ជាតិ
សង្គមជាតិ
វេជ្ជបណ្ឌិត សុខ ប៉ូ​៖ ជនខិលខូច បានសម្លាប់​កិត្តិយស​មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់ឈាម និង​គោលនយោបាយ​រដ្ឋាភិបាល​
27, Aug 2020 , 10:58 am        
រូបភាព
​ភ្នំពេញ​៖ ជនខិលខូច​មួយចំនួន កំពុង​សម្លាប់​កិត្តិយស​មជ្ឈមណ្ឌលជាតិ​ផ្ដល់​​ឈាម និង​គោលនយោបាយ​រដ្ឋាភិបាល តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​រឿង​ផ្ដល់​ឈាម​។ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​ការផ្ដល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​» នៅ​ថ្ងៃទី​២៧ សីហា​។​

 
​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម តែងតែ​ផ្ដល់​ឈាម​ឥតគិតថ្លៃ​ដល់​ជនរងគ្រោះ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​គ្រាន់តែ​តម្រូវឱ្យ​គ្រួសារ​អ្នកជំងឺ រក​ឈាម​មក​ដោះដូរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជនខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​រកស៊ី​ទិញ​-​លក់​ឈាម​នេះ​ទៅវិញ​។​
 
​ត្រង់ចំណុច​នេះ លោក សុខ ប៉ូ បាន​សង្កត់ធ្ងន់ថា ជនខិលខូច ដែល​ប្រក​បរបរ​ស៊ីឈ្នួល​ទិញ​-​លក់​«​ឈាម​» តែងតែ​ធ្វើ​សកម្មភាព​នៅតាម​មន្ទីរពេទ្យ​នានា ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ប្រាប់​ទៅ​ពលរដ្ឋ ឬ​គ្រួសារ​អ្នកជំងឺ​ឱ្យ​បង់​ថវិកា​ឱ្យ​ពួកគេ ដើម្បី​ជា​ថ្នូរ​នឹង​«​ឈាម​» ដែល​ពួកគេ​ដើររក​ឱ្យ​។​
 
​បើតាម​លោក សុខ ប៉ូ ដែល​ធ្លាប់​ដឹង​ពី​បញ្ហា​នេះ បាន​ពន្យល់ថា ជន​ឆ្លៀតឱកាស​ទាំងនោះ តែងតែ​ហាម​គ្រួសារ​អ្នកជំងឺ មិនឱ្យ​រក​ឈាម ឬ​បរិច្ចាក​ឈាម មក​ដោះដូរ ដើម្បី​បាន​«​ឈាម​»​ជួយ​អ្នកជំងឺ​ទេ ពោលគឺ​ពួកគេ ប្រាប់​គ្រួសារ​អ្នកជំងឺ ឱ្យ​បង់ប្រាក់​ឱ្យ​ពួកគេ ដើម្បី​បាន​«​ឈាម​» ទៅប្រើ​ប្រាស់​តាម​តម្រូវការ​ទៅវិញ​។​
 
​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ហៅ​សកម្មភាព​ជនខិលខូច​ទាំងនោះ​ថា ជាការ​សម្លាប់​កិត្តិយស​មជ្ឈមណ្ឌល​ផ្ដល់​ជាតិ​ឈាម ក្រសួងសុខាភិបាល និង​គោលនយោបាយ​រដ្ឋាភិបាល​។​«​ជនខិលខូច​តែងតែ​ធ្វើឱ្យ​នយោបាយ​រដ្ឋាភិបាល​(​រង​ផល​)​ប៉ះពាល់ និង​ខូចខាត​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​បាន​បន្ថែមថា អាជ្ញាធរ​ក៏បាន​បង្ក្រាប និង​អប់រំ ជនខិលខូច​ទាំងនោះ បាន​២០០ ទៅ​៣០០​នាក់​មកហើយ ។​
 
​ដើម្បី​ទប់ស្កាត់​សកម្មភាព​ជនខិលខូច​ទាំងនេះ លោក សុខ ប៉ូ ក៏​ស្នើឱ្យ​មានការ​ផ្សព្វផ្សាយ អប់រំ និង​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ការផ្ដល់​ឈាម​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​
 
​តម្រូវការ​ឈាម​នៅ​កម្ពុជា មានការ​កើនឡើង​ជាង​២០​ភាគរយ ពោលគឺ​ជាង​១​ម៉ឺន​ប្លោក ជា​រៀងរាល់ឆ្នាំ​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា ត្រូវការ​ឈាម​ជាង​៦​ម៉ឺន​ប្លោក និង​ឆ្នាំ​២០១៩ ជាង​៨​ម៉ឺន​ប្លោក ហើយ​នៅ​ឆ្នាំ​២០២០​នេះ មាន​តម្រូវការ​កើនឡើង​ជាង​១,៣​ម៉ឺន​ប្លោក​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត សុខ ប៉ូ​។​
 
​បើតាម​លោក សុខ ប៉ូ ការបរិច្ចាគ​ឈាម គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ប៉ុន្តែ​វា​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ ដូចជា​បញ្ហា​មហារីក​ជាដើម​។ បើតាម​លោក សុខ ប៉ូ ដដែល បុរស​អាច​បរិច្ចាគ​ឈាម បាន​៤​ដង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​បើ​ការបរិច្ចាគ​ឈាម លើសពីនេះ នឹង​អាច​ប្រឈមមុខ​នឹង​បញ្ហា​ខូច​ខួរឆ្អឹងខ្នង​ទៅវិញ នាពេល​អនាគត​។​
 

Tag:
 ការផ្ដល់​ឈាម
© រក្សាសិទ្ធិដោយ thmeythmey.com