អន្តរជាតិ
ឥណ្ឌា សួរចិនពីការបាត់ខ្លួនជនស៊ីវិល៥នាក់នៅក្បែរតំបន់ជម្លោះ
07, Sep 2020 , 11:59 pm        
រូបភាព
រថយន្តឥណ្ឌា ដែលកំពុងបើកលើដងវិថី ដែលឆ្ពោះទៅតំបន់Ladask នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Reuters
រថយន្តឥណ្ឌា ដែលកំពុងបើកលើដងវិថី ដែលឆ្ពោះទៅតំបន់Ladask នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Reuters
កងទ័ពឥណ្ឌា នៅថ្ងៃទី៧ ខែកញ្ញា បានសួរភាគីចិនជុំវិញការបាត់ខ្លួនរបស់ជនស៊ីវិល៥នាក់ នៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិន និងឥណ្ឌា។ ការបាត់ខ្លួនជនស៊ីវិលនេះ កើតឡើងស្របពេលភាពតានតឹងតាមព្រំដែនរវាងចិន និងឥណ្ឌាកំពុងតែកើនឡើង។


 
បញ្ហាចម្រូងចម្រាសតាមព្រំដែនរវាងចិន និងឥណ្ឌា បានកើតឡើងជាថ្មី បន្ទាប់ពីឥណ្ឌានៅដើមសប្តាហ៍មុន បានចោទចិនថា ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែន។ ជាការឆ្លើយតប ភាគីចិន បានវាយបកថា ឥណ្ឌាទៅវិញទេ ដែលបង្កបញ្ហានេះ។ បញ្ហាតាមព្រំដែននេះ បានក្លាយជាប្រធានមួយដ៏សំខាន់នៅក្នុងជំនួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងចិន នៅទីក្រុងមូស្គូ ប៉ុន្តែភាគីទាំងពីរ បានជជែកយកត្រូវរៀងៗខ្លួន។ 
 
បញ្ហាមួយមិនទាន់ដោះស្រាយចប់ផង បញ្ហាមួយទៀតក៏ចូលមកដល់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កងទ័ពឥណ្ឌា នៅថ្ងៃទី៧ ខែកញ្ញា បានសួរកងទ័ពចិនជុំវិញបញ្ហាបាត់ខ្លួនជនស៊ីវិលចំនួន ៥នាក់ នៅក្បែរតំបន់ជម្លោះ កាលពីពីរបីថ្ងៃមុន។
 
«យើង បាននិយាយជាមួយពួកគេ [កងទ័ពចិន] តាមប្រព័ន្ធទូរសព្ទយោធា និងប្រាប់ពួកគេថា វាមានការសង្ស័យថាជនជាតិឥណ្ឌាមួយចំនួន បានឆ្លងព្រំដែនទៅទឹកដីចិន ហើយយើងនឹងដឹងគុណ ប្រសិនបើទាហានចិនប្រគល់អ្នកទាំងនោះត្រលប់មកវិញ»។ នេះជាសម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា វរសេនីយ៍ទោ Harsh Wardhan Pande ដែលបន្ថែមថា ការជជែកតាមទូរសព្ទធ្វើនៅថ្ងៃទី៥ ខែកញ្ញា។ 
 
បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា គ្មានការរកឃើញដានណាមួយចូលទៅក្នុងព្រៃ ឬទៅភ្នំឡើយ ប៉ុន្តែជនស៊ីវិលទាំង៥នាក់នោះ អាចឆ្លងព្រំដែនទៅចិន។ យ៉ាងណាក៏ដោយ លោក Pande ក៏បានបញ្ជាក់ផងដែរថា មកទល់ពេលនេះ ភាគីចិន មិនទាន់បានឆ្លើយតបមកឥណ្ឌាវិញទេ។ 
 
ការចោទសួររបស់ភាគីឥណ្ឌាទៅចិនបែបនេះ ធ្វើឡើយបន្ទាប់ពីប៉ូលិសឥណ្ឌា បានស៊ើបអង្កេតលើបញ្ហានេះ និងបន្ទាប់ពីសាច់ញាតិរបស់អ្នកបាត់ខ្លួនបានអះអាងលើបណ្តាញសង្គម Facebook ថាកងទ័ពរំដោះប្រជាជនចិន បានចាប់ខ្លួនបុរសទាំង៥នាក់នោះ។ ពួកគេ មកពីរដ្ឋ Arunachal Pradesh ដែលចិនទាមទារជាចំណែកខ្លួនដោយហៅថា ទីបេខាងត្បូង ។ 
 

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com