អន្តរជាតិ
សត្វ​ប្រភេទ Marsupial ដែល​ជិត​ផុត​ពូជ​បាន​ត្រូវ​ដោះលែង​នៅក្នុង​តំបន់​មួយ​គ្មាន​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​នៅ​អូស្ត្រាលី​
09, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ សត្វ bilby ដែលជា​សត្វ​ជិត​ផុត​ពូជ​បំផុត​របស់​អូស្ត្រាលី ត្រូវបាន​គេ​ឃើញ​វា កំពុង​រក​ចំណី​នៅក្នុង​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០០៩​។​
​រូប​ឯកសារ​៖ សត្វ bilby ដែលជា​សត្វ​ជិត​ផុត​ពូជ​បំផុត​របស់​អូស្ត្រាលី ត្រូវបាន​គេ​ឃើញ​វា កំពុង​រក​ចំណី​នៅក្នុង​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០០៩​។​
ដោយ: VOA
​ជាង​មួយ​សតវត្សរ៍​ក្រោយពី​បាន​ត្រូវ​ប្រកាសថា ផុត​ពូជ​នៅក្នុង​រដ្ឋ New South Wales នៃ​ប្រទេស​អូស្ត្រាលី សត្វ bilby ដែលជា​សត្វ​ប្រភេទ marsupial មាន​ត្រចៀក​ដូច​ទន្សាយ​និង​ដែល​អាច​ងាយ​រងគ្រោះ បាន​ត្រូវ​លែង​នៅក្នុង​តំបន់​ធំ​មួយ​គ្មាន​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​នៅក្នុង​ទី​រហោ​ដ្ឋា​ន​មួយ​ចម្ងាយ​១​ពាន់ ២​រយ គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីដនី​។ ការលែង​សត្វ​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បន្ត​ពូជ​ថ្មី​មួយ​នៅឯ​សួនសត្វ Taronga Western Plains Zoo ក្នុង​រដ្ឋ New South Wales​។​

 
​ការដោះលែង​សត្វ bilby ១០​ក្បាល ជាការ​ប៉ុនប៉ង​យ៉ាង​ក្លាហាន​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី វិលត្រឡប់​ទៅ​គ្រា​មុន​ដែល​សត្វ​ដើម​នៅក្នុង​ប្រទេស​នេះ មិនត្រូវ​យាយី​ដោយ​ឆ្មាព្រៃ និង​កញ្ជ្រោង​។ ចាប់តាំងពី​ជនជាតិ​អឺរ៉ុប​ទៅ​តាំង​លំនៅដ្ឋាន​ក្នុងប្រទេស​អូស្ត្រាលី ចំនួន​សត្វ bilby បាន​ចុះថយ​អស់​៨០%​។ ទន្សាយ បាន​ប្រជែង​ជាមួយ​សត្វ​ប្រភេទ marsupial ដើម្បី​រក​អាហារ​និង​ជម្រក​។ សត្វ​ទាំងនេះ​ក៏​ប្រឈម​នឹង​ការគំរាមកំហែង​ឯទៀតៗ ដោយសារ​ការរានដី និង​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។​
  

​រូប​ឯកសារ​៖ ភ្លើង​ឆេះ​ព្រៃ នៅ​ក្រុង​Adaminaby​ក្នុង​រដ្ឋ​New South Wales នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០​។​
 
​សត្វ bilby នៅរស់​តែ​ក្នុងព្រៃ​ក្នុង​ផ្នែក​ខ្លះ​ក្នុង​តំបន់​កណ្តាល និង​តំបន់​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​។​
 
​ក្រុម​តូច​មួយ​នៃ​សត្វ​នេះ​ដែល​ត្រូវ​បង្កាត់​នៅពេល​ចិញ្ចឹម កំពុង​ត្រូវ​តាមឃ្លាំមើល​នៅក្នុង​កន្លែង​ធំ​មួយ​គ្មាន​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​ក្នុង​ឱទ្យាន​ជាតិ Sturt ក្នុង​ប៉ែក​ពាយ័ព្យ​នៃ​រដ្ឋ New South Wales​។​
 
​គម្រោងការ​វាល​រហោ​ដ្ឋា​ន​ដែល​ខិតខំ​ប្រឹងប្រែង​បង្កើន​ចំនួន​សត្វ bilby ជាថ្មី ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ New South Wales សមាគម​អភិរក្ស Taronga នៃ​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​រដ្ឋ New South Wales​។ គម្រោងការ​នេះ មាន​គោលដៅ​នាំយក​មកវិញ​នូវ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​៧​ក្បាល​ដោយមាន​រួមបញ្ចូល​សត្វ​ប្រភេទ marsupial គឺ burrowing bettong និង golden bandicoot ដែល​បាន​ត្រូវ​ប្រកាសថា ផុត​ពូជ​ក្នុង​រដ្ឋ New South Wales​។ ក្រុម​អ្នក​អភិរក្ស​សត្វ​កម្រ បាន​ប្រើ​កន្លែង​ធំធេង​មាន​របង​ព័ទ្ធជុំវិញ​នៅក្នុង​ឱទ្យាន​ជាតិ Sturt ដើម្បី​រក្សាទុក​សត្វ​កម្រ​ទាំងនេះ​។ អ្នកស្រី Bec West ដែលជា​អ្នក​អេកូឡូស៊ី​ធ្វើការ​ជាមួយ​គម្រោងការ​នេះ​សង្ឃឹមថា សត្វ​ត្រូវ​អភិរក្ស​ទាំងនេះ អាច​រៀន​ឱ្យ​ចៀសវាង​សត្វ​ចង្រៃ​។ អ្នកស្រី Bec West និយាយថា​៖
 
«​យើង​មាន​តំបន់​មួយ​មាន​ទំហំ​១​ម៉ឺន​ហិកតា​នៅ​ជិត​កន្លែង​គ្មាន​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ និង​គ្មាន​ទន្សាយ​។ កន្លែង​នេះ អាចឱ្យ​យើង​រៀបចំ​ដង់ស៊ីតេ​ពួក​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ ដែលជា​កន្លែង​យើង​អាច​លែង​សត្វ bilby ហើយ​អនុញ្ញាតឱ្យ​សត្វ​ទាំងនេះ ដឹង​អំពី​ពួក​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​។ ប្រសិនបើ​សត្វ bilby ជូ​ប​ឆ្មាព្រៃ​មាន​គ្នីគ្នា​តិច ពួកវា នឹង​ដឹង​ជាង​មុន​អំពី​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​។ ម្យ៉ាងវិញទៀត​សត្វ bilby នឹង​ចេះ​គេចខ្លួន​ពីស​ត្វ​ឆ្មាព្រៃ ហើយ​នៅរស់​នៅពេល​ត្រូវ​លែង​ក្នុង​តំបន់​ឯទៀតៗ​ដែលមាន​ពួក​ឆ្មាព្រៃ​»​។​
 
​គេ​ស្ទង់​ប្រមាណ​ថា ឆ្មាព្រៃ​បានសម្លាប់​សត្វ​មាន​ប្រភពដើម​ក្នុងប្រទេស​អូស្ត្រាលី​១​ពាន់ ៤​រយ លាន​ក្បាល​ជា​រៀងរាល់ឆ្នាំ​ក្នុងប្រទេស​អូស្ត្រាលី ដែលជា​អត្រា​បាត់បង់​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​
 
​មាន​សេចក្តី​សង្ឃឹមថា ហេតុការណ៍​នេះ នឹង​ប្រែ​ក្រឡះ​ជាមួយ​ជំនួយ​ពី​គម្រោងការ​នានា​ដែល​បាន​លែង​សត្វ bilby មួយក្រុម​ដែលមាន​កន្ទុយ​វែង​ព៌​ណ​ខ្មៅ​និង​ស និង​មាន​ត្រចៀក​ធំ​ដូច​ត្រចៀក​ទន្សាយ​ទៅក្នុង​ទី​រហោ​ដ្ឋា​ន​។​
 
Bilby ជា​សត្វ​ប្រភេទ marsupial ចេញ​រកស៊ី​នៅពេល​យប់ ហើយ​ជីក​រូង​នៅក្រោម​ដី​ធ្វើជា​ទីជម្រក​ពី​សីតុណ្ហភាព​ខ្ពស់​នៅ​រដូវក្តៅ និង​ដើម្បី​ការពារ​ខ្លួន​ពី​ពួក​សត្វ​ស៊ី​សត្វ​ឯទៀត​ជា​អាហារ​។​
 
​គេ​ស្ទង់​ប្រមាណ​ថា នៅសល់​សត្វ bilby ប្រមាណ​៩​ពាន់​ក្បាល​ក្នុងព្រៃ​ក្នុងប្រទេស​អូស្ត្រាលី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com