ជាតិ
ប្រាសាទ​ព្រះ​គោ ជា​ប្រាសាទបុរាណ​តែមួយគត់​នៅ​ស្ទឹងត្រែង​ដែល​រក្សា​ទ្រង់ទ្រាយ​
05, Dec 2020 , 8:59 am        
រូបភាព
ដោយ​៖ ស៊ុ​ល រ៉​វី​

​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ស្គាល់​តាមរយៈ​តំបន់​អេកូ​ទេសចរណ៍​សម្បូរបែប ក៏ដូចជា​ជីវៈចម្រុះ​ទាំងឡាយ ប៉ុន្តែ​ខេត្ត​ភាគ​ឦសាន​នៃ​កម្ពុ​ជាមួយនេះ ក៏មាន​ប្រាសាទបុរាណ ក៏ដូចជា​សំណង់​គ្រឹះ​ប្រាសាទបុរាណ​ដែល​នៅ​សេសសល់​ផងដែរ​។ ប្រាសាទ​ព្រះ​គោ ឬ​ប្រាសាទ​ស្រី ជា​ភស្ដុតាង ដែល​បន្សល់ទុក​នា ពេល​សព្វថ្ងៃ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​


​ប្រាសាទ​ព្រះ​គោ ជា​ប្រាសាទ​តែមួយគត់ ដែល​នៅ​រក្សា​រូបរាង​មួយផ្នែកធំ នៅក្នុង​ខេត្តស្ទឹងត្រែង​។ ប្រាសាទ​មួយ​នេះ កសាងឡើង​ចុង​សតវត្ស​ទី​៦ និង​ដើម​សតវត្ស​ទី​៧ សង់​ពី​ថ្មភក់ និង​ឥដ្ឋ​។ ប្រាសាទ​ព្រះ​គោ មាន​តួ​ប៉ម​កម្ពស់ ៤​ម៉ែត្រ បណ្ដោយ​១​ជុំ ប្រវែង​១១​ម៉ែត្រ​។ នៅខាងមុខ​ប្រាសាទ​មួយ​នេះ មាន​រូបសំណាក​ព្រះ​គោ​ដែលជា​ទីសក្ការៈ​គោរពបូជា របស់​ប្រជាពលរដ្ឋ​សុំ​សេ​ក្ដី​សុខ ហើយ​ជា​រៀងរាល់ឆ្នាំ អ្នកភូមិ​តែងតែ​ធ្វើបុណ្យ​ប្រាសាទ​ក្នុង​ខែមីនា និង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​។​
 
​ប្រាសាទ​ដែលជា​ទីសក្ការៈ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ខាងលិច​មាត់ទន្លេ​មេគង្គ​ប្រមាណ​ជា ៣០០​ម៉ែត្រ​។ លោកស្រី ញោច សារឿន ប្រធាន​ទីស្ដីការ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង ប្រាប់​សារព័ត៌មាន Thmey Thmey 25 ថា​សព្វថ្ងៃ ប្រាសាទ​នេះ មា​នស​ភាពចុះ​ទ្រុឌទ្រោម​ផងដែរ ដោយសារតែ​ប្រាសាទ​នេះ​មាន​អាយុកាល​យូរណាស់​ហើយ​។  តាម​លោកស្រី ញោច សារឿន កន្លងមក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បានរៀបចំ ថែរក្សា​ប្រាសាទ​ព្រះ​គោ​នេះ ដោយមាន​ឆ្មាំ​ប្រចាំការ​នៅ​ទីនោះ ក្នុងការ​ការពារ និង​សម្អាត​ផងដែរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ប្រាសាទ​ព្រះ​គោមួយ​នេះ នៅក្នុង​ខេត្តស្ទឹងត្រែង ក៏មាន​នៅសល់​សំណង់​គ្រឹះ​ប្រាសាទ​ផ្សេងៗ​ទៀត ដែលជា​អតីត​ទីតាំង​ប្រាសាទ​ដែល​កសាងឡើង​នៅ​ចុង​សតវត្ស​ទី​៦ ដើម​សតវត្ស​ទី​៧​រួមមាន ប្រាសាទភ្នំ​ប្រហោង ប្រាសាទភ្នំប្រាសាទ ប្រាសាទ​ប្រាំបី​ល្វែង (​ប្រាសាទ​ប្រាំបួន​ល្វែង ឬ​សាលា​ប្រាំបី​ល្វែង​) ប្រាសាទ​រិទ្ធី​សែន​ជ័យ​១ ប្រាសាទ​ប្រុស ប្រាសាទ​កំណប់ ប្រាសាទ​បា​ដើម ប្រាសាទ​គូ និង​ប្រាសាទភ្នំ​ធាតុ​ជាដើម​៕
 

Tag:
 ថ្មីៗ​២៥
  Thmeythmey25
  ប្រាសាទបុរាណ​
  ប្រាសាទ​ព្រះ​គោ​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com