COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ គាំទ្រ​ឲ្យ Bundesliga ប្រកួត​វិញ ទោះ​នៅមាន COVID-19
06, May 2020 , 4:50 pm        
រូបភាព
លោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់
លោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ លោក Jens Spahn គាំទ្រ​ចំពោះ​ផែនការ​ត្រឡប់​ទៅកាន់​ការប្រកួត​លី​គ Bundesliga ឡើងវិញ​ដោយ​បិទទ្វារ​កីឡដ្ឋាន​នៅ​ចុងខែ​នេះ បើ​ទោះ COVID-19 នៅមាន​វត្តមាន​នៅឡើយ​។ អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ផ្តល់​ភ្លើង​បៃតង​ក្នុងការ​អនុ​ញ្ជា​តិ​ឲ្យ​លី​គ​វិល​មកវិញ​នៅ​ថ្ងៃទី​១៥ ខែឧសភា​នេះ​។​


 
Bundesliga អាច​នឹង​ត្រឡប់​ទៅរក​ការប្រកួត​ឡើងវិញ​សម្រាប់​ជំនួប​សេសសល់​រដូវ​កាល​នេះ​នៅ​ថ្ងៃទី​១៥ ខែឧសភា ដែល​នឹងធ្វើ​ឲ្យ​លី​គ​កំពូល​អាល្លឺម៉ង់​មួយ​នេះ​ក្លាយ​ជាលី​គ​ទីមួយ​ក្នុងចំណោម​លី​គ​ធំៗ​ទាំង​៥​នៅ​អឺរ៉ុប​ចាប់ផ្តើម​មុនគេ តាំងពី​ការផ្អាក​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 មក​។​
 
​លោក Jens Spahn បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​អាល្លឺម៉ង់ Deutschlandfunk នៅ​ថ្ងៃទី​៥ ខែឧសភា​ថា​៖« គម្រោង​ចាប់ផ្តើម​លី​គ​ឡើងវិញ​ពិតជា​សម​ហេតុផល ហើយ​នេះ​អាច​ធ្វើជា​គំរូ​សម្រាប់​កីឡា​អាជីព​ផ្សេងៗ​ទៀត​»​។ យ៉ាងណាក៏ដោយ​លោក Spahn បាន​លើក​ជា​សំនួ​រថា​តើ​គួរ​ដំណើរការ​យ៉ាងដូចម្តេច​ផងដែរ​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) ដែល​គ្រប់គ្រង​លី​គ​ទាំងពីរ​កម្រិត​របស់​អា​ល្លឺ​ម៉​ង់ ក៏​សង្ឃឹម​ដែរ​ថា​នឹ ង​ឈាន​ទៅមុខ​ដោយ​រលូន​ក្នុងការ​ចាប់ផ្តើម​រដូវ​កាល​នេះ​ឡើងវិញ ជាមួយនឹង​ការប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​នៅ​ថ្ងៃទី​១៥ ខែឧសភា​។ ការលើកឡើង​របស់ DFL គឺ​ស្របពេល​អធិការបតី Angela Merkel បានផ្តល់​ភ្លើង​បៃតង​មុនពេល​អ្នកស្រី ជួប​ជាមួយ​អភិបាលក្រុង​ទាំង​១៦​ក្នុងប្រទេស នា​សន្និសីត​នៅ​ថ្ងៃ​ពុធ​ទី​៦ ខែឧសភា​នេះ​។​
 
​ក្រុម​មួយចំនួន​រួមទាំង​ម្ចាស់​ជើងឯក Bundesliga រដូវ​កាល​មុន Bayern Munich សុទ្ធតែ​បាន​បន្ត​ការហ្វឹកហាត់​ឡើងវិញ​នៅតាម​មូលដ្ឋាន​ក្រុម​របស់​ពួកគេ​រៀងខ្លួន ដោយ​អនុវត្តតាម​វិធានការណ៍​គម្លាត​សុ​វត្តិភាព (Social Distancing)​។​
 
​លី​គ​បាល់ទាត់​អាល្លឺម៉ង់ ត្រូវបាន​ផ្អាក​តាំងពី​ថ្ងៃទី​១៣ ខែមីនា ដោយសារ COVID-19 បាន​ចម្លងជំងឺ​ដល់​មនុស្ស​ជិត​១៧​ម៉ឺន​នាក់​នៅ​អាល្លឺម៉ង់ ក្នុងនោះ​អ្នកស្លាប់​ជិត​៧០០០​នាក់​។ ស្របពេល Bundesliga ត្រៀម​នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នោះ លី​គ​នៅ​ជិតខាង​ខ្លួន​រួមមាន​ហូ​ឡង់ Eredivisie និង​លី​គ​កំពូល​បារាំង Ligue 1 សុទ្ធតែ​ត្រូវបាន​រំសាយ​ចោល​តែម្តង​។ ដោយឡែក La Liga របស់​អេ​ស្ប៉ា​ញ​ក៏មាន​ភាគរយ​ច្រើន​ក្នុងការ​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​របស់​ខ្លួន​ផងដែរ ខណៈ Premier League របស់​អង់គ្លេស​កំពុងស្ថិត​ក្នុង​ការពិចារណា​៕


Tag:
 Bundesliga
  Jens Spahn
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com