អន្តរជាតិ
អាមេរិក​ព្រមាន​អំពី​អំពើហិង្សា​ធ្ងន់ធ្ងរ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា អាច​នាំ​ឲ្យ​អន្តរាយ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​
20, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ ត្រួតពិនិត្យ​បំណែក​នៃ​រថយន្ត​នៅ​កន្លែង​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ស្រុក Ghani Khel ខេត្ត Nangarhar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ ត្រួតពិនិត្យ​បំណែក​នៃ​រថយន្ត​នៅ​កន្លែង​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ស្រុក Ghani Khel ខេត្ត Nangarhar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​។​
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា អំពើហិង្សា​កម្រិត​ខ្ពស់​ដ៏​គួរ​ឲ្យ​បារម្ភ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ កំពុង​គំរាមកំហែង និង​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​របស់​រដ្ឋាភិបាល​អាមេរិក ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់ និង​ដំណើរ​ការចរចា​សន្តិភាព​ផ្ទៃក្នុង​ដែល​កំពុង​កើតមាន ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

 
​លោក Zalmay Khalilzad (​ហ្សា​ល់​មេ ខាល់​លីហ្សា​ដ​) បេសកជន​ពិសេស​សហរដ្ឋអាមេរិក សម្រាប់​ប្រទេស​ដែល​រង​នូវ​ភាពច្របូកច្របល់​ខ្លាំង​មួយ​នេះ បានចេញ​ផ្សាយ​នូវ​សេចក្តី​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​យ៉ាង​ដូច្នេះ គឺ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​តា​លី​បង់​បាន​បង្កើន​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​សន្តិសុខ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តាម​សមរភូមិ​ជាច្រើន ដែល​រួមមាន​ការវាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​កាលពី​សបា្តហ៍​មុន ក្នុង​ខេត្ត Helmand (​ហែល​មែន​) ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​នេះ​ផងដែរ​។​
 
​លោក​បាន​ថ្លែង​ក្នុង​សារ​ជា​បន្តបន្ទាប់​លើ​បណ្តាញ​ទ្វី​ត​ធឺ​ថា ការរំពឹង​របស់​យើង​គឺថា អំពើហិង្សា​នឹង​ថមថយ​។ 
 
​អំពើហិង្សា​គួរ​ត្រូវបាន​កាត់បន្ថយ​ជា​និរន្ត ក្រោយ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា ជាមួយ​ក្រុម​តា​លី​បង់​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្នុងការ​លើកកម្ពស់​កា​រ​បញ្ចប់​នូវ​ជម្លោះ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​រយៈពេល​១៩​ឆ្នាំ តាមរយៈ​ការចរចា និង​ជាការ​ខិតខំ​ដ៏​យូរ​បំផុត​របស់​អាមេរិក​នោះ​។​
 
​កាលពី​ថ្ងៃអាទិត្យ ក្រុម​ឧទ្ទាម​សកម្មប្រយុទ្ធ បាន​លើកឡើងថា យោធា​អាមេរិក​បាន​រំលោភ​ទៅលើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​យោធា​អាមេរិក បានប្រកាស​ទាត់ចោល ការចោទប្រកាន់​នោះ​ជាបន្ទាន់ ហើយ​បានដាក់​ការស្តីបន្ទោស​ដល់​ក្រុម​តា​លី​បង់ ថា​បានធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នោះ​។​
 
​លោក Khalilzad បាន​បដិសេធ​ការចោទប្រកាន់​របស់​ក្រុម​ឧទ្ទាម​ប៉ះ​បោរ​ថា មិនមែនជា​រឿង​ពិត និង​ប្រើ​វោហារសាស្ត្រ​ដុត​រោល​។ លោក​ថា វោហារសាស្ត្រ​ចោទប្រកាន់​និង​ដុត​រោល​ទាំងនោះ មិនបាន​ជួយ​ឲ្យ​ដំណើរការ​សន្តិភាព​ធ្វើដំណើរ​ទៅមុខ​នោះទេ​។ លោក​ក៏បាន​លើកឡើង​ពី​ភាពចាំបាច់ ក្នុងការ​អនុវត្តន៍​នូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់ និង​ការយោគយល់​គ្នា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល ក្នុងការ​កាត់បន្ថយ​នូវ​អរិភាព​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com