COVID-19
អន្តរជាតិ
WHO៖ ប្រទេស​ក្រីក្រ អាច​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ចន្លោះ​ចុងខែ​មករា និង​ពាក់កណ្ដាល​ខែកុម្ភៈ​
08, Jan 2021 , 12:20 pm        
រូបភាព
WHO៖ ប្រទេស​ក្រីក្រ អាច​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ចន្លោះ​ចុងខែ​មករា និង​ពាក់កណ្ដាល​ខែកុម្ភៈ​
WHO៖ ប្រទេស​ក្រីក្រ អាច​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ចន្លោះ​ចុងខែ​មករា និង​ពាក់កណ្ដាល​ខែកុម្ភៈ​
​ក្រុម​ប្រទេស​ក្រីក្រ​បំផុត អាច​រំពឹង​ទទួលបាន​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ចន្លោះ​ចុងខែ​មករា និង​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ទទួល​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៧ ខែមករា​។ ស្របពេល​វ៉ាក់សាំង​ជាច្រើន​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​នៅតាម​ដំណាក់កាល​ផ្សេងៗ WHO ក៏​ប្រកាស​ដែរ​ថា អាច​នឹង​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅពេល​បន្តបន្ទាប់​ទៀត​។ 

 
​មជ្ឈមណ្ឌល COVAX ដែល​បង្កើត​នៅ​ខែមេសា ឆ្នាំ​២០២០ ជា​យន្តការ​ដ៏​សំខាន់​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការទិញ និង​ការធានា​ការ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​-១៩ ។ COVAX បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​នានា​ដើម្បី​ទិញ​វ៉ាក់សាំង​២​ពាន់​លាន​ដូ​ស ដើម្បី​ចែក​ឲ្យ​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​ទាន​ចំនួន​៩២ នៅ​ទូទាំងប្រទេស ដោយ​ប្រទេស​នីមួយៗ​អាច​ទទួលបាន​វ៉ាក់សាំង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។ 
 
​លោកស្រី Kate O'Brien ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់ WHO និយាយថា ការផ្ដល់​វ៉ាក់សាំង​ដំបូង​ទៅកាន់​ប្រទេស​ក្រីក្រ អាច​នឹង​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ ក្នុង​សន្និសីទ​អន​ឡាញ​នៅ​ថ្ងៃទី​៧ ខែមករា លោកស្រី O'Brien បញ្ជាក់​កាលបរិច្ឆេទ​ទទួល​វ៉ាក់សាំង​ថា WHO នឹង​បញ្ចេញ​វ៉ាក់សាំង​ទាំង​ជាង​២​ពាន់​លាន​ដូ​ស ប្រហែល​នៅ​ចុងខែ​មករា ឬ​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ​ដល់​ចុងខែ​កុម្ភៈ​។​
 
«​នេះ​ជា​របៀប​ដែល​ប្រទេស​នៅ​អាហ្វ្រិក និង​អាស៊ី​ខាងត្បូង និង​ប្រទេស​ឯទៀត​នៅ​ជុំវិញ​ពិភពលោក​ទាំង​៩២ ដែល​ពិបាក​ទទួលបាន​វ៉ាក់សាំង អាច​ទទួលបាន​វ៉ាក់សាំង​។​» លោកស្រី O'Brien បញ្ជាក់​បែបនេះ​។ 
 
​កាលពី​ថ្ងៃទី​៣១ ខែធ្នូ WHO ក៏បានផ្ដល់​ការទទួលស្គាល់​បន្ទាន់​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ។ ការទទួលស្គាល់​នេះ បើកផ្លូវ​ឲ្យ​ប្រទេស​ក្រីក្រ​ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​វាយតម្លៃ​លើ​គុណភាព​វ៉ាក់សាំង អាច​ព​ន្លឿ​ន​នីតិវិធី​ក្នុងស្រុក​រៀងៗ​ខ្លួន​ដើម្បី​អាច​ប្រើ​ប្រើប្រាស់​វ៉ាក់សាំង​បាន​រហ័ស​។ 
 
​យោងតាម​របាយការណ៍ WHO វ៉ាក់សាំង​៦៣​ហើយ បាន​សាកល្បង​លើ​មនុស្ស ហើយ​២១​ទៀត ស្ថិតក្នុង​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​។ វ៉ាក់សាំង​១៧២​ទៀត ស្ថិតក្នុង​ការអភិវឌ្ឍ​ក្នុង​មន្ទីរ​ពិសោធ ហើយ​ដែល​អាច​ឈានដល់​ការសាកល្បង​លើ​មនុស្ស​។ លោកស្រី O'Brien អះអាងថា ជាមួយនឹង​វ៉ាក់សាំង​ច្រើន WHO កំពុង​សកម្ម​ក្នុងការ​ត្រួតពិនិត្យ​ទិន្នន័យ​របស់​វ៉ាក់សាំង​ទាំងនោះ ហើយ​រំពឹងថា នឹង​បញ្ចូល​ក្នុង​វ៉ាក់សាំង​នោះ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​នៅពេល​សប្ដាហ៍​ខាងមុខ និង​ខែ​ខាងមុខៗ​៕ 
 
 
 
 

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com