COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​បញ្ចេញ​លុយ​៧,៣​ពាន់​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​របស់ COVID-19 លើ​សេដ្ឋកិច្ច​
18, Mar 2020 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson
រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson
​ដោយ​៖គយ រតន​បុរិន្ទ 

​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃ​អង្គារ ១៧ ខែមីនា បានប្រកាស​កញ្ចប់​ថវិកា​៧,៣​ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19​។

 
​ថ្លែង​នៅមុខ​សភា​នូ​វែ​ល​សេ​ឡង់ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នូ​វែ​ល​សេ​ឡង់ Grant Robertson ទទួលស្គាល់​ពី​លទ្ធភាព​នៃ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ប្រទេស​។ ទោះជា​បែបនេះ​ក្តី លោក សង្កត់ធ្ងន់ថា កញ្ចប់​ថវិកា​ដែលមាន​ទំហំ​៧,៣​ពាន់​លាន​ដុល្លារ​នេះ អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ COVID-19​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​រូបនេះ គូសបញ្ជាក់ថា កញ្ចប់​ថវិកា​ខាងលើ​រួមបញ្ចូល ការឧបត្ថម្ភ​ប្រាក់បៀវត្ស អនុគ្រោះ​ពន្ធ និង​ជំនួយ​វិស័យ​ថែទាំ​សុខភាព​។ បើតាម​លោក Grant Robertson កញ្ចប់​ថវិកា​នេះ គឺជា​ជំហាន​ដំបូង​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ទល់​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច ខណៈ​កញ្ចប់​ថវិកា​ដើម្បី​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ទៀត​នឹងត្រូវ​ប្រកាស​ក្នុង​ខែឧសភា ក្នុង​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​។​
 
​ថវិកា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​នឹងត្រូវ​បែងចែក​សម្រាប់​ការឧបត្ថម្ភ​ប្រាក់បៀវត្ស ចំណែកឯ​ទឹកប្រាក់ ១,៧​ពាន់​លាន​ដុល្លារ​ទៀត​ត្រូវ​បែងចែក​សម្រាប់​ចំណាយ​ក្នុង​សុខុមាលភាព​ប្រជាជន​។  លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Robertson អះអាង​បែបនេះ ដោយ​បន្ថែមថា ថវិកា ១,៧​ពាន់​លាន​ដុល្លារ​ផ្សេងទៀត នឹងត្រូវ​ចំណាយ​លើ​ការអនុគ្រោះ​ពន្ធ​របស់​ក្រុមហ៊ុន​សហគ្រាស រីឯ​វិស័យ​អាកាសចរណ៍​នឹង​ទទួលបាន​ការឧបត្ថម្ភ​ទុន​បន្ថែមចំនួន​៦០០​លាន​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី ១៧ មីនា នេះ ករណី COVID-19​នៅ​នូ​វែ​ល​សេ​ឡង់​មាន​ចំនួន ១២​ករណី​ហើយ ដោយ​ពុំទាន់​ករណី​ស្លាប់​ឡើយ ដោយឡែក​មនុស្ស​ប្រមាណ ៩០០០​នាក់​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់​តែឯង​៕

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
  សេដ្ឋកិច្ច​
  Grant Robertson
© រក្សាសិទ្ធិដោយ thmeythmey.com