អន្តរជាតិ
ខ្មែរ​អាមេរិកាំង​ខ្លះ​ថា ពួកគេ​ចង់​ឲ្យ​លោក ត្រាំ កាន់តំណែង​មួយ​អាណត្តិ​ទៀត​
07, Nov 2020 , 9:29 pm        
រូបភាព
​ក្រុម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ (​ឆ្វេង​) និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាន់​ទង់​គាំទ្រ​អ្នក​ទាំងពីរ​រៀងខ្លួន នៅ​រដ្ឋ Florida ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។ Photo: AFP
​ក្រុម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ (​ឆ្វេង​) និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាន់​ទង់​គាំទ្រ​អ្នក​ទាំងពីរ​រៀងខ្លួន នៅ​រដ្ឋ Florida ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។ Photo: AFP
ដោយ: VOA
​នៅពេលដែល​ការរាប់​សន្លឹកឆ្នោត​កំពុងតែបន្ត​ដំណើរ​ទៅមុខ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្ងៃទី​៣ ខែវិច្ឆិកា តំណាង​ខ្មែរ​អាមេរិកាំង​ដែល​បាន​ចេញទៅ​បោះឆ្នោត​នៅតាម​រដ្ឋ​ខ្លះ​ក្នុងចំណោម​រដ្ឋ​ទាំង ៥០ បាន​ថ្លែងថា ពួកគេ​ចង់ឃើញ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បន្ត​កាន់​មុខតំណែង​ដើម្បី​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម និង​សន្តិសុខ តែ​ថា ពួកគេ​នឹងមិន​សប្បាយចិត្ត​ខ្លះ​ដែរ ក្នុងការ​ទទួលយក​ល​ទ្ធ​ផល​បោះឆ្នោត ដែល​អាច​ចេញមក​បង្ហាញថា លោក ចូ បៃ​ឌិន ទទួល​ជ័យជម្នះ​ផ្ទុយ​ពី​ការចង់បាន​នោះ​។​

 
​ក្រុម​ពលរដ្ឋ ទាំង​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​អាមេរិកាំង ហើយ​និង​មេដឹកនាំ​ក្នុង​ពិភពលោក​កំពុង​ផ្តោត​ការតាមដាន​ការបោះឆ្នោត​ក្នុង​សហរដ្ឋអាមេរិក ដែល​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ក្នុងពេល​រាប់​សន្លឹកឆ្នោត​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់​ទូទាំងប្រទេស​កាលពី​ព្រលប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រើស​បេក្ខជន​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​ពីររូប នឹងត្រូវ​កាន់​មុខតំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​តាម​កា​រ​ផ្តល់​សិទ្ធិ​ដោយ​សន្លឹកឆ្នោត​របស់​ព​ល​រដ្ឋ ដែល​ចង់ឃើញ​ការផ្លាស់ប្តូរ​ជាច្រើន​ក្នុងសង្គម​អាមេរិក ។​
 
​លោក ជា មាស ខ្មែរ​អាមេរិកាំង​មកពី​ទីក្រុង​ភី​ឡា​ឌែ​ល​ហ្វី​យ៉ា រដ្ឋ​ភេ​ន​ស៊ី​ល​វី​នៀ បាន​ថ្លែងថា លោក​ចង់ឃើញ​លោក ត្រាំ ដឹកនាំ​ប្រទេស​បន្ត ដោយសារ​លោក​មាន​សម​ត្ថ​ភាព​ដឹកនាំ​ប្រទេស​ខ្លាំង​ទាំង​សេដ្ឋកិច្ច ការបរទេស និង​ច្បាប់​។​
 
«​ស្ថាប័ន​ទាំងបី បួន​ហ្នឹង ខ្ញុំ​ចង់បាន​ឲ្យ​លោក ត្រាំ បន្តទៀត បើ​គាត់​ជាប់​ជា​ប្រធានាធិបតី ហើយ​បើ​លោក ចូ បៃ​ឌិន ជាប់​ក៏​មិនជា​បញ្ហា​អី​ដែរ ខ្ញុំ​សូម​គោរព​សិទ្ធិ​ជា​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ហើយ​យើង​នឹងមិន​ទៅធ្វើ​កុបកម្ម បាតុកម្ម​អី​ទៀត​ទេ​។ យើង​សង្ឃឹមថា ស្ថាប័ន​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ត្រឹមត្រូវ​»​។​


 ​លោក ជា មាស កំពុង​ស្ថិតនៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។ (​រូប​ផ្តល់​ឲ្យ​ដោយ​លោក ជា មាស​)
 
​លោក​បារម្ភ​ពី​លោក ត្រាំ ដែល​ត្រូវ​អាក់ខាន​ដោយ​ការមិនអាច​បន្ត​កាន់​មុខតំណែង ប្រសិនបើ​ត្រូវ​ផ្តួល​ដោយ​លោក ចូ បៃ​ឌិន ជា​គូប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ​ក្នុងពេល​បោះឆ្នោត​នេះ​។​
 
«​ខ្ញុំ​ខកចិត្ត​ខ្លាំង​ដោយសារ​ទី​១​រឿង​សន្តិសុខ​ជាតិ​»​។​
 
​លោក ថ្លែង​ដូច្នេះ លោក​ចង់ឃើញ​លោក​ត្រាំ កែប្រែ​ខ្លាំង​នៅ​អាណត្តិ​បន្ត ដូចជា​ផ្នែក​សន្តិសុខ​ដែល​ពលរដ្ឋ​មានការ​បារម្ភ​ខ្លាំង​ទាំង​ផ្ទៃក្នុង និង​សន្តិសុខ​អន្តរជាតិ បញ្ហា​រឿង​ឥទ្ធិពល​ចិន និង​ការរំលោភ​សិទ្ធិមនុស្ស តែ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ លោក​ថា បើ​លោក បៃ​ឌិន ជាប់ឆ្នោត​នោះ​ទំនងជា មិនបាន​ជួយ​ដោះស្រាយ​ដូច​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​ទេ​។ បញ្ហា​ផ្សេងទៀត​ដែល​លោក ត្រាំ នឹង​គ្រោង​ធ្វើ បង្កើន​ការងារ​ដល់​ពលរដ្ឋ​អាមេរិកាំង និង​ផ្នែក​សុខាភិបាល​ជាដើម​។​
 
​លោក បួរ​វ៉ា​ត់ សិទ្ធិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​វ៉ាស៊ីនតោន បាន​ថ្លែង​សរសើរ​លោក ត្រាំ​ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន មានការ​ងារ​ធ្វើ​ច្រើន មានការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ទំនងជា​នាំ​ការងារ​ច្រើន​ចូលមកក្នុង​ប្រទេស​អាមេរិក​វិញ ពី​ចិន និង ប្រទេស​ផ្សេងៗ បើ​លោក ត្រាំ ជាប់ឆ្នោត តែ​សម្តែង​ការខកចិត្ត​បើ​លោក ត្រាំ​មិន​ជាប់ឆ្នោត​ជាថ្មី​។​
 
«​សោកស្តាយ ដូច​ថា​យើង​ស្តាយ ដូច​ថា អាក់អន់ចិត្ត​ក៏បាន ស្តាយ​គាត់ៗ​ខំប្រឹងប្រែង​ធ្វើការ​ច្រើន​ក្នុង​រយ​:​បី​ជិត​បួន​ឆ្នាំ​ចុងក្រោយ​នេះ គាត់​ធ្វើបាន​មាន​ប្រសិទ្ធភាព​»​។​
 
​លោក​បាន​ពន្យល់ថា បើ​លោក ត្រាំ ឈ្នះ​ម្តងទៀត​លោក​ជឿថា បញ្ហា​អសន្តិសុខ​នឹង​កាត់បន្ថយ​បាន ព្រោះ​លោក ត្រាំ ជាម​នុស្ស ដែល​គោរព​ច្បាប់ និង​ចាត់វិធានការ​លើ​មនុស្ស​ដែល​បង្ក​អសន្តិសុខ ជាពិសេស​នៅក្នុង​រដ្ឋ​អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ដូចជា​រដ្ឋ​វ៉ាស៊ីនតោន​។​
 
«​បើសិនជា​លោក ត្រាំ គាត់​ឈ្នះ​ម្តងទៀត រដ្ឋ​ដែល​កាន់ជើង​បាតុកម្ម​ហ្នឹង នឹង​អាច​ស្ងប់ និង​មាន​សន្តិសុខ​»​។​
 
​លោក​ថា លោក​និង​ពលរដ្ឋ​នានា​មានការ​ធុញទ្រាន់​ទៅនឹង​ការដុត​បំផ្លាញ អំពើហិង្សា បង្កចលាចល អសន្តិសុខ អនាធិបតេយ្យ ដែលជា​រឿង​មិនល្អ​សម្រាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង មុខ​ជំនួញ​ការងារ​ជាដើម​។​
 

​លោក បួរ​វ៉ា​ត់ សិទ្ធិ មកពី​រដ្ឋ​វ៉ាស៊ីនតោន​។ (​រូប​ផ្តល់​ឲ្យ​)
 
​លោក​ថ្លែង​ដូច្នេះ​យោង​ថា លោក ត្រាំ បាន​បញ្ជូនទាហាន​បង្ក្រាប​បាតុកម្ម អំពើហិង្សា​ខុសច្បាប់ ហើយ​មួយទៀត​លោក​អាចធ្វើ​ច្បាប់​ជួយ​ដល់​រដ្ឋ​មួយៗ​ដោះស្រាយ​បាតុកម្ម​ខុសច្បាប់​និង​អំពើហិង្សា​បាន​។ លោក​បញ្ជាក់ថា អំពើ​អសន្តិសុខ​នឹង​ប៉ះពាល់​ច្រើន​ដល់​ជីវភាព ទាំង​ខ្មែរ និង​អាមេរិកាំង បើសិនជា​ក្រុមហ៊ុន​ដកចេញ​ពីរ​ដ្ឋ​វ៉ាស៊ីនតោន ដែល​លោក​ថា មាន​ក្រុមហ៊ុន​ជាច្រើន​ដូចជា Microsoft ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ក្រុមហ៊ុន​លក់​តាម​អន​ឡាញ​Amazon ជាដើម​នោះ​។ លោក បួរ​វ៉ាត សិទ្ធិ បាន​បន្តថា លោក បៃ​ឌិន នឹង​បង្កើន​ពន្ធដារ​មិនអាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាមួយ​ចិន​បានទេ​ដោយសារ​លោក​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ខ្លាំង​។​
 
«​មួយទៀត​ការ​ទប់ទល់​ជាមួយ​ចិន​ហ្នឹង បើ​លោក ត្រាំ ជាប់ឆ្នោត​ជាថ្មីទៀត ការ​ទប់ទល់​សេដ្ឋកិច្ច​ជាមួយ​ចិន​ហ្នឹង​យើង​អាច​ទប់ទល់​បាន យើង​អាច​យក​រោងចក្រ​ត្រឡប់មក​សហរដ្ឋអាមេរិក​បាន​»​។​
 
​លោក ទូច វិបុល មកពី​រដ្ឋ North Carolina បាន​និយាយថា សម្រាប់​លោក ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ទោះជា​បេក្ខជន​ណា​ជាប់ឆ្នោត តែ​រឿង​សំខាន់​គឺ​លោក​ចង់​ឃើញថា​ប្រធានាធិបតី​ថ្មី​គិតពី​បញ្ហា ធានារ៉ាប់រង​សុខភាព​បាន​ប្រសើរ​ជាង​មុន បង្កលក្ខណ​:​ងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​កម្មនេះ​ដល់​ពលរដ្ឋ​ទូទៅ និង​ពលរដ្ឋ​ខ្មែរ​ដោយ​ស្មើភាព មានការ​គិតគូរ​ដល់​សេដ្ឋកិច្ច ការងារ​ឲ្យ​មានការ​រីកចម្រើន​ខ្លាំង​ជាង​មុន  ដោះស្រាយ​អន្តោប្រវេសន៍​ឲ្យ​បានល្អ​ប្រសើរ មាន​យុត្តិធម៌ ទាំង​ការធ្វើ​ច្បាប់ និង ការអនុវត្ត​ច្បាប់​។​
 
«​ទោះបី​ប្រធានាធិបតី​ណា​ជាប់​ក៏ដោយ ប្រធានាធិបតី​ណាមួយ​ជាប់​ក៏ដោយ​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក​គឺជា​ប្រទេស​គោរព​ច្បាប់​ជា​គោល​ជាធំ ទោះបី​នរណា​ជាប់​ក៏​មិនមាន​ចំណោទបញ្ហា​អ្វី​ដែរ​»​។​
 
​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោងទៅលើ​ការផ្តល់​ទំនុកចិត្ត​ដល់​រដ្ឋាភិបាល និង​អ្នកតំណាង​ជាច្រើនរូប​ដែល​លោក​បាន​បោះឆ្នោត​ជូន​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ដោយ​ទុកចិត្ត​ថា ពួកគេ​ជា​អ្នកតំណាង​ល្អ ជា​មន្ត្រី​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​។ តែ​ទាក់ទង​នឹង​ក្តីបារម្ភ​រឿង​តវ៉ា ឬ​មាន​បាតុកម្ម​ក្រោយ​ការបោះឆ្នោត ហើយ​លទ្ធផល​ដែល​ចេញមក​នឹងមិន​ដូច​បំណង​របស់​គូភាគី​មួយ​ក្នុងចំណោម​ទាំងពីរ លោក វិបុល បាន​ថ្លែងថា​៖
 
«​ធម្មតា​ទេ កាលណា​បោះឆ្នោត​ហើយ អ្នក​ដែល​ឈ្នះ​តែងតែ​ត្រេកត្រអាល​ហើយៗ​អ្នក​ដែល​ចាញ់​ជាធម្មតា​តែងតែ​មានការ​រអ៊ូរទាំ​ខ្លះ​»​។​
 
​ទោះបីជា​មានការ​ខ្វាយខ្វល់​មុន​ការបោះឆ្នោត​ក៏ដោយ ក៏​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់ បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅក្នុង​ដំណើរការ​មួយ ដែល​ភាគច្រើន​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com