ជាតិ
សង្គមជាតិ
១ឆ្នាំនៃការរៀនតាមអនឡាញ ក្នុងបរិបទកូវីដ-១៩ គ្មានគុណភាព តែជាឱកាសសម្រាប់វិស័យអប់រំ
09, Jan 2021 , 6:53 pm        
រូបភាព
 សិស្សានុសិស្ស​ម្នាក់​កំពុងតែ​អង្គុយមើល​ការពន្យល់មេរៀន​តាម​ទូរសព្ទដៃ និងម្នាក់ទៀ​តកំពុង​អង្គុយ​មើល​ការ​ពន្យល់មេរៀន​តាម​កុំព្យូទ័រ ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ២០២០
សិស្សានុសិស្ស​ម្នាក់​កំពុងតែ​អង្គុយមើល​ការពន្យល់មេរៀន​តាម​ទូរសព្ទដៃ និងម្នាក់ទៀ​តកំពុង​អង្គុយ​មើល​ការ​ពន្យល់មេរៀន​តាម​កុំព្យូទ័រ ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ២០២០
ដោយ:
 
ភ្នំពេញ៖ វិស័យអប់រំនៅកម្ពុជាបានចាប់ផ្តើមអនុវត្តតាមបែបឌីជីថលយ៉ាងទូលំទូលាយ អស់រយៈពេលជិតមួយឆ្នាំហើយ តាំងពីកម្ពុជារាតត្បាតជំងឺកូវីដ-១៩។ សិស្ស គ្រូ ឪពុកម្តាយ គឺសុទ្ធតែជួបបញ្ហាខុសៗគ្នា នៅអំឡុងរៀនអនឡាញកន្លងមក។ អ្នកជំនាញអប់រំ មើលឃើញថា ការសិក្សា និងបង្រៀនតាមអនឡាញ ក្នុងបរិបទកូវីដ-១៩ រយៈពេល១ឆ្នាំនេះ គឺគ្មានគុណភាពឡើយ ប៉ុន្តែវាជាឱកាសសម្រាប់កម្ពុជា ពង្រឹងវិស័យអប់រំក្នុងបរិបទឌីជីថល។



យុវសិស្ស សុខ គីមឆាយ បានសិក្សាតាមអនឡាញផង និងនៅសាលាផងអំឡុងពេលពេញ១ឆ្នាំនេះ តាមការសម្រេចរបស់រដ្ឋាភិបាល។ ប៉ុន្តែ គីមឆាយ ដែលមិនបានបញ្ចេញសមត្ថភាពខ្លួន តាមរយៈការប្រឡងឡើយ ដោយសារតែរដ្ឋាភិបាល បានសម្រេចឲ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០ ជាប់ដោយស្វ័យប្រវត្តិទាំងអស់ ដោយគ្មានកំណត់និទ្ទេស។ ដ្បិតមិនបានបង្ហាញសមត្ថភាពខ្លួន ប៉ុន្តែ គីមឆាយ សប្បាយចិត្ត ដែលខ្លួនទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីមួយទៀត ពីការសិក្សាតាមអនឡាញ ក្នុងបរិបទកូវីដ-១៩នេះ។

បេក្ខជនជាប់បាក់ឌុបស្វ័យប្រវត្តិរូបនេះ បាននិយាយដូច្នេះថា៖«ពីមុនមកខ្ញុំក៏អត់ដឹងថាការរៀនតាមZoom នោះគេប្រើយ៉ាងម៉េច។ ឥឡូវខ្ញុំដឹង ខ្ញុំក៏បង្កើតជាក្រុមដើម្បីសួរគ្នាទៅវិញទៅមក។ ពីមុនខ្ញុំក៏អត់ចេះប្រើកុំព្យូទ័រ ការស្រាវជ្រាវ និងដឹងពីApp សម្រាប់សិក្សាដែរ។ តាមរយៈសិក្សាតាមអនឡាញមក ខ្ញុំក៏យល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាងមុន»។

ទន្ទឹមនឹងការទទួលបានចំណេះដឹងថ្មីនេះ គីមឆាយ ក៏ជួបបញ្ហាភ្នែក និងសុខភាពផងដែរ។ ប៉ុន្តែវាមិនមែនជាបញ្ហាចោទធំសម្រាប់ គីមឆាយ នោះទេ។«ការរៀនអនឡាញគឺអង្គុយនៅមុខកុំព្យូទ័រច្រើន វាពិបាកដល់ភ្នែក ហើយអង្គុយនៅមុខទូរសព្ទយូរពេកក៏ធ្វើឲ្យឈឺភ្នែក និងឈឺចង្កេះដែរ»។ នេះជាការលើកឡើងរបស់យុវសិស្សគីមឆាយ ដែលខានជួបមុខលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរបស់ខ្លួនជាយូរខែមកហើយ។

សម្រាប់លោក លឿន មុន្នីរ័ត្ន ដែលមានកូនចំនួន៣នាក់ សិក្សាតាមអនឡាញនោះ ក៏ទទួលបានចំណេះដឹងថ្មី ពីការអប់រំបែបឌីជីថលនេះដែរ ព្រោះលោកអាចជួយស្រាវជ្រាវរកឯកសារសម្រាប់កូនៗខ្លួន។ ប៉ុន្តែបញ្ហាដែលលោក មុន្នីរ័ត្ន បារម្ភនោះ គឺខ្លាចកូនខ្លួនប្រើប្រាស់អនឡាញខុសគោលដៅសិក្សា ។

«ខ្ញុំរកស៊ី អត់សូវមានពេលមើលពួកគាត់»។ នេះជាការលើកឡើងរបស់លោក មុន្នីរ័ត្ន ដែលបានបន្ថែមថា បើទោះបីគ្មានពេលបង្រៀនកូន និងតាមដានការសិក្សាកូន ក៏លោកតែងតែណែនាំកូនឲ្យពួកគេខិតខំរៀនសូត្រ។

ការសិក្សាតាមអនឡាញជួបបញ្ហាប្រឈម គឺជារឿងមួយហើយ តែការបង្រៀនតាមអនឡាញវិញ ក៏ជួបការលំបាកដូចគ្នាដែរ។ អ្នកគ្រូ ម៉ា ផល្លា ដែលបង្រៀនសិស្សថ្នាក់ទី៥នៅបឋមសិក្សាវត្តបូព៌ នាខេត្តសៀមរាប បានបង្រៀនតាមអនឡាញជិតមួយឆ្នាំហើយ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អំឡុងពេលបង្រៀននេះ អ្នកគ្រូ ផល្លា ជួបបញ្ហាអ៊ីនធឺណិត ដែលរំខានដល់ការបង្រៀនរបស់ខ្លួន។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកគ្រូ ផល្លា បានបញ្ជាក់ដូច្នេះថា ៖«ពេលខ្លះយើងបង្រៀន វាដាច់អ៊ីនធឺណិត ហើយវាធ្វើឲ្យយើងពិបាកទំនាក់ទំនងជាមួយសិស្ស។ ពេលខ្លះគ្រូដាច់ ពេលខ្លះសិស្សដាច់ ហើយនិយាយស្តាប់គ្នាអត់បាន។ សិស្សខ្លះគាត់អត់យកចិត្តទុកដាក់រៀន ធ្វើឲ្យរំខាន គាត់លេង គាត់គូស ពេលយើងកំពុងរៀន ហើយគាត់ព្យាយាមបិទកាមេរ៉ា ហើយក៏ព្យាយាមហៅគាត់មកវិញ»។  

ទន្ទឹមនឹងជួបបញ្ហាអ៊ីនធឺណិតនេះ អ្នកគ្រូ ម៉ា ផល្លា ក៏ជួបការលំបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យា បង្រៀនសិស្សតាមអនឡាញនេះដែរ។ ប៉ុន្តែវាក៏ជាឱកាសដែលជួយបង្រៀនអ្នកគ្រូ ផល្លា បានយល់ពីរបៀបប្រើប្រាស់បណ្ដាញឌីជីថលទាំងនេះ។ «យើងទទួលបានចំណេះដឹងពីប្រព័ន្ធអនឡាញហ្នឹងច្រើនដែរ។ ទទួលបានឱកាសបង្រៀនតាមប្រព័ន្ធយូធូប និងតាមអនឡាញ បង្រៀនគាត់តាមZoom និងGoogle Classroom សម្រាប់ទំនាក់ទំនងសិស្ស យើងអាចចេះប្រើប្រាស់បាន»។ នេះជាការបញ្ជាក់របស់គ្រូបង្រៀនសិស្សថ្នាក់ទី៥នៅបឋមសិក្សាវត្តបូព៌ នាខេត្តសៀមរាប។

លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការសិក្សាតាមអនឡាញរបស់សិស្ស និងនិស្សិត រយៈពេលមួយឆ្នាំនេះ គឺជួបបញ្ហាប្រឈមជាច្រើន ដែលធ្វើឲ្យពួកគេទាំងអស់ មិនអាចទទួលបានចំណេះដឹងស្មើភាពគ្នាឡើយ។

លោក ប៉ា ច័ន្ទរឿន មើលឃើញថា សិស្សខ្លះមានទាំងធនធាន និងមានសេវាកម្មអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់សិក្សា។ ចំណែកសិស្សខ្លះទៀត ដែលស្ថិតនៅទីជនបទ គឺជួបបញ្ហាប្រឈមក្នុងការសិក្សាតាមអនឡាញដោយសារបញ្ហាអ៊ីនធឺណិត និងខ្វះសម្ភារសិក្សាដូចជា ទូរសព្ទទំនើប កុំព្យូទ័រ និងទូរទស្សន៍ជាដើម។

នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងដូច្នេះថា៖«សេវាអ៊ីនធឺណិតគឺសម្បូរតែនៅទីប្រជុំជន និងក្រុងភ្នំពេញទេ។ ហើយនៅតាមទីរួមខេត្ត ស្រុក នៅតែពិបាកប្រើអ៊ីនធឺណិតដែរ។ អ៊ីនធឺណិតក្នុងទូរសព្ទរបស់គាត់អាចឈែត និងឆែកអ្វីបាន ប៉ុន្តែបើឲ្យអង្គុយរៀនជាសាច់ការ គឺមិនអាចទេ។ ណាមួយសេវាអ៊ីនធឺណិតក៏វាថ្លៃដែរ បើប្រៀបធៀបនឹងសេដ្ឋកិច្ចពលរដ្ឋ សិស្សានុសិស្ស និងគ្រូ។ ដូច្នេះពួកគេរៀនសូត្របានតិចតួច»។

លោក ប៉ា ច័ន្ទរឿន បន្ថែមថា៖«ការសិក្សាតាមអនឡាញនេះ គឺមានការខ្វះខាតច្រើន ទាំងខាងបរិក្ខារ សេវាអ៊ីនធឺណិត ផ្នែកគរុកោសល្យ ទាំងការចូលរួមពីគ្រូ និងសិស្ស។ គ្រូ និងសិស្សខ្លះមិនទាន់ចេះប្រើប្រព័ន្ធបច្ចេកវិទ្យានៅឡើយទេ ហើយសិស្សខ្លះមិនទាន់មានទម្លាប់ស្វ័យសិក្សានៅឡើយទេ»។  

បន្ថែមលើការឡើងរបស់លោក ប៉ា ច័ន្ទរឿន នេះ លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ក៏យល់ឃើញថា ការប្រែប្រួលអាកាសធាតុ និងបញ្ហាគ្រួសាររបស់សិស្ស ក៏ជាដើមហេតុឲ្យការសិក្សាពួកគេធ្លាក់ចុះផងដែរ នៅឆ្នាំសិក្សា២០២០។

«ជួនកាលសម្ពាធឪពុកម្តាយក៏ធ្វើទុក្ខបុកម្នេញដល់ការខិតខំរៀនសូត្ររបស់សិស្សដែរ។ ឪពុកម្តាយជួបការលំបាក ប្រឈមនឹងការងារចំណាកស្រុក រួមផ្សំនឹងការបិទរោងចក្រទៀត ទើបធ្វើឲ្យពួកគេជួយរកលុយឪពុកម្តាយ ដោយបង្ខំឲ្យពួកគេឈប់រៀន»។ នេះជាការលើកឡើងរបស់លោក សន ជ័យ។

អ្នកជំនាញផ្នែកអប់រំទាំងនោះ គឺសុទ្ធតែបានលើកឡើងដូចគ្នាថា បើទោះបីវិស័យអប់រំសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ បានធ្លាក់ចុះគុណភាពអប់រំជាងប៉ុន្មានឆ្នាំកន្លងទៅ។  ប៉ុន្តែការអប់រំនៅកម្ពុជានៅតែបោះជំហានទៅមុខ និងឆ្ពោះទៅរកប្រព័ន្ធបច្ចេកវិទ្យាទំនើប។

សម្រាប់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិស័យអប់រំតាមបែបបច្ចេកវិទ្យានេះ ជាបទពិសោធន៍ថ្មី សម្រាប់វិស័យអប់រំនៅកម្ពុជា។ លោក ឈត ប៊ុនថង បាននិយាយថា វិបត្តិកូវីដ-១៩បានធ្វើឲ្យវិស័យអប់រំ និងវិស័យផ្សេងៗទៀតនៅកម្ពុជាកាន់តែដើរទាន់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដូច្នេះថា៖«ឆ្នាំ២០២០មិនមែនគ្រាន់តែក្រសួងអប់រំបង្រៀនអនឡាញ រួមទាំងស្ថាប័នផ្សេងៗក៏ធ្វើការតាមអនឡាញដែរ។ អ៊ីចឹងមួយរយៈនេះ ធ្វើឲ្យពលរដ្ឋខំប្រឹងរៀនបច្ចេកវិទ្យាអនឡាញ រៀនអនឡាញ និងធ្វើការអនឡាញ ឬក៏លក់ដូរអនឡាញជាដើម។ វាជាហានិភ័យមួយ ប៉ុន្តែក៏ជាឱកាសមួយដែរ»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ទោះបីវិស័យអប់រំនៅកម្ពុជាជួបនូវបញ្ហាច្រើនក៏ពិតមែន។ ប៉ុន្តែក្រសួងតែងបង្វែរបញ្ហាឲ្យក្លាយទៅជាឱកាសពង្រឹងការអប់រំបែបឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យការអប់រំបែបឌីជីថល ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងទិសដៅ ២០៣០។

មន្ត្រីអប់រំរូបនេះបញ្ជាក់ថា «ដើម្បីឲ្យការសិក្សាតាមបែបឌីជីថលប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំបានកំពុងបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ប.ព.ស.) ឲ្យក្លាយជាឧបករណ៍សម្រាប់រៀន បង្រៀន និងចែករំលែកចំណេះដឹងក្នុងវិស័យអប់រំ»។

លោក រស់ សុវាចា បានបន្តថា ក្រសួងអប់រំក៏នឹងផ្ដល់ធនធានហិរញ្ញវត្ថុចាំបាច់ ដើម្បីគាំទ្រដល់ការប្រើប្រាស់ប.ព.ស. ក្នុងវិស័យអប់រំ ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល និងសម្របសម្រួលភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍនានាសម្រាប់រ៉ាប់រងចំណាយមូលធន និងចំណាយចរន្ត៕



Tag:
 អប់រំ
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com