ក្រសួងអប់រំកូរ៉េខាងត្បូង បានសម្រេចបើកសាលារៀនមួយចំនួនឡើងវិញនៅថ្ងៃទី២០ ខែឧសភា បន្ទាប់ពីបិទអស់មួយរយៈដោយសារ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ការបើកសាលានៅពេលនេះ គឺស្របពេលករណីឆ្លងកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូង បានស្ទុះឡើងជាថ្មី។
សាលារៀនថ្នាក់វិទ្យាល័យ សាលាដែលមានសិស្សតិចមួយចំនួននៅទូទាំងកូរ៉េខាងត្បូង ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញហើយ នៅថ្ងៃទី២០ ខែឧសភានេះ ដោយអនុវត្តទៅតាមគម្រោងបើកសាលាជាដំណាក់កាលរបស់រដ្ឋាភិបាល។ តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំកូរ៉េខាងត្បូង សិស្សវិទ្យាល័យ គឺជាក្រុមដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យចូលរៀនក្នុងថ្នាក់ជាធម្មតា។
ក្រៅពីសិស្សវិទ្យាល័យ សាលារៀនតូចៗដែលមានចំនួនសិស្សតិចជាង ៦០នាក់ ក៏ត្រូវបានគេអនុញ្ញាតឲ្យបើកឡើងវិញនៅទូទាំងប្រទេសផងដែរ ដោយរួមទាំងថ្នាក់បឋមសិក្សា។ ចំណែកសិស្សថ្នាក់មតេយ្យ និងសិស្សថ្នាក់ផ្សេងទៀត នឹងអនុញ្ញាតឲ្យមកសាលារៀនវិញ នៅថ្ងៃទី៨ ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ដើម្បីធានាសុវត្ថិភាពរបស់សិស្សសាលា រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង លោកស្រីYoo Eun-hae បានដាក់ចេញវិធានការការពារចំនួន ៧ចំណុច ដែលតម្រូវឲ្យសាលា ក៏ដូចជាសិស្សទាំងអស់អនុវត្តតាម។ ក្នុងវិធានការទាំងនោះមានដូចជា ការពិនិត្យកម្ដៅមុនចូលរៀន, សិស្សឈឺ ហាមមកសាលារៀន, ជូតសម្អាតតុរៀនរាល់ព្រឹក, បើកបង្អួចសាលារៀនឲ្យមានខ្យល់អាកាសចេញចូល, ពាក់ម៉ាស់ការពារ លើកលែងតែម៉ោងបាយថ្ងៃត្រង់, លាងដៃឲ្យញឹកញាប់, និងត្រូវប្រាប់ពេទ្យប្រចាំសាលារៀន បើមានអារម្មណ៍មិនស្រួលខ្លួន។
ការបើកសាលារៀនក្នុងកាលៈទេសៈ COVID-19 នេះ គឺសំខាន់ណាស់សម្រាប់សិស្សវិទ្យាល័យ ដែលត្រៀមប្រលងចូលសកលវិទ្យាល័យនាខែវិច្ឆិកាខាងមុខនេះ និងជួយសម្រាលបន្ទុកម្តាយឪពុក ដែលធ្វើការនៅការិយាល័យ។
ការបើកសាលារៀននៅពេលនេះ គឺធ្វើឡើងស្របពេលកូរ៉េខាងត្បូង បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លង COVID-19 ជាថ្មីនៅក្នុងប្រទេស។ ក្នុងថ្ងៃទី២០ ខែឧសភានេះ កូរ៉េខាងត្បូងមានករណីឆ្លង៣២ករណី ដែលបញ្ចូលករណីឆ្លងក្នុងស្រុកមាន២៤នាក់) ហើយករណីឆ្លងមួយចំនួន គឺអាជ្ញាធរសុខាភិបាល មិនទាន់រកឃើញពីប្រភពចម្លងនៅឡើយ។
បញ្ហាដែលកូរ៉េខាងត្បូងបារម្ភខ្លាំងជាងគេពេលនេះ គឺករណីឆ្លងCOVID-19 ជាចង្កោមចំនួន ៤ករណី នៅក្នុងមន្ទីរពេទ្យ Samsung នាទីក្រុងសេអ៊ូល។ បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង កំពុងស្រាវជាវរកប្រភពចម្លងកូរ៉ូណាវីរុស ដែលទាក់ទងនឹងបុគ្គលិកពេទ្យចំនួន ៤នាក់នេះ។ តាមការស្រាវជ្រាវ គេបានរកឃើញមនុស្សចំនួន ៦២៣នាក់មានទំនាក់ទំនងជាមួយបុគ្គលិកពេទ្យ នៅមន្ទីរពេទ្យ Samsung។
តួលេខសរុបរបស់កូរ៉េខាងត្បូង បានកើនឡើងដល់ ១១១១០ករណី អ្នកស្លាប់មានចំនួន ២៦៣នាក់ និងអ្នកជាសះស្បើយមានចំនួន ១០០៦៦នាក់៕