ជាតិ
៣ខែដើមឆ្នាំ រមណីយដ្ឋានអង្គរ ផ្តល់ចំណូលបានជាង១១លានដុល្លារពីទេសចរអន្តរជាតិជិត២៤ម៉ឺននាក់
×
ដោយ៖ សែម ប្រាក់ដាវ
រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ ទេសចរអន្តរជាតិជិត២៤ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងបានផ្ដល់ចំណូលជាង ១១លានដុល្លារដល់គ្រឹះស្ថានអង្គរ។ ទិន្នន័យនេះ កើនឡើងជាង ១០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៣ខែ មានទេសចរសរុប ២៣៦ ៣៤១នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើន ១២៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណូលដែលបានមកពីទេសចរជាង ២៣ម៉ឺននាក់នេះ មានចំនួន១១ ១៣៥ ៤៩២ដុល្លារ។ ក្នុងនោះគ្រឹះស្ថានអង្គរទទួលបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៤៧២ ៦៨២ដុល្លារផងដែរ។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរ បានចំនួន ៦៥ ៣៨៥ដុល្លារ លើទេសចរអន្តរជាតិចំនួន ៤ ៣៥៩នាក់ ក្នុងរយៈពេល៣ខែ។ ទន្ទឹមនឹងនោះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស រយៈពេល៣ខែនៃឆ្នាំ២០២៣នេះ មានចំនួន ១៨០ ១៦៤ដុល្លារផងដែរ។
សូមបញ្ជាក់ថា ក្នុងខែមីនា មានទេសចរ ៧៩ ៣៩០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយរកចំណូលបាន ៣ ៧៤៨ ៧០០ដុល្លារផងដែរ៕
Tag:
គ្រឹះស្ថានអង្គរ
សៀមរាប
ព្រះវិហារ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com