អត្ថបទពាណិជ្ជកម្ម
អម្រឹត កំពុងផ្ដល់​ការពន្យារ​ការសង​ដល់​អតិថិជន​ជាង​១២​ម៉ឺន​នាក់ ដែល​ជួប​ការលំបាក​ខ្លាំង ដោយសារ​ជំងឺ​កូ​វីដ​-១៩
20, Apr 2020 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន និង​កំពុង​ជួយ​សម្រួល​បន្ទុក​ដល់​អ​តិ​ថិ​ជន​ឥណទាន ដែល​ជួប​ការលំបាក​ខ្លាំង​ដោយសារ ជំងឺ​កូ​វីដ​-១៩ នោះ​គឺ​ការផ្តល់​ការពន្យារ​ការសង​ឥណទាន​។​
 
​ក្នុងចំណោម​ការពន្យារ​ការសង​ដែល​អម្រឹត កំពុង​ផ្ដល់ជូន​រួមមាន​៖ ការពន្យារពេល​សង​ប្រាក់​ដើម និង​ការពន្យារ​ការសង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ដែល​អាចមាន​រយៈពេល​ពី ៣-៦​ខែ អាស្រ័យ​ទៅតាម​ស្ថានភាព លំបាក​ពិតប្រាកដ​រប​ស់​អតិថិជន​ម្នាក់ៗ​។ លោក ដុស ឌី​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​គ្រឹះស្ថាន​មួយ ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​នៅ​កម្ពុជា និង​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ វិធានការ​ពន្យារ​ការ​សង​ឥណទាន​នេះ នឹងចូលរួម​ចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អតិថិជន​។​
 
​លោក ដុស ឌី​ន បាន​បន្តទៀតថា ការពន្យារ​ការសង​កំពុង​ផ្តល់ជូន គឺ​បែងចែក​អតិថិជន​ជា​ពីរ​ប្រភេទ​ធំៗ គឺ​ទីមួយ អតិថិជន​ឥណទាន​ក្រុម​ធានា ភាគច្រើនបំផុត​រស់នៅ​ទីជនបទ​ដែល​ខ្ចីប្រាក់​ក្នុង​ទំហំ​តូច ដែល​ជួប​ការលំបាក​ក្នុង​ការសង និង​ប្រសិន​អតិថិជន​កម្ចី​តូចៗ​ប្រភេទ​នេះ​ស្នើសុំ​ពន្យារ​ការសង អម្រឹត​នឹង​ផ្តល់​ពន្យារ​ការសង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​ជា​ស្វ័យប្រវត្តិ​តែម្តង សម្រាប់​រយៈពេល​៣​ខែ​។ បច្ចុប្បន្ន អម្រឹត​មាន​អតិថិជន​ឥណទាន​ក្រុម​ធានា ជាង​ដប់​ពីរម៉ឺន​នាក់ (១២០.០០០ នាក់​)​។ ដោយឡែក សម្រាប់​អតិថិជន​កម្ចី​ជា​បុគ្គល​ដែល​ខ្ចីប្រាក់​ក្នុង​ទំហំ​ធំ ដែល​ជួប​ការលំបាក​ខ្លាំង ជាពិសេស​អតិថិជន​ដែល​មុខរបរ​របស់​ពួកគាត់ ស្ថិតក្នុង​វិស័យ​អាទិភាព​ទាំង​បួន ដែល​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គឺ​វិស័យ​ទេសចរណ៍ កាត់ដេរ សំណង់ និង​ដឹកជញ្ជូន និង​ផ្នែក​ខ្លះ​នៃ​វិស័យ​កសិកម្ម  អម្រឹត​អាច​នឹង​ផ្តល់​ការពន្យារ​ការសង​ប្រាក់​ដើម ឬ​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ចាប់ពី ៣​ខែ​ដល់​៦​ខែ អាស្រ័យ​ទៅតាម​ស្ថាន​ភាពលំបាក​ពិតប្រាកដ​របស់​អតិថិជន​ម្នាក់ៗ​។ 
 
​លោក ដុស ឌី​ន បានបញ្ជាក់​ទៀតថា តាមរយៈ​ការទំនាក់ទំនង​ទៅដោយ​ផ្ទាល់ ជាមួយ​អតិថិជន​រយៈពេល​កន្លងមក​នេះ អតិថិជន​កម្ចី​ដែលមាន​ផលប៉ះពាល់​មិនសូវ​ខ្លាំង នៅតែមាន  ​ឆន្ទៈ​បំពេញ​កា​ត្វ​កិច្ច គឺ​បន្ត​ការសង​ជាធម្មតា​។  អម្រឹត សូម​អរគុណ និង​កោតសរសើរ ដល់​អតិថិជន ដែល​រង​ផលប៉ះពាល់​មិនសូវ​ខ្លាំង ដែល​នៅ​បន្ត​សង​ត្រឡប់​វិញ ដើម្បី​ទុក​ឱកាស​ឲ្យ​អម្រឹត​យក​លទ្ធភាព​ដែល​ខ្លួន​មាន ទៅ​ជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ អម្រឹត ផ្តល់​តម្លៃ​ខ្លាំង​ទៅលើ​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន និង​យល់​ពី​សុខទុក្ខ​របស់​អតិថិជន​។ ជាពិសេស ក្នុងស្ថានភាព​ដ៏​លំបាក​នេះ ម​ន្រី្ត​ឥណទាន​របស់​អម្រឹត នឹង​ទាក់ទង​ទៅ​អតិថិជន​កម្ចី​ម្នាក់ៗ ដើម្បី​ស្វែងយល់​ពី​ការលំបាក និង សិក្សា​លទ្ធភាព​ផ្សេងៗ​ដែល​អម្រឹត​អាចជួយ​គាំទ្រ​បាន​។​
 
​លោក ដុស ឌី​ន បាន​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ដល់​អ​តិ​ថិ​ជន​ទាំងអស់ សម្រាប់​ការបន្ត​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​ដល់​អម្រឹត​។ យើង​នឹង​ឆ្លងកាត់​ការលំបាក​នេះ ជាមួយគ្នា ហើយ​យើង នឹង​ឈ្នះ​លើ​ការលំបាក​បំផុត​នេះ នៅ​ថ្ងៃ​ណាមួយ​នាពេល​ខាងមុខនេះ​។​
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នាំមុខគេ​មួយ ដែល​បម្រើសេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជិត​៣០​ឆ្នាំ ។ បច្ចុប្បន្ន អម្រឹត​កំពុង​បម្រើសេវា​ដល់​អតិថិជន​សរុប ជាង​កន្លះ​លាន​នាក់ មាន​សាខា​ចំនួន​១៥៨ នៅ​ទូទាំង​២៥​ខេត្ត​ក្រុង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ​ជាង ៤.៥០០​នាក់ ។ អម្រឹត​កំពុងផ្តល់​កម្ចី​ដល់​អតិថិជន​ដែលមាន​ទឹកប្រាក់ ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក និង​ទទួល​ប្រាក់​សន្សំ​ពី​អតិថិជន ជាង​៥០០​លាន​ដុល្លារ​អាមេរិក​។ អម្រឹត គឺជា​បុត្រ​សម្ព័ន្ធ របស់ Advans Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ប្រតិបត្តិការ​នៅ​១០​ប្រទេស​ក្នុង​ពិភពលោក​។ បន្ថែម​លើ​នេះ អម្រឹត​មាន​ភាគ​ទុ​និក (​ម្ចាស់​ភាគហ៊ុន​) សំខាន់​ចំនួន​ពីរ​ទៀត គឺ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (​ហៅ​កាត់​ថា IFC) ដែលជា​បុត្រ​សម្ព័ន្ធ​ផ្នែក​វិនិយោគ​របស់​ធនាគារពិភពលោក និង ធនាគារ​វិនិយោគ​នៃ​ប្រទេស​ហូ​ឡង់ (​ហៅ​កាត់​ថា FMO) ដែល​ភាគ​ទុ​និក​ទាំងពីរ​នេះ មានទ្រព្យ​សកម្ម​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com