​កម្ពុជា (​ទាំង​ចំនួន​ករណី​សង្ស័យ ករណី​រកឃើញ​មេរោគ ករណី​ជាសះស្បើយ និង​ករណី​ស្លាប់​) ទោះបីជា​ចំនួន​នេះ មិនមាន​ការប្រែប្រួល​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ក៏ដោយ​។ ហើយ អាច​អាន​ផ្ទាល់មាត់​បន្ថែមទៀត​ក៏បាន​។ អាចជា​ទម្រង់​ថត​ទុក រួច​ចាក់ផ្សាយ ឬ​ជាការ​ផ្សាយ​បន្ត​ផ្ទាល់​។ 
 
៣. ប្រសិនបើ​ក្រសួងសុខាភិបាល ចង់​អប់រំ​ដោយ​ពលរដ្ឋ​ឲ្យ​កាន់តែ​យល់ដឹង​បន្ថែម​អំពី​ស្ថានភាព​នេះ នៅ​ជុំវិញ​ពិភពលោក ក្រសួងសុខាភិបាល គួរ​ផ្សព្វផ្សាយ​រាល់ថ្ងៃ​អំពី​តួលេខ​បច្ចុប្បន្នភាព​អំពី​មេរោគ​កូ​វីដ​១៩​នេះ ដែល​កំពុង​កើតមានឡើង​នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ជា​សង្ខេប​អំពី​តួលេខ​នៃ​ប្រទេស​នានា ​ដែល​កំពុង​ទទួលរង​នូវ​ស្ថានភាព​ទាំងនេះ (​មួយ​ទំព័រ​ជាការ​គ្រប់គ្រាន់​) ដោយ​ប្រើប្រាស់​ប្រភពព័ត៌មាន​ផ្លូវការ​ណាមួយ​ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ឧទាហរណ៍ ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ​របស់​ប្រទេស​ណាមួយ​ដែល​ក្រសួង​ជឿជាក់ថា ផ្តល់ព័ត៌មាន​សុក្រឹត​បំផុត​)​។​
 
៤. ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន ​ដឹង​អំពី​របៀប​ស្វែងរក​ព័ត៌មាន​បច្ចុប្បន្នភាព​នេះ និង​ផ្សព្វផ្សាយ​ថា ព័ត៌មាន​ផ្សេង​ក្រៅពីនេះ គឺជា​ព័ត៌មាន​មិន​ផ្លូវការ​។ 
 
​ការធ្វើ​បែបនេះ ជាការ​បង្ហាញ​អំពី​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​ជំនាញ ក្នុងការ​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព ដល់​ពលរដ្ឋ​របស់ខ្លួន​ដែល​កំពុងមាន​ការព្រួយបារម្ ភ​អំពី​សុខភាព​របស់ខ្លួន មិត្តភក្តិ និង​សាច់ញាតិ​របស់ខ្លួន​។ វា​ក៏​ជាការ​គ្រប់គ្រង​ភាព​អន្ទះសា​របស់​ពលរដ្ឋ​នៅក្នុង​ប្រទេស​ទាំងមូល​ដែរ​។ វា​ក៏​ជា​ឱកាស​បង្ហាញថា ក្រសួង​ជំនាញ​នេះ មាន​សមត្ថភាព​ដល់ក​ម្រិ​ត​ណា ក្នុងស្ថានភាព​ហានិភ័យ​ជា​សាកល​នេះ​។ 
 
​ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត និង​ឈប់​ជឿ​លើ​ព័ត៌មាន​មិន​ពិត​ទៀត​។ 
 
​ការធ្វើ​បែបនេះ គឺជា​ការ​បង្វែរ​ការប្រើ​ប្រាស់​ធនធាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព​។ 
 
​ប្រសិនបើ​ធ្វើដូច្នេះបាន ពលរដ្ឋ​នឹង​លែង​សូវ​មាន​ភាព​អន្ទះសា​ក្នុង​ចិត្ត ព្រោះ​ពលរដ្ឋ​រំពឹង ​និង​ដឹងថា ពួកគាត់​អាច​ទៅរក​ព័ត៌មាន​ពិត​ពី​កន្លែង​ណា​បាន និង​អាចមាន​ភាព​អត់ធ្មត់ មិនចេះ​តែ​ជឿ​លើ​ព័ត៌មាន​មិន​ពិត​ទៀត​។ 
 
​ក្នុងស្ថានភាព​បែបនេះ ការបារម្ភ​របស់​ពល​រដ្ឋ មិនមែនជា​ការខុសឆ្គង​អ្វី​ឡើយ​។ ដូច្នេះ ក្រសួងសុខាភិបាល គួរ​ចាត់វិធានការ​ដើម្បី​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព ជាជាង​ចង់​ចាត់​វិធាន​លើ​ការ​បង្ហោះ​ព័ត៌មាន​នានា ដែល​ក្រសួង​យល់ថា​មិន​សុក្រឹត​។ 
 
​ចាប់​មនុស្ស​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារតែ​ក្តី​អន្ទះសារបស់​ពួកគេ មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេងទៀត ទទួលបាន​ព័ត៌មាន​ពិត និង​លុបបំបាត់​ភាព​អន្ទះសាទាំងនេះ​បានទេ​។ 
​វិធានការ​ដែលមាន​ប្រសិទ្ធភាព គឺត្រូវធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ពិត ជាប្រចាំ ពីព្រោះថា “​ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ឆាប់​”​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com