អន្តរជាតិ
លោក ត្រាំ សន្យា​ផ្ទេរអំណាច​សន្តិវិធី ក្រោយ​សភា​ទទួលស្គាល់​ជ័យជម្នះ​លោក បៃ​ឌិន​
07, Jan 2021 , 5:59 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ រូបភាព៖AP
លោកចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ រូបភាព៖AP
ដោយ:
​នៅ​ថ្ងៃទី​៧ ខែមករា (​ព្រឹក​នៅ​អាមេរិក​) សភា​អាមេរិក​ទាំងពីរ​ថ្នាក់​បញ្ជាក់​ជា​ផ្លូវការ​ពី​ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី​៤៦ និង​លោកស្រី​កា​ម៉ា​ឡា ហេ​រី​ស​ជា​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ទី​៤៩​។ ភ្លាមៗ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​សន្យា​ផ្ទេរអំណាច​ឲ្យ​បាន​ត្រឹមត្រូវ បើទោះបីជា​លោក​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ក្តី​។​

 
​ទីបំផុត​ទៅ ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ជា​រឿង​ផ្លូវការ​មែនទែន​ហើយ​។ ការបញ្ជាក់​ជា​ផ្លូវការ​ដោយ​សភា​នេះ បើកផ្លូវ​ឲ្យ​លោក ចូ បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ មករា​។ 
 
 
 
​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​ក្រោយ​ការអុកឡុក លោក បៃ​ឌិន បាន​ប្រតិភូ​គាំទ្រ​ចំនួន​៣០៦ ចំណែកឯ​លោក​ត្រាំ​ទទួលបាន ២៣២ ។ ដើម្បី​ក្លាយជា​ប្រធានាធិបតី​បេក្ខជន ត្រូវ​ទទួលបាន​ប្រតិភូ​គាំទ្រ​ចាប់ពី​២៧០​ឡើងទៅ​។ កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ម៉ៃ ផេ​ន មាន​គោលដៅ​រាប់​ចំនួន​ប្រតិភូ​ដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី ដែល​វា​គ្រាន់តែ​ជា​នីតិវិធី​ផ្លូវការ​ប៉ុណ្ណោះ ព្រោះ​អ្នកឈ្នះ​ត្រូវបាន​ដឹងឮ​អស់​ទៅហើយ គឺ​លោក បៃ​ឌិន មកពី​បក្ស​ប្រជាធិបតេយ្យ​។​
 
«​បើទោះបីជា​ខ្ញុំ​មិន​យល់ស្រប នឹង​លទ្ធផល​ឆ្នោត​យ៉ាងណាក្តី នឹងមាន​ការផ្ទេរអំណាច​ដោយមាន​សណ្តាប់ធ្នាប់​នៅ​ថ្ងៃទី​២០ មករា​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​ភ្លាមៗ​ក្នុង​បណ្តាញ​សង្គម Twitter របស់​អ្នកនាំពាក្យ​សេត​វិមាន​។ គណនី​របស់លោក ត្រាំ ត្រូវបាន​ហាម​មិន​ឲ្យ​បង្ហោះ​សារ​អ្វី​ទាំងអស់​រយៈពេល​១២​ម៉ោង​។​
 
​ការបញ្ជាក់​ដោយ​ព្រឹទ្ធសភា​នេះ ជាការ​បដិសេធ​ការលើកឡើង​របស់លោក ត្រាំ ដែល​និយាយថា មានការ​លួច​សន្លឹកឆ្នោត នៅតាម​រដ្ឋ​ប្រទាញប្រទង់​មួយចំនួន​។ ការប្រជុំ​របស់​សភា រង​ការរំខាន​ដោយ​ការអុកឡុក​របស់​កុប​ករ​គាំទ្រ​លោក​ត្រាំ ដែល​នាំ​ឲ្យ​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ត្រូវ​ជម្លៀស​ខ្លួន និង​ផ្អាក​ការប្រជុំ​ជាង​៦​ម៉ោង​។​ក្រោយ​ប៉ូលិស​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ សភា​ទាំងពីរ ក៏បាន​បន្ត​កិច្ចប្រជុំ​របស់ខ្លួន​បន្ត​ទៀត​ដើម្បី​រាប់​សំឡេងគាំទ្រ​របស់លោក បៃ​ឌិន ។​
 
​អំឡុងពេល​ប្រជុំ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ជាមួយ​ចំនួន​តូច​បាន​ជំទាស់​ទៅនឹង​លទ្ធផល​ឆ្នោត​ពីរ​ដ្ឋ Georgia, Pennsylvania, Arizona, Michigan និង​Wisconsin​។ ការទាមទារ​ដោយ​សមាជិកសភា​ដែល​គាំទ្រ​លោក ត្រាំ ពុំបាន​បង្ហាញ​ភស្តុតាង​អ្វី​ឡើយ និង​សុទ្ធសឹងតែ​រឿង​ដែល​តុលាការ​បាន​ច្រានចោល​រួច​អស់ហើយ​។ ការជំទាស់​ទាំងអស់នោះ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​ទាំងពី​បក្ស បោះឆ្នោត​បដិសេធ​ដោយ​សំឡេង​ច្រើន​លើសលុប​៕
 
 
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com