សង្គមអន្តរជាតិ​
អន្តរជាតិ
នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី​របស់​បារាំង នឹង​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​
09, Dec 2020 , 9:29 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងមើលគំរូនាវាផ្ទុកយន្តហោះថ្មី។ រូបភាព AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងមើលគំរូនាវាផ្ទុកយន្តហោះថ្មី។ រូបភាព AFP
ដោយ:
​នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី​របស់​បារាំង នឹង​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង លើកឡើង​បែបនេះ​នៅ​ថ្ងៃទី​៨ ធ្នូ​។​នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ នឹក​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស​នាវា​ផ្ទុក​យន្តហោះ ហ្សា​ល​ដឺ​ហ្គោល ដែល​នឹងត្រូវ​ឈប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០៣៨​។ នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី​នេះ ត្រូវបាន​រដ្ឋបាល​បារាំង រំពឹងថា នឹង​ដំណើរការ​រហូតដល់​ឆ្នាំ​២០៨០​។​

 
​នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី​របស់​បារាំង មាន​ប្រវែង​៣០០​ម៉ែត្រ និង​អាច​ផ្ទុក​ទំងន់​បាន​រហូតដល់​ទៅ​៧៥,០០០​តោន​។ នាវា​នេះ​មាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង Rafale ចំនួន​៣០ ឬ​យន្តហោះ​ចម្បាំង​ជំនាន់​ក្រោយ​ផ្សេងទៀត​ដែល​កំពុង​អភិវឌ្ឍ​ដោយ​បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។ នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី​នេះ នឹង​ក្លាយជា​នាវា​ផ្ទុក​យន្តហោះ​ទី​១១​របស់​កងទ័ពជើងទឹក​បារាំង​។ បច្ចុប្បន្ន បារាំង​មាន​នាវា​ផ្ទុក​យន្តហោះ​ត្រឹមតែ​១​ប៉ុណ្ណោះ គឺ​នាវា ហ្សា​ល ដឺ​ហ្គោល ។​
 
​ដំបូង​ឡើយ​កងទ័ព​បារាំង​ចង់​សាងសង់​នាវា​នេះ​ដោយ​ប្រើប្រាស់​ថាមពល​ប្រេងម៉ាស៊ូត ប៉ុន្តែ​ត្រូវបាន​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្តូរ​ឲ្យ​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​វិញ​។ ចំណែក​ប្រព័ន្ធ​បញ្ជូន​យន្តហោះ​ទៅលើ​អាកាស​វិញ នឹងត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក General Atomic រីឯ​នាវា​វិញ​នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​បារាំង Naval Group​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ប្រមុខរដ្ឋ​បារាំង​លើកឡើងថា ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អាកាសធាតុ​បារាំង​។ «​យុទ្ធសាស្ត្រ​នាពេល​អនាគត និង​ឋានៈ​ជា​មហាអំណាច អាស្រ័យ​លើ​វិស័យ​នុយ​ក្លេ​អែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ា​ក្រុង ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​នុយ​ក្លេ​អែរ​ក្នុង​តំបន់​Burgundy នៅ​ថ្ងៃទី​៨ ធ្នូ​។​
 
​លោក ម៉ា​ក្រុង អះអាងថា អាវុធ​នុយក្លេអ៊ែរ​និង​ឧស្សាហកម្ម​ថាមពលនុយក្លេអ៊ែរ ជា​មូលដ្ឋានគ្រឹះ​នៃ​យុទ្ធសាស្ត្រ​ស្វ័យភាព​បារាំង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ លោក​ថា ឧស្សាហកម្ម​នុយក្លេអ៊ែរ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​បារាំង​មាន​តួនាទី​ជា​ប្រទេស​មហាអំណាច​។ 
 
​ក្រសួងការពារជាតិ​បារាំង ពុំបាន​បញ្ជាក់​ឡើយ​ពី​តម្លៃ​នៃ​ការសាងសង់​នាវា​ជំនាន់​ថ្មី​នេះ ប៉ុន្តែ​កាសែត​បារាំង​អះអាងថា ការសាងសង់​នឹងត្រូវ​ចំណាយ​ពី​៥​ពាន់​លាន ទៅ​៨,៥​ពាន់​លាន​ដុល្លារ​។ បើតាម​រដ្ឋាភិបាល​បារាំង ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ ត្រូវ​វិនិយោគ​ក្នុងដំណាក់កាល​សាងសង់​ទីមួយ ដែល​នឹងត្រូវ​បញ្ចប់ទៅ​ក្នុង​ឆ្នាំ​២០២៥​។​
 
​ទីប្រឹក្សា​ប្រធានាធិបតី​បារាំង​មួយរូប​បាន​លើកឡើងថា ការដែល​បារាំង​មាន​នាវា​ផ្ទុក​យន្តហោះ នឹង​ជួយ​ប្រទេស​នេះ​ក្នុងការ​រក្សា និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​ដោយសារ​ការកសាង និង​ថែទាំ​នាវា​បែបនេះ​មានតម្លៃ​ថ្លៃ​។ នាវា​ផ្ទុក​យន្តហោះ ហ្សា​ល ដឺ​ហ្គោល ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុងអំឡុង​ឆ្នាំ​២០០០ ត្រូវបាន​កងទ័ព​បារាំង​ប្រើ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​៕

Tag:
 បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com