អន្តរជាតិ
អាមេរិក​ថា ត្រៀម​ទទួលស្គាល់​ទឹកដី​ដែល​អ៊ីស្រាអែល​ក្រសោប​យក​ពី​ប៉ា​ឡេ​ស្ទី​ន​
28, Apr 2020 , 8:59 pm        
រូបភាព
សំណង់អ៊ីស្រអែល ក្នុងតំបន់West Bank ប៉ាឡេស្ទីន-AFP
សំណង់អ៊ីស្រអែល ក្នុងតំបន់West Bank ប៉ាឡេស្ទីន-AFP
ដោយ:
​អាមេរិក​នៅ​ថ្ងៃទី​២៧ ខែមេសា និយាយថា ខ្លួន​ត្រៀម​ទទួលស្គាល់​ដែនដី​ដែល​អ៊ីស្រាអែល​ផ្តាច់​យក​ពី​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​តំបន់​ត្រើយ​ខាងលិច (West Bank) ប៉ុន្តែ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល​ចរចា​ជាមួយនឹង​ប៉ា​ឡេ​ស្ទី​ន​សិន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​AFP​។​

 
​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​លើកឡើងថា​៖ «​ដូចដែល​យើង​បានបញ្ជាក់​ហើយ អាមេរិក​ត្រៀម​ទទួលស្គាល់​សកម្មភាព​ក្នុងការ​ពង្រីក​អធិបតេយ្យភាព និង​ការអនុវត្ត​ច្បាប់​អ៊ីស្រាអែល នៅក្នុង​តំបន់ West Bank ដែល​ត្រូវបាន​មើលឃើញ​ទុកជាមុន​ថា​ជា​ផ្នែក​មួយ​នៃ​រដ្ឋ​អ៊ីស្រាអែល​»​។​
 
​កន្លងទៅ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏​ធ្លាប់​និយាយ​ដែរ​ថា  ការផ្តាច់​យក​ទឹកដី​ប៉ាឡ​ស្ទី​ន គឺជា​ការសម្រេចចិត្តរ​បស់​អ៊ីស្រាអែល​។​
 
​លោក បេន​ចា​មីន នេ​តាន​យ៉ា​ហ៊ូ ដែល​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក្រោយ​សម្រេច​ចិត្តបាន​កិច្ចព្រមព្រៀង​នយោបាយ​បែងចែក​អំណាច បាន​សន្យាថា នឹង​ផ្តាច់​យក​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ជា​បន្តទៀត​។ ប៉ា​ឡេ​ស្ទី​ន​វិញ​និយាយថា សកម្មភាព​បែបនេះ នឹង​បញ្ចប់​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែលមាន​តាំងតែ​ពី​ដើម​មក​។​
 
​តាមពិតទៅ ការណ៍​ដែល​អ៊ីស្រាអែល អាច​បន្ត​ផ្តាច់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​បាន​ក៏ដោយ​ហេតុតែ មានការ​ផ្តល់​ភ្លើង​ខៀង​ពី​សំណាក់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក្រោម​គម្រោង​ចក្ខុវិស័យ​សម្រាប់​មជ្ឈិម​បូ​ពា៍​ដែល​បានបង្ហាញ​កាលពី​ខែមករា​មក​។ យ៉ាងណាមិញ លោក Benny Gantz ដែលជា​គូប្រជែង​លោក ណេ​តាន់​យ៉ា​ហ៊ូ ហើយ​ដែល​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី បញ្ជាក់ថា គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​នឹង​ពិភាក្សា​ជាមួយ​វ៉ាស៊ីនតោន​មុន​នឹងធ្វើ​អ្វីមួយ​។​
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដំណាក់កាល​នៃ​ការ​ស្រូបយក​ទឹកដី​នេះ ត្រូវ​ស្ថិតក្នុង​បរិបទ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល យល់ព្រម​ច​ចារ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ហើយ​ស្រប​នឹង​ចក្ខុវិស័យ​របស់លោក ត្រាំ ។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​ផែនការ​មជ្ឈិម​បូ​ពា៍​របស់លោក ត្រាំ អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ផ្តាច់​យក​ទឹកដី​ដែលមាន​ជនជាតិ​ជ្វី​ហ្វ​រស់នៅក្នុង​តំបន់​នៅ West Bank ទោះ​ផែនការ​នេះ ត្រូវបាន​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ចាត់ទុកថា​ខុសច្បាប់​។ ជា​ថ្នូរ​មកវិញ ប៉ា​ឡេ​ស្ទី​ន​នឹង​ក្លាយទៅជា​រដ្ឋ​អធិបតេយ្យ និង​មានការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​មិនអាច​មាន​យោធា​ឡើយ​។ មិនតែប៉ុណ្ណោះ ប៉ា​ឡេ​ស្ទី​ន នឹងមាន​រដ្ឋធានី​នៅ​ជាយក្រុង​ហ្សេ​រុយ​សា​ឡឹម ខណៈ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ដែល​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ទាមទារ​យកមក​ធ្វើជា​រដ្ឋធានី​រៀងៗ​ខ្លួន នឹង​ស្ថិតក្រោម​អធិបតេយ្យ​របស់​អ៊ីស្រាអែល​ទាំងស្រុង​។​
 
​ទាក់ទង​បញ្ហា​នេះ ប៉ា​ឡេ​ស្ទី​ន​វិញ​បដិសេធ​ដាច់ខាត មិន​ចរចា​ជាមួយ​រដ្ឋបាល​របស់លោក ត្រាំ ឡើយ​
​ដោយ​សំ​អា​ថា អាមេរិក​លំអៀង​ទៅខាង​អ៊ីស្រាអែល​។ សហភាព​អឺរ៉ុប រិះគន់​ផែនការ​របស់លោក​ប្រធានាធិបតី ត្រាំ ដោយ​ថា​នឹង​មិនអាច​សម្រេច​ដំណោះស្រាយ​រដ្ឋ​ពីរ​បានឡើយ​។​
 
​សម្ព័ន្ធ​អារ៉ាប់ ក៏មាន​គម្រោង​ជួបប្រជុំ​ពី​ចម្ងាយ​នៅ​សប្តាហ៍​ខាងមុខនេះ​ផងដែរ​ដើម្បី​ពិភាក្សា​ពី​គម្រោង​ផ្តាច់​ទឹកដី​របស់​អ៊ីស្រាអែល មុននឹង​រដ្ឋាភិបាលចម្រុះ​អ៊ីស្រាអែល​អាច​សម្រេច​ផែនការ​នេះ​ក្នុង​ខែកក្កដា​៕

© រក្សាសិទ្ធិដោយ thmeythmey.com