ជាតិ
អ្នកជំនាញ​៖ សត្វ​ផ្សោត​ទន្លេមេគង្គ នៅសល់តែ​៨៩​ក្បាល​ប៉ុណ្ណោះ
23, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ ត្រូវបាន​អ្នកជំនាញ​ប៉ាន់​ស្មានថា នៅ​សេសសល់​តែ​ចំនួន ៨៩​ក្បាល​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០២០​។ តួលេខ​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ស្ថានភាព​សត្វ​ផ្សោត​កម្ពុជា អគារ​រដ្ឋបាល​ជល នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០​។ នៅក្នុង​កិច្ចប្រជុំ​ដដែល ឲ្យ​ដឹង​ដែរ​ថា មាន​សត្វ​ផ្សោ​តដល់​ទៅ​២៥​ក្បាល​ឯណោះ បាន​បាត់​ពី​ការតាមដាន​របស់​អ្នកជំនាញ​ដោយ​គ្មាន​មូលហេតុ​។ អ្នកជំនាញ​ក៏​មិនទាន់​ភស្តុតាង​ថា​សត្វ​ផ្សោត​ទាត​២៥​ក្បាល​បាន​ស្លាប់ ឬក៏​ចាកចេញ​ទៅណា​ដែរ​។​

 
​សត្វ​ផ្សោត​ទន្លេមេគង្គ នៅក្នុង​ឆ្នាំ​២០២០​នេះ នៅ​សេសសល់​តែ ៨៩​ក្បាល​ប៉ុណ្ណោះ  ខណៈ​សត្វ​ផ្សោត​ចំនួន ២៥​ក្បាល បាន​បាត់​ពី​ការតាមដាន​ពី​អ្នកជំនាញ ដោយ​មិនដឹង​មូលហេតុ​។ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ពី​ស្ថានភាព​សត្វ​ផ្សោត​កម្ពុជា នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០​នេះ  លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF) ប្រចាំ​កម្ពុជា បាន​ពន្យល់ថា​៖«​ចំនួន​សត្វ​ផ្សោត​២៥​ក្បាល ដែល​កត់ត្រា​ក្នុង​ឆ្នាំ​២០១៧ មិនត្រូវ​បាន​រកឃើញ​ក្នុងអំឡុងពេល​កត់ត្រា ក្នុង​ឆ្នាំ​២០២០​នេះ​ទេ​»​។ 
 
​ដ្បិត​សត្វ​ផ្សោត​ទាំង​នោះបាន​បាត់​ពី​ការតាមដាន ប៉ុន្តែ​មិនទាន់មាន​សញ្ញាណ​ណាមួយ​បង្ហាញថា ផ្សោត​ទាំង​២៥​ក្បាល​នោះ បាន​ស្លាប់​នោះទេ​។ នេះ​ជា​បន្ថែម​របស់លោក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា​។ 
 
​លោក ផៃ សុ​ម៉ា​នី អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល បាន​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​២០១៧ សត្វ​ផ្សោត ត្រូវបាន​ប៉ាន​ស្មានថា​មាន​ចំនួន​៩២​ក្បាល និង​ថយ​មក​នៅ​ប្រមាណ​៨៩​ក្បាល​នៅក្នុង​ឆ្នាំ​២០២០​នេះ​។ សម្រាប់​លោក ផៃ សុ​ម៉ា​នី វា​ការថយចុះ​ដ៏​តិចតួច​នេះ បើ​ធៀប​នឹង​១០​ឆ្នាំមុន​។  លោក ផៃ សុ​ម៉ា​នី ពន្យល់ថា​៖«​ចំនួន​ប៉ាន់ប្រមាណ​សរុប នៃ​ឆ្នាំ​២០២០ ប្រហាក់ប្រហែលគ្នា ទៅ​ចំនួន​ប៉ាន់ប្រមាណ​សរុប នៃ​ឆ្នាំ​២០១៧ ព្រោះ​ចំនួន​ទាំង​២​នេះ មាន​កម្រិត​ជឿជាក់ ៩៥​ភាគរយ ស្ទើរតែ​ដូចគ្នា ដែលជា​ការសន្និដ្ឋាន ថា​មិនមាន​ការធ្លាក់ចុះ​»​។​
 
​អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល​រូបនេះ ឲ្យ​ដឹង​បន្តថា នៅក្នុង​ទស្សវត្ស​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥ សត្វ​ផ្សោត​ប្រភេទ Irrawaddy រាប់ពាន់​ក្បាល មាន​រស់នៅ​រាយប៉ាយ​តាម​ដង​ទន្លេមេគង្គ ដៃ​ទាំងបី​របស់​ទន្លេមេគង្គ មាន​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក រួមទាំង​ទន្លេសាប​ផងដែរ​។ 
 
​លោក ផៃ សុ​ម៉ា​នី បន្ថែមថា ការធ្លាក់ចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​សត្វ​ផ្សោត បណ្ដាលមកពី​ការ​ប្រមាញ់​ក្នុង​របប​ខ្មែរ​ក្រហ ម​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​របាយការណ៍​បាន​ឲ្យ​ដឹងថា សត្វ​ផ្សោត​រាប់រយ​ក្បាល ត្រូវបាន​សម្លាប់ ដើម្បី​ចម្រាញ់យកប្រេង​ចាក់ក​ប៉ាល់​។ កត្តា​បម្រែបម្រួល​ទឹក សកម្មភាព​នេសាទ​ខុសច្បាប់ ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​ផ្សោត មានការ​ថយចុះ​ជា​លំដាប់​ដែរ​។ 
 
​លោក ផៃ សុ​ម៉ា​នី បាន​បញ្ជាក់ថា ការបាត់បង់​នូវ​ចំនួន​សត្វ​ផ្សោត​ទាំងនោះ​ហើយ​ជា​កត្តា ដែល​ជម្រុញ​ឲ្យ​រដ្ឋបាល​ជលផល មន្ទីរ​ជលផល ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​អង្គការ WWF សហការគ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​អស់​រយៈពេល​ជាង ១៥​ឆ្នាំ​កន្លងមកនេះ​។ 
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អន្លង់​ផ្សោត​ចំនួន​៩ ប៉ុន្តែ​មានតែ​អន្លង់​៣​ប៉ុណ្ណោះ ដែលមាន​សត្វ​ផ្សោត​រស់នៅ គឺ​អន្លង់​ព្រែក​កាំ​ពី​, អន្លង់​កាង​កូន​សត្វ និង​អន្លង់​ឈើទាល នៅជាប់​ព្រំប្រទល់​កម្ពុជា​-​ឡាវ​។ នេះ​បើតាម លោក សេង ទៀក នាយក​អង្គការ WWF ដែល​បាន​បន្ត​បញ្ជាក់ថា អ្នកជំនាញ កំពុង​សិក្សា​ពី​មូល​ហេតុដែល​គ្មាន​សត្វ​ផ្សោត​រស់នៅក្នុង​អន្លង់​ចំនួន​៦​ផ្សេងទៀត និង​មូល​ហេតុដែល​ពួកវា​ផ្លាស់​ទី ហើយ​មិន​ត្រលប់​វិញ​នោះ​៕ 
 
 
 
 

Tag:
 ​ផ្សោត​
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com