សង្គមអន្តរជាតិ​
អន្តរជាតិ
ការស្ទង់មតិ​របស់​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ Pew បង្ហាញថា កេរ្តិ៍ឈ្មោះ​អាមេរិក​លើ​ឆាក​អន្តរជាតិ​ធ្លាក់ចុះ ក្រោម​ការដឹកនាំ​របស់​លោក Trump
30, Sep 2020 , 7:59 pm        
រូបភាព
​លោក​ប្រធានាធិបតី Donald Trump ថ្លែង​អំពី​យុទ្ធសាស្ត្រ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ធ្វើឡើង​នៅ​សួន​កុលាប​នៃ​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
​លោក​ប្រធានាធិបតី Donald Trump ថ្លែង​អំពី​យុទ្ធសាស្ត្រ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ធ្វើឡើង​នៅ​សួន​កុលាប​នៃ​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
ដោយ: VOA
​ការស្ទង់មតិ​នោះ ក៏បាន​រកឃើញ​ផងដែរ​ថា ការចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​ដៃគូរ​នោះ គឺពាក់ព័ន្ធ​ទៅនឹង​ចំណាត់ការ​របស់ខ្លួន​ទាក់ទង​នឹង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​សហរដ្ឋអាមេរិក​។​

 
​កេរ្តិ៍ឈ្មោះ​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​ពិភពលោក ត្រូវបាន​ចុះថយ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ចាប់តាំងពី​លោក​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​មក នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ដែល​មិន​ប្រកាន់​គណបក្ស​។​
 
​តាម​ការស្ទង់មតិ​មួយ​ដែលមាន​ប្រទេស​ចំនួន​១៣​ចូលរួម ហើយ​ដែល​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិក Pew បាន​រកឃើញថា មាន​អ្នក​ឆ្លើយតប​ក្នុង​ការស្ទង់មតិ​ក្នុងប្រទេស​អង់គ្លេស ចំនួន​តែ​៤១% ប៉ុណ្ណោះ ដែលមាន​ទស្សនៈ​គាំទ្រ​សហរដ្ឋអាមេរិក ដែល​នេះ ជា​ចំនួន​ភាគរយ​គាំទ្រ​ដ៏​តិច​បំផុត បើ​ប្រៀបធៀប​ជាមួយ​ការស្ទង់មតិ​មុនៗ​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew របស់​អាមេរិក​នេះ​។​
 
​ដោយឡែក​នៅក្នុង​ប្រទេស​បារាំង​វិញ មាន​ពលរដ្ឋ​បារាំង​ប្រមាណ​តែ​៣១% ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​គាំទ្រ​សហរដ្ឋអាមេរិក ដែល​ចំនួន​នេះ គឺ​ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការស្ទង់មតិ​កាលពី​ខែមីនា ឆ្នាំ​២០០៣ ដែរ ដែល​កាលនោះ​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ជាមួយគ្នា ជុំវិញ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅពេលនោះ នេះ​បើ​យោងទៅលើ​លទ្ធផល​នៃ​ការស្ទង់មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​
 
​ការស្ទង់មតិ​នោះ ក៏បាន​រកឃើញ​ផងដែរ​ថា ការចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​ដៃគូរ​នោះ គឺពាក់ព័ន្ធ​ទៅនឹង​ចំណាត់ការ​របស់ខ្លួន​ទាក់ទង​នឹង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​សហរដ្ឋអាមេរិក​។ មាន​ប្រទេស​ចំនួន​តែ​១៥% ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ ដែល​ឆ្លើយ​គាំទ្រ និង​ផ្តល់​ពិន្ទុ​ល្អ​ដល់​ចំណាត់ការ ជុំវិញ​រឿង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​។​
 
​ប្រទេស​ភាគច្រើន​និយាយថា អង្គការ​សុខភាព​ពិភពលោក​និង​សហភាព​អឺរ៉ុប ធ្វើ​ការងារ​បានល្អ​ប្រសើ​រ​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នេះ​។ ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់ លើកលែងតែ​សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស​ចេញ បានផ្តល់​ពិន្ទុ​វិជ្ជមាន​ដល់​រដ្ឋាភិបាល​របស់គេ ក្នុងការ​ទប់ស្កាត់​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នោះ​។​
 
​ទោះបី​ជាមាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​ជឿជាក់ថា ប្រទេស​ចិន បានធ្វើ​ការងារ​ដោយ​ប្រសិទ្ធិភាព​ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺឆ្លង​រាតត្បាត​នេះ ប្រទេស​ចិន​នៅតែ​ទទួលបាន​ពិន្ទុ​ប្រសើរ​ជាង​ប្រទេស​អាមេរិក​។​
 
​ការបំពេញ​ការងារ​រ​ប​ស់លោក ត្រាំ នៅលើ​ឆាក​អន្តរជាតិ នៅតែ​ស្ថិតក្នុង​កំរិត​ទាប​ចាប់​តាំ​ពី​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​ឆ្នាំ​២០១៦​មក នេះ​បើ​យោងតាម​ការស្ទង់មតិ​នោះ​។ ប្រទេស​ប៊ែ​ល​ហ្សិ​ក បាន​វាយតម្លៃ​លោក​ត្រាំ​ក្នុងន័យ​អវិជ្ជមាន​ខ្លាំង ដោយមាន​សំឡេង​តែ​៩% ប៉ុណ្ណោះ ដែល​ផ្តល់​ជំនឿ​ចិត្ត​ថា លោក ត្រាំ នឹងធ្វើ​អ្វីដែល​ជាការ​ត្រូវ នៅពេល​សម្រេច​កិច្ចការ​ពិភពលោក​នោះ​។ ប្រទេស​ជប៉ុន បាន​វាយតម្លៃ​លោក​ត្រាំ​ក្នុង​ពិន្ទុ​ខ្ពស់បំផុត ដោយ​១​ភាគ​៤ នៃ​អ្នកចូលរួម​ឆ្លើយ​សំណួរ បានបង្ហាញ​ពី​ជំនឿ​ចិត្ត​លើ​លោក​ត្រាំ​។​
 
​ឥរិយាបទ​របស់​ប្រទេស​លើ​ពិភពលោក​ចំពោះ​លោក ត្រាំ តែងតែមាន​លក្ខណៈ​ទាប​ជាង បើ​ប្រៀបធៀប​នឹង​អតីត​ប្រធានាធិបតី លោក Barack Obama ជាពិសេស​ក្នុង​តំបន់​ប្រទេស​អឺរ៉ុប​ខាងលិច នេះ​បើតាម​លទ្ធផល​នៃ​ការ​ស្ទង់​មិ​តិ​នោះ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី លោក ត្រាំ ត្រូវបាន​គេ​មើលឃើញថា មានការ​ចូលចិត្ត​ច្រើន​ក្នុងចំណោម​ពលរដ្ឋ​អឺរ៉ុប ដែលមាន​ទស្សនៈ​ប្រកាន់​គណបក្ស​ស្តាំនិយម​។ ទោះជា​ដូចនេះ​ក្តី ទំនុកចិត្ត​ដែល​គេ​មាន​ចំពោះ​លោក​ត្រាំ​ក៏​នៅតែមាន​លក្ខណៈ​ទាប​នៅឡើយ ក្នុងចំណោម​ក្រុម​ទាំងអស់ នេះ​បើ​យោងទៅលើ​ការរកឃើញ​នៃ​ការស្ទង់មតិ​នោះ​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew កត់សម្គាល់​ឃើញថា អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស Vox ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ចំនួន​៤៥% មាន​ភាពជឿជាក់​លើ​សម​ត្ថ​ភាព​ដឹកនាំ​របស់លោក​ត្រាំ ក្នុងការ​ចាត់ចែង​បញ្ហា​ពិភពលោក ដែល​ចំនួន​នេះ គឺ​ខ្ពស់ជាង​៧% នៃ​ចំនួន​ពលរដ្ឋ​អេ​ស្ប៉ា​ញ​ទូទៅ ដែល​មិន​គាំទ្រ​គណបក្ស Vox នោះ​។​
 
​លោក​ត្រាំ​មាន​ចំណាត់ថ្នាក់​ចុងក្រោយ​គេ បើ​ប្រៀបធៀប​ជាមួយ​មេដឹកនាំ​ពិភពលោក​ចំនួន​៦​នាក់ នៅក្នុង​ការ​ស្ទង់​មិ​តិ​នោះ​។ អ្នក​ឆ្លើយតប​ចំនួន​៨៣% និយាយថា ពួកគេ​មិនមាន​ទំនុកចិត្ត​ដែលថា លោក​ត្រាំ​នឹងធ្វើ​ការសម្រេច​ចិត្តបាន​ល្អ​ទាក់ទង​នឹង​កិច្ចការ​ពិភពលោក​នោះ ដែល​ចំនួន​នេះ គឺ​ខ្ពស់ជាង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែលមាន​ការមិនទុកចិត្ត​ចំនួន​៧៨% ហើយ​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin មាន​ការមិនទុកចិត្ត​លោក​ប្រមាណ​៧៣%​។​
 
​សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ ទៅនឹង​លទ្ធផល​នៃ​ការស្ទង់មតិ​នោះទេ ប៉ុន្តែ​លោក ត្រាំ នៅតែ​ប្រកាន់​ជំហរ​ថា លោក​ធ្វើ​ការងារ​បានល្អ ក្នុងការ​ទប់ទល់​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។ ទោះបីជា​លោក​អះអាង​យ៉ាងនេះ​ក្តី សហរដ្ឋអាមេរិក នៅតែ​ស្ថិតនៅ​ជា​ប្រទេស​នាំមុខគេ​ដែលមាន​អ្នក​ឆ្លង​និង​អ្នកស្លាប់​ច្រើនជាងគេ​បំផុត​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្នុងចំណោម​ប្រទេស​នានា​នៅលើ​ពិភពលោក​។​
 
​ក្នុងអំឡុងពេល​នៃ​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​កាលពី​ខែ​មុន លោក​ត្រាំ​ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖
 
«​នៅពេលដែល​អ្នកមើល​ការងារ​ដែល​យើង​បានធ្វើ ហើយ​ប្រៀបធៀប​ទៅ​ប្រទេស​ដ៏​ទៃ គឺ​យើង​ធ្វើ​ការងារ​បានល្អ​ណាស់​»​។​
 
​លោក ត្រាំ ក៏បាន​លើកឡើង​ផងដែរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា សហរដ្ឋអាមេរិក មិនបាន​ទទួលរង​ផលប៉ះពាល់​ខ្លាំងក្លា ដោយសារ​វីរុស​កូ​រ៉ូ​ណា​នោះទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃទៀត​នោះ​។​
 
​លោក ត្រាំ បន្ថែម​ក្នុង​សម្តី​ដើម​ទៀតថា «​យើង​ធ្វើការ​នេះ​បានល្អ ហើយ​លើសពីនេះទៅទៀត បើ​អ្នកមើល​តួលេខ​វិញ គឺថា យើង​ទទួលរង​ការប៉ះពាល់​តិចជាង​ប្រទេស​ដទៃ​។​
 
​ក្នុង​បទសម្ភាសន៍​មួយ​នាពេល​ថ្មីៗ​នេះ ជាមួយ​គេហទំព័រ​ព័ត៌មាន Axios លោក ត្រាំ​លើកឡើងថា សហរដ្ឋអាមេរិក ធ្វើ​ការងារ​បានល្អ ហើយ​អស្ចារ្យ​ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នេះ​។​
 
​លទ្ធផល​រកឃើញ​តាមរយៈ​ការស្ទង់មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew គឺ​ផ្អែកលើ​អ្នក​ឆ្លើយតប​ចំនួន ១៣.២៧៣ នាក់ ដែល​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​រវាង​ពីថ្ងៃ​ទី​១០​ខែមិថុនា ដល់​ថ្ងៃទី​៣ ខែសីហា​។ អ្នក​ឆ្លើយតប​ទាំងនោះ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី ប៊ែ​ល​ហ្សិ​ក កាណាដា  ដា​ណឺ​ម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូ​ឡង់ កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ ស៊ុយអែត និង​អង់គ្លេស​។ សហរដ្ឋអាមេរិក មិនត្រូវ​បា​នប​ញ្ជូ​ល​ក្នុង​ការស្ទង់មតិ​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com