សង្គមអន្តរជាតិ​
អន្តរជាតិ
ការភ័យខ្លាច​កើនឡើង​ចំពោះ​សុវត្ថិភាព​អ្នក​រាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ប្រជែង​គ្នា​ខ្លាំង​
07, Nov 2020 , 2:29 pm        
រូបភាព
​មន្ត្រីប៉ូលិស​ប្រចាំ​ក្រុង North Las Vegas ឃ្លាំមើល​ការតវ៉ា​របស់​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ស្រែកថា «​បញ្ឈប់​ការលួចបន្លំ​» ខណៈ​មន្ត្រី​បោះឆ្នោត​កំពុង​រាប់​សន្លឹកឆ្នោត នៅ​មជ្ឈមណ្ឌល​បោះឆ្នោត​នៅ​ទីក្រុង North Las Vega រដ្ឋ Nevada កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​មន្ត្រីប៉ូលិស​ប្រចាំ​ក្រុង North Las Vegas ឃ្លាំមើល​ការតវ៉ា​របស់​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ស្រែកថា «​បញ្ឈប់​ការលួចបន្លំ​» ខណៈ​មន្ត្រី​បោះឆ្នោត​កំពុង​រាប់​សន្លឹកឆ្នោត នៅ​មជ្ឈមណ្ឌល​បោះឆ្នោត​នៅ​ទីក្រុង North Las Vega រដ្ឋ Nevada កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​វ៉ាស៊ីនតោន — ​ការតានតឹង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​មិនទាន់​ដឹង​លទ្ធផល​ដាច់​ស្រាច់​នៅឡើយ កំពុង​បណ្តាល​ឲ្យ​រដ្ឋ​ខ្លះ​និង​មន្ត្រី​មូលដ្ឋាន បង្កើន​សន្តិសុខ​ការពារ​អ្នក​ដែល​ទទួលបន្ទុក​ក្នុងការ​រាប់​សន្លឹកឆ្នោត ដែល​រាប់​មិនទាន់​អស់​។​

 
​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី Donald Trump និង​លោក Joe Biden គូប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក បាន​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​រដ្ឋ​មួយចំនួន ដូចជា​រដ្ឋ Arizona, Nevada និង​រដ្ឋ Pennsylvania ដែល​ការ​ប្រៀក​ប្រកិត​គ្នា​យ៉ាងខ្លាំង មិនអាច​ប្រកាស​លទ្ធផល​បាន​នៅឡើយ​។​
 
​ហើយ​ការតានតឹង បាន​រីក​កាន់តែ​ធំ​ឡើង នៅពេលដែល​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត បាន​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ខាងក្រៅ​បណ្តា​អគារ ដែល​គេ​កំពុងតែ​រាប់​សន្លឹកឆ្នោត​ជា​បន្ត​នោះ​។​
 
​លោក Joe Gloria ជា​អ្នក​កាន់​បញ្ជី​បោះឆ្នោត​នៅក្នុង​ស្រុក Clark នៃ​រដ្ឋ Nevada បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ខ្ញុំ​មានការ​ព្រួយ​កង្វល់​អំពី​សុវត្ថិភាព​របស់​បុគ្គលិក​ខ្ញុំ​ណាស់​»​។​
 
​លោក​បាន​និយាយ​យ៉ាង​ដូច្នេះ បន្ទាប់ពី​មនុស្ស​ប្រហែល ៧៥ នាក់ ដែល​អ្នកខ្លះ​ពាក់អាវ​យឺត​មាន​រូបលោក Trump បាន​ស្រែកថា «​ឈប់​លួច​សន្លឹកឆ្នោត​» ហើយ​បានធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ការិយាល័យ​បោះឆ្នោត កាលពី​យប់​ថ្ងៃ​ពុធ​។​
 
​មិនមាន​សេចក្តីរាយការណ៍​ពី​អំពើហិង្សា​ទេ ប៉ុន្តែ​ក្រោយពី​មានការ​ភ័យខ្លាច​ខ្លះ​បាន​កើតមានឡើង​នៅ​ទីកន្លែង​ផ្សេងទៀត​ក្នុង​សហរដ្ឋអាមេរិក​នោះ លោក Gloria ថ្លែងថា ការិយាល័យ​លោក មិនអាច​ធ្វេសប្រហែស​ទេ​។​
 
​លោក​បាន​និយាយទៀតថា​៖ «​យើង​កំពុង​ដាក់​វិធានការ​នៅនឹងកន្លែង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យើង មាន​សន្តិសុខ ដែល​នេះ​ជាការ​សំខាន់​។ យើង​មាន​មន្ត្រី​ពង្រឹង​ច្បាប់​ដែល​កំពុង​ការពារ​យើង​»​។​
 
​នៅក្នុង​រដ្ឋ Arizona ដែល​នៅ​ជិត​នោះ មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ស្រុក Maricopa បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​កំណត់​ទីកន្លែង​មួ​ួ​យ​សម្រាប់​ក្រុមអ្នកតវ៉ា​ប្រឆាំង បញ្ចេញមតិ​របស់​ពួកគេ​ដោយ​សេរី ដោយមាន​ការសម្រួល​ពី​មន្ត្រីប៉ូលិស​។​
 
​បាតុកម្ម​កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​ទីក្រុង Portland រដ្ឋ Oregon នាំ​ឲ្យ​មាន​អំពើហិង្សា​ដែល​នាំ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​មនុស្ស ១០ នាក់ និង​រឹបអូស​អាវុធ​ជាច្រើន​ដើម និង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​។​
 
​ក្រុមមន្ត្រី​ពង្រឹង​ច្បាប់ ដែលមាន​រួមទាំង​ក្រុមមន្ត្រី​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI ផង បាន​សម្តែង​នូវ​ការបារម្ភ​មុន​ការបោះឆ្នោត ខ្លាចក្រែង​សត្រូវ​អាមេរិក ដូចជា​រុស្ស៊ី អ៊ីរ៉ង់ និង​ចិន ជាដើម អាច​យក​ពេលវេលា​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទី ៣ វិច្ឆិកា ដើម្បី​អុចអាល​ឲ្យ​មាន​ភាពចលាចល ដែល​អាច​នាំ​ឲ្យ​មាន​អំពើហិង្សា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com