ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ង សាំងកុមារ ប្តេជ្ញាធ្វើឲ្យខ្មែរឈប់មើលងាយអ្នកស្រែ និងចង់ធ្វើឲ្យកម្ពុជាឈប់សុំបរទេស
13, Oct 2015 ,
2:27 pm
រូបភាព
×
ដោយ:
នៅឆ្នាំ ១៩៨៤ យុវជន យ៉ង សាំងកុមារ បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ។ អស់រយៈពេល ១១ ឆ្នាំដែលយុវជនរូបនេះ សិក្សាថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិតផ្នែកកសិកម្មនៅក្នុងទឹកដីនៃប្រទេសអាល្លឺម៉ង់ខាងកើត។ ផ្នែកកសិកម្ម គឺជាវិស័យដែលលោកបណ្ឌិត សាំងកុមារ ស្រលាញ់តាំងពីខ្លួននៅតូច។ ពេលសិក្សានៅក្នុងប្រទេសនេះ បញ្ញវន្តខ្មែរម្នាក់នេះ តែងតែរងការប្រមាថមើលងាយពីសំណាក់ជនបរទេសដែលរិះគន់ថា ខ្មែរជាប្រទេសក្រីក្រ និងជាជាតិសាសន៍ដែលរស់ដោយសារជំនួយបរទេស ហើយបែកបាក់គ្នា។ នៅឆ្នាំ ១៩៩៥ ក្រោយបញ្ចប់ការសិក្សានៅអាល្លឺម៉ង់ លោកបណ្ឌិតកសិកម្មកូនចៅអ្នកស្រុកត្រាំកក់ខេត្តតាកែវ រូបនេះ បានបង្កើតអង្គការសេដាក ដោយផ្តើមធ្វើការងារកសិកម្មជាមួយប្រជាជនខ្មែរមួយចំនួនតាំងពេលនោះមក។ តាមរយៈវិស័យកសិកម្ម និងមានបំណងចង់ប្រឡូកក្នុងឆាកនយោបាយនាពេលឆាប់ៗខាងមុខនេះផងនោះ លោក យ៉ង សាំងកុមារ មានមហិច្ឆតា ចង់ធ្វើឲ្យប្រទេសកម្ពុជា «ឈប់ក្លាយជាប្រទេសសុំទានគេ»តាមរយៈការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាពពិតប្រាកដ។ តាមរយៈវិស័យកសិកម្ម លោក យ៉ង សាំងកុមារ ក៏ប្តេជ្ញាធ្វើឲ្យកសិករខ្មែររីកចម្រើន និងឲ្យពលរដ្ឋមួយចំនួនឈប់មើលងាយកសិករខ្មែរតទៀត ។
«ខ្ញុំធ្លាប់រស់នៅបរទេស ខ្ញុំរងការមើលងាយពីជនជាតិគេថា ខ្មែរជាជាតិសាសន៍ ដែលកាប់ចាក់គ្នា ជាតិសាសន៍ក្រីក្ររហេមរហាម ជាតិសាសន៍ដែលចង់តែទៅរស់នៅស្រុកគេ សុំទានគេ ជ្រកកោនស្រុកគេរហូត»។ លោក យ៉ង សាំងកុមារ កំពុងតែរម្លឹកពីភាពឈឺចាប់របស់ខ្លួនក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូបដែលធ្លាប់ទទួលរងការប្រមាថមើលងាយពីសំណាក់ជនជាបរទេស ក្នុងពេលលោកសិក្សានៅប្រទេសអាល្លឺម៉ង់។ ដោយសារតែឈឺចាប់នឹងពាក្យបរទេសនិន្ទា យុវជនស្គមកំព្រឹង នៃប្រទេសកុម្មុយនីស្តមួយដែលទើបចាកផុតពីរបបប្រល័យពូជសាសន៍បានខំប្រឹងសង្វាតសិក្សា និងបានក្លាយជាសិស្សពូកែនៅបរទេស។ ក្នុងពេលសិក្សាយុវជនខ្មែរម្នាក់នេះ តែងតែស្រមៃក្នុងចិត្តរបស់ខ្លួនជាប់ជានិច្ចថា ថ្ងៃណាមួយមាតុភូមិដ៏កំសត់ដែលធ្លាប់វក់វីនឹងសង្គ្រាមស៊ីវិល និងតែងតែទួលរងការប្រមាថមើលងាយពីបរទេសមួយនេះ នឹងអាចប្រែក្លាយខ្លួនជាប្រទេសគំរូគេនៅក្នុងទ្វីបអាស៊ី។ «គំរូទាំងប្រជាជន ទាំងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ ពេលនោះគេនឹងឈប់មើលងាយយើង» ។ នេះជាក្តីសង្ឃឹមរបស់និស្សិត យ៉ង សាំងកុមារ ពេលខ្លួនសិក្សានៅប្រទេសអាល្លឺម៉ង់ខាងកើត។
ទទួលបានពានរង្វាន់ កាល់ម៉ាក្ស
កើតនៅឆ្នាំ ១៩៦៦ លោក យ៉ង សាំងកុមារ គឺជាកូនចៅអ្នកស្រុកត្រាំងកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ នៅពេលកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម គ្រួសាររបស់លោក បានជម្លៀសមកភ្នំពេញ ពេលនោះ លោកបានចូលរៀននៅសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ថ្នាក់ ១២ ( ស្មើថ្នាក់ ទី១ បច្ចុប្បន្ន )។ ប៉ុន្មានឆ្នាំក្រោយមកយុវសិស្ស កុមារ បានប្រឡងជាប់ចូលរៀននៅវិទ្យាល័យបឹងត្របែក ដោយរៀនជាភាសាខ្មែរ និងភាសាអង់គ្លេស។
នៅពេលដែលមេដឹកនាំខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោក កុមារ បានស្ថិតនៅក្នុងចំណោមពលរដ្ឋខ្មែររាប់ពាន់នាក់ដែលត្រូវបណ្តេញចេញពីរដ្ឋធានីទៅខេត្តតាកែវ បន្ទាប់មក ទៅស្រុកកៀនស្វាយ រហូតដល់ថ្ងៃដួលរលំនៃរបបអាវខ្មៅក្នុងឆ្នាំ១៩៧៩ ។ ដោយសារតែនៅក្បែរភ្នំពេញស្រាប់ ក្រុមគ្រួសារនេះ ក៏បានចូលមករស់នៅម្តុំផ្សារដេប៉ូ ដែលអនុញាតឲ្យយុវជន យ៉ង សាំងកុមារ អាចបន្តរៀននៅវិទ្យាល័យសន្ធរមុខ រហូតដល់បានបញ្ចប់ថ្នាក់វិទ្យាល័យ នឹងទទួលបានអាហារូបករណ៍នៅឆ្នាំ១៩៨៤ ដើម្បីបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ ( ពេលនោះ ជាអាល្លឺម៉ង់ខាងកើត )។
ពីឆ្នាំ ១៩៨៤ ដល់ ១៩៨៥ នៅអាល្លឺម៉ង យុវជន យ៉ង សាំងកុមារ ត្រូវសិក្សាស្វែងយល់ពីលទ្ធិកុម្មុយនីស្ត ហើយបន្តរៀនភាសាបច្ចេកទេស គឺភាសាអង់គ្លេស ១ឆ្នាំ ក្នុងនោះមានបង្កប់នូវទស្សនៈវិទ្យា លទ្ធិកុម្មុយនីស្ត និងប្រវត្តិសាស្ត្រផង។ ឈ្មោះជាសិស្សពូកែពីប្រទេសក្រីក្រកម្ពុជា យ៉ង សាំងកុមារ ក៏នៅតែរក្សាដំណែងនេះដដែលនៅលើទឹកដីអឺរ៉ុប។ ជាសិស្សពូកែនៅក្នុងសាលា ហើយទទួលបានមេដាយជាសិស្សឆ្នើមផ្នែកភាសានិងជាសិស្ស ពូកែមុខវិជ្ជាលទ្ធិកុម្មនីស្តទៀតនោះលោក កុមារក៏ទទួលបានពានរង្វាន់ អាលិនសាវដ (ជាអ្នកបដិវត្តឈីលី ) ដែលធ្វើឲ្យនិស្សិតរូបនេះ ទទួលបានកិត្តិយស និងប្រាក់ឧបត្ថម្ភលើការសិក្សាបន្ថែមទៀត។
ឆ្នាំបន្ទាប់ និស្សិតរូបនេះ ទទួលបានពានរង្វាន់មួយបន្ថែមទៀត គឺមេដាយ កាល់មាក្ស (អ្នកប្រាជ្ញលទ្ធិកុម្មនីស្ត)។ លោក យ៉ង សាំងកុមារ បញ្ជាក់ដូច្នេះថា៖ «វាជាមេដាយធំជាងគេ ខ្ពស់ជាងគេសម្រាប់សិស្សដែលរៀនពូកែ។ ខ្ញុំមានកិត្តិយសណាស់ ពេលទទួលពានរង្វាន់នេះ។ គេដំឡើងប្រាក់ឧបត្ថម្ភដល់ខ្ញុំ ធ្វើឲ្យការរស់នៅរបស់ខ្ញុំស្រួលជាងមុន» ។
ការសិក្សាផ្នែកលទ្ធិកុម្មុយនីស្តនេះ មិនមែនជាក្តីប្រាថ្នារបស់ និស្សិត យ៉ង សាំងកុមារ ឡើយ។ តាមពិតទៅ កុមារ ចង់រៀនមុខវិជ្ជាផ្នែកកសិកម្ម ទើបនៅឆ្នាំ ១៩៨៦ យុវជនរូបនេះ បានសម្រេចចិត្តសុំប្តូរមុខវិជ្ជាសិក្សា។ «ខ្ញុំគ្មានអីក្រៅពីសិក្សាកសិកម្មទេ ព្រោះប្រទេសខ្ញុំជាប្រទេសកម្មសិកម្ម ហើយខ្ញុំចូលចិត្តកសិកម្មតាំងពីតូច។ ពេលនៅស្រុកខ្មែររៀនកាលពីតូច ខ្ញុំដាំបន្លែលក់ យកលុយរៀន។ ខ្ញុំសុំដូរមុខវិជ្ជាលទ្ធិកុម្មុយនីស្ត ខ្ញុំត្រូវជិះរទេះភ្លើងមកជួបសកលវិទ្យាធិការសកលវិទ្យាល័យ សុំដូររៀនខាងកសិកម្ម។ តាមពិតការសុំប្តូរមុខវិជ្ជា មិនមែនជារឿងងាយទេ តែដោយសារខ្ញុំបានពានរង្វាន់ច្រើន លោកសាកលវិទ្យាធិការក៏អនុញ្ញាត ។ គាត់អនុញ្ញាត តែឃើញខ្ញុំរាងស្គម លោកគ្រូសួរថា ប្អូនឯងទ្រាំការងារលំបាកទេ ចង់រៀនកសិកម្មនោះ?តែខ្ញុំឆ្លើយប្រាប់ថា ខ្ញុំមិនលំបាកដូចសម័យខ្មែរក្រហមទេ ខ្ញុំឆ្លងកាត់អស់ហើយ។ គាត់ថា ដូច្នេះរៀនទៅ។ គាត់សើច» ។ លោក យ៉ង សាំងកុមារ រំឮកពីការសន្ទនាជាមួយលោកសាកលវិទ្យាធិការ។ ចាប់ពីឆ្នាំ ១៩៨៦ យុវជនមានសម្បុរស្រអែមរូបនេះ បានរៀនកសិកម្មរហូតដល់ឆ្នាំ ១៩៩៥ពោលគឺជិត ១០ឆ្នាំ ហើយនៅឆ្នាំ ១៩៩៥ ជាឆ្នាំដែលលោក យ៉ង សាំងកុមារកាន់សញ្ញាបត្របណ្ឌិតផ្នែកកសិកម្ម ហើយជិះយន្តហោះត្រឡប់មកស្រុកខ្មែរវិញ។បណ្ឌិតកសិកម្មរូបនេះ ប្តេជ្ញាយកចំណេះដឹងដែលខ្លួនចេះពីអាល្លឺម៉ង់ មកអភិវឌ្ឍមាតុភូមិក្រីក្ររបស់ខ្លួន។
«ខ្ញុំចង់ធ្វើឲ្យកម្ពុជា ឈប់ជាប្រទេសសុំទានគេ!»
បើទោះបីជាមកដល់ដីកំណើតរបស់ខ្លួន ពាក្យនិន្ទារបស់បរទេសដែលខ្លួនធ្លាប់ឮផ្ទាល់ត្រចៀក នៅតែស្ថិតក្នុងអារម្មណ៍របស់បណ្ឌិតកសិកម្មរូបនេះ។ ពាក្យទាំងនោះបានជំរុញទឹកចិត្ត លោក យ៉ង សាំងកុមារ ឲ្យបំលែងភាពឈឺចាប់នោះជាការប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីជួយប្រទេសជាតិ។ «ខ្ញុំចងចាំក្នុងចិត្តជានិច្ចនូវពាក្យមើលងាយរបស់បរទេស។ ខ្ញុំតែងតែប្តេជ្ញាធ្វើយ៉ាងណាកុំឲ្យគេមើលងាយជាតិសាសន៍ខ្មែរទៀត។ ពាក្យមើលងាយរបស់គេ បានបណ្តុះនូវកំហឹង។តែខ្ញុំបំលែងកំហឹងនេះ ទៅជាការធ្វើអ្វីមួយសម្រាប់មាតុភូមិយើង។ខ្ញុំចង់ធ្វើឲ្យកម្ពុជា កុំឲ្យក្លាយជាប្រទេសសុំទានគេមួយជីវិត។ យើងឆ្លងកាត់សង្គ្រាម របបប្រល័យពូជសាសន៍ យើងត្រូវការជំនួយមែន តែយើងមិនអាចសុំទានគេអស់មួយជីវិតនោះទេ»។ លោកបណ្ឌិត យ៉ង សាំងកុមារ មិនពេញចេញឡើយ នៅពេលដែលលោកឃើញខ្មែរ ចូលចិត្តប្រកាន់ផ្នត់គំនិតពឹងផ្អែកលើបរទេសហួសហេតុ។ លោកបណ្ឌិត បញ្ជាក់ថា៖ «ខ្មែរយើងហាក់ដូចជាពឹងបរទេសច្រើន។ ទី១ ពឹងលើជំនួយ ទី២ ពឹងលើការងារ ឲ្យសាសន៍គេមកជួយរហូត។តាមរយៈការធ្វើការជាមួយកសិករកន្លងមកនេះ ខ្ញុំគិតថា ខ្មែរយើងមានសក្តានុពលខ្ពស់ ទាំងធនធានធម្មជាតិ និងធនធានមនុស្ស។ ពីមុនគេចាត់ទុកកសិករថាជាក្រុមអ្នកក្រ ធ្វើអីអត់កើត។ តែដល់ពេលធ្វើការជាមួយគាត់ ទើបខ្ញុំដឹងថា គាត់មានសក្តានុពល។ ដូចខ្ញុំច្រើនលើកឧទាហរណ៍ថា សត្វឥន្ទ្រីយ៍នៅពេល វានៅជាមួយមាន់ វាអត់ដឹងថា វាជាឥន្ទ្រីយ៍ទេ។ ប្រៀបដូចគ្រាប់ពេជ្រ មិនទាន់ យកមកច្នៃ» ។
លោក យ៉ង សាំងកុមារ យល់ថា ដើម្បីឲ្យកម្ពុជា ឈប់សុំទានគេ គឺត្រូវចាប់ផ្តើមពីលោកខ្លួនឯង ពលរដ្ឋ គ្រប់ស្ថាប័នត្រូវប្រកាន់ឥរិយាបថឈប់សុំគេ។ «ដូច្នេះខ្ញុំ មានគំនិតមួយថា មុននឹងរុញកម្ពុជា កុំឲ្យក្លាយជាប្រទេសសុំទានគេ ត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ។ ខ្ញុំត្រូវចាប់ផ្តើមពីស្ថាប័នជាអង្គការខ្ញុំ ធ្វើឲ្យឈប់សុំទានគេ ចេញពីភូមិឃុំ ឈប់សុំទានគេ ធ្វើយើងម៉េចរស់បានដោយខ្លួនឯង។ យើងអាចខ្ចីលុយគេ តែយើងមិនអាចសុំគេបានទេ។ អភិវឌ្ឍន៍វិស័យកសិកម្ម គឺជាទ្រព្យមហាសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា»។ នេះជាការប្តេជ្ញារបស់លោក បណ្ឌិតកសិកម្ម ។
« ខ្ញុំនឹងធ្វើឲ្យគេឈប់ដៀលកសិករថា អ្នកស្រែ ជាក្រុមអន់! »
ក្នុងក្រសែភ្នែកបណ្ឌិតកសិកម្មរូបនេះ នៅកម្ពុជា គ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើកសិកម្មនោះទេ ។ លោកប្រធានអង្គការ សេដាក រូបនេះ ប្រមើលមើលថា នៅក្នុងរយៈពេលតែ ២០ឆ្នាំទៀត ពោលគឺឆ្នាំ ២០៣៥ មានតែវិស័យ ៣ សំខាន់ប៉ុណ្ណោះ ដែលជួយដល់សេដ្ឋកិច្ចជាតិ ក្នុងនោះ មានវិស័យកសិកម្មនេះឯងជាអាទិភាព។ លោក យ៉ង សាំងកុមារ បញ្ជាក់យ៉ាងនេះថា៖ « វិស័យធំៗ ៣ ដែលជួយឲ្យសេដ្ឋកិច្ចជាតិឲ្យដើរ គឺកសិកម្ម ទេសចរណ៍ និងវិស័យឧស្សាហកម្មនិងសិប្បកម្ម ជាពិសេសចំណីអាហារកែច្នៃ ជាសរសទ្រូងសេដ្ឋកិច្ចជាតិ។ តែវិស័យកសិកម្ម ជាអ្នកជំរុញវិស័យទាំងពីរនោះឲ្យរីកចម្រើន។ឧទាហរណ៍ថា ទេសចរ គេមកលេងស្រុកយើង គេត្រូវការវត្ថុអនុស្សាវរីយ៍គេត្រូវការអាហារកែច្នៃ។ដូច្នេះ យើងត្រូវការកែច្នៃវាឲ្យល្អ» ។ បុរសវ័យ ៤៩ ឆ្នាំរូបនេះ ផ្តល់គំនិតថា កម្ពុជាត្រូវតែអភិវឌ្ឍន៍ដើរឲ្យទាន់សភាពការណ៍ គឺបំលែងកសិកម្ម ដែលផលិតគ្រាន់តែហូប ទៅជាសម្រាប់ទីផ្សារ។ និយាយដល់ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យលោកបណ្ឌិតផ្នែកកសិកម្មមកពីអាល្លឺម៉ង់រូបនេះ មានមនសិការថា ចង់ប្តូរទស្សនៈរបស់ប្រជាជនខ្មែរ ដែលតែងតែមើលងាយកសិករ ថា « ពួកអ្នកស្រែអន់ » ។ « តាំងពីដើមរៀងមកខ្មែរយើង គ្មាននរណាម្នាក់ នាំកសិករយើងមិនឲ្យធ្វើកសិកម្មត្រឹមតែហូបទេ តែត្រូវធ្វើសម្រាប់ទីផ្សារ។ ខ្មែរយើងច្រើនតែដៀលកសិកថា អ្ហែងស្រែម្លេះ! មិនសមរម្យសោះ។ ខ្ញុំនឹងធ្វើឲ្យគេឈប់ដៀលកសិករបែបនេះ ឲ្យគាត់ថ្លៃថ្នួរ និងមានប្រាក់ចំណូលខ្ពស់។ ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់បញ្ជាក់ថា យើងមិនអាចចោលវិស័យកសិកម្មបានទេ វាជាមូទ័រសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ»។នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ ។ លោក យ៉ង សាំងកុមារ ពន្យល់ថា ផ្នែកកសិកម្មនេះ កម្ពុជា មានកម្លាំងពលកម្ម និងធនធានមនុស្ស ព្រមទាំងមានទីផ្សារទូលំទូលាយ។ លោកថាសម្រាប់ផលិតផលកសិកម្ម គ្រាន់តែទីផ្សារក្នុងស្រុកនោះស្ទើរតែគ្រប់គ្រាន់ទៅហើយ ដោយមិនចាំបាច់និយាយដល់ការនាំចេញទៅក្រៅប្រទេសផង។
នៅពេលដែលសួរថា តើបច្ចុប្បន្នកម្ពុជាសក្តិសមនឹងប្រទេសដែលគេតែងតែហៅថា ជាប្រទេសកសិកម្មទេ ? អ្នកជំនាញកសិកម្មរូបនេះ ឆ្លើយក្នុងន័យពីរយ៉ាង។លោកបន្តថាន័យទី ១ គឺកម្ពុជាសមជាប្រទេសកសិកម្ម ដោយសារមនុស្សភាគច្រើនធ្វើកសិកម្ម ។ តែក្នុងន័យទី គឺក្នងន័យសេដ្ឋកិច្ចលោកថា កម្ពុជាមិនសូវសមនោះទេ ។ លោក បរិយាយដូច្នេះថា ៖ «ថ្វីដ្បិតប្រជាជនខ្មែរភាគច្រើនធ្វើកសិកម្មមែន តែធ្វើមិនអស់សក្តានុពលឡើយ ហើយចំណូលដែលបានមកពីវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចនោះ មិនសមទេ។ ទី១ ផលិតផលយើងទាប ប្រើប្រាស់ដី បានតែ ១ រដូវ។ ទី២ ផលិតរបស់ផ្សេងៗដែលលក់ទីផ្សារ ដូចជា សាច់ជ្រូក បន្លែ មានតិច នាំចូលពីក្រៅច្រើន។ តាមពិតវិស័យនេះ បើយើងធ្វើឲ្យបានល្អ កម្ពុជា រកចំណូលបានសម្រាប់សេដ្ឋកិច្ច ២ ទៅ ៣ ដង លើសអ្វីដែលយើងរកបានបច្ចុប្បន្ន»។ លោកថា សព្វថ្ងៃកសិកម្មចូលរួមជាង ៣០ ភាគរយសម្រាប់ផលិតផលក្នុងស្រុក។ ក្នុងក្តីស្រមៃរបស់បញ្ញវន្តខ្មែររូបនេះលោកចង់ឃើញកម្ពុជារីកចម្រើនដូចប្រទេសជឿនលឿនដទៃទៀត។
« ដើម្បីឲ្យសង្គម រីកចម្រើនពលរដ្ឋ ត្រូវចូលរួមយ៉ាងសកម្ម កុំចាំតែមេដឹកនាំពីលើ បី បួននាក់ ខាងលើ!»
ប្រសិនបើប្រជាពលរដ្ឋចង់ឲ្យប្រទេសជាតិរីកចម្រើនដូចប្រទេសជឿនលឿនដទៃទៀតនៅក្នុងភ្នែករបស់លោកបណ្ឌិតកសិកម្ម គ្មានអ្វីក្រៅពីប្រជាជពលរដ្ឋទាំងអស់ ត្រូវចូលរួមកសាងប្រទេសជាតិដោយខ្លួនឯងឡើយ«យើងកុំចាំតែមេដឹកនាំខាងលើ បី បួននាក់! កុំចាំតែប្រាប់យើងពីលើមកថា ត្រូវធ្វើនោះ ធ្វើនេះ! យើងកុំចាំថាគេផ្តល់នេះ ផ្តល់នោះ ដល់យើង។ តែយើងជាពលរដ្ឋត្រូវរៀនដោះស្រាយបញ្ហាខ្លួនឯង។ ដូច្នេះ បានជាខ្ញុំគិតថា ខ្ញុំត្រូវទៅមួយជំហានទៀត គឺចេញពីការដោះស្រាយបញ្ហាខ្លួន និងគ្រួសារខ្លួនឯង ហើយចូលរួមដោះស្រាយបញ្ហាប្រទេសទាំងមូល។ ចាប់ផ្តើមពីភូមិឃុំ។ បើឃុំយើងរីកចម្រើន ស្រុក ខេត្ត ប្រទេសនឹងរីកចម្រើន»។ នេះជាការបរិយាយរបស់លោក យ៉ង សាំងកុមារ ក្នុងទឹកមុខម៉ឺងមាត់ ។ និយមន័យនៃការចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់លោក យ៉ង សាំងកុមារ គឺសំដៅទៅលើ ប្រជាពលរដ្ឋ ត្រូវចូលរួមគិតគូរពីបញ្ហារបស់ជាតិ តាមដានស្ថានការណ៍នយោបាយ និងចូលរួមធ្វើនយោបាយ ព្រមទាំងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។លោក យ៉ង សាំងកុមារ ខ្លួនឯង ប្រកាសថា លោកនឹងប្រឡូកក្នុងឆាកនយោបាយនាពេលឆាប់ៗខាងមុខនេះ។
« គេថា ធ្វើនយោបាយគ្រោះថ្នាក់ ហេតុអ្វីអ្នកនយោបាយខ្មែរ ធ្វើមិនព្រមឈប់ ហើយខ្លះធ្វើរហួតជរា» ?
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលលោក យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក ប្រកាសធ្វើនយោបាយ ដោយគ្រោងបង្កើតគណបក្សថ្មីមួយឈ្មោះ បក្សមូលដ្ឋាន ជាមួយបញ្ញវន្តមួយក្រុមទៀត មានលោក កែម ឡី ជាដើម។ តាមពិតទៅ នៅពេលដែលលោក យ៉ង សាំងកុមារ សិក្សាផ្នែកកសិកម្មនៅអាល្លឺម៉ង់ខាងកើតក្តីរំពឹងទុករបស់ខ្លួន គឺចង់ជួយវិស័យកសិកម្មកម្ពុជានិងគ្រាន់តែចង់ក្លាយជាទីប្រឹក្សាក្រសួង ឬស្រាវជ្រាវអំពីកសិកម្មប៉ុណ្ណោះ។ តែដោយសារលោកត្រឡប់មកពីអាល្លឺម៉ង់វិញ នៅឆ្នាំ ១៩៩៥ លោកចុះធ្វើការផ្ទាល់ជាមួយកសិករ ហើយឃើញបញ្ហារបស់កសិករ ដែលរដ្ឋាភិបាលមិនស្តាប់ការត្អូញត្អែររបស់កសិករ ហើយមិនអាចដោះស្រាយបញ្ហាបានទើបជំរុញទឹកចិត្តរបស់លោកឲ្យប្រឡូកក្នុងឆាកនយោបាយ ។ « លើសពីនេះ ដោយសារផ្សំនឹងដានឈឺចាប់ ដែលឪពុក បងថ្លៃ ជីតាខ្ញុំ ត្រូវគេយកទៅសម្លាប់ ដោយសារអ្នកនយោបាយជំនាន់មុន( សម័យខ្មែរក្រហម)ទើបខ្ញុំគិតថាត្រូវធ្វើនយោបាយ។ យើងឆ្លងកាត់វេទនាច្រើន ហើយឥរិយាបថអ្នកនយោបាយបច្ចុប្បន្ន នៅតែមិនទាន់ចាស់ទុំទៀតនោះ។ ហើយខ្ញុំធ្លាប់ឃើញរបបកុម្មុយនីស្ត អាល្លឺម៉ង់ខាងកើត ប្រជាជនគេ ជាអ្នកទាមទារធ្វើបាតុកម្ម ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន និងដើម្បីផ្លាស់ប្តូរសង្គម»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ។ បណ្ឌិតផ្នែកកសិកម្មរូបនេះ បន្តបរិយាយយ៉ាងដូច្នេះទៀតថា៖ «ខ្ញុំអាចជួយខ្លួនខ្ញុំ និងគ្រួសារបាន ខ្ញុំបានជួយកសិកម្មរាប់ម៉ឺនាក់ឲ្យមានជីវភាពធូរធា។ តែខ្ញុំថា ប៉ុណ្ណឹងវាអត់គ្រប់។ ខ្ញុំបារម្ភខ្លាចខ្មែរដើរថយក្រោយវិញ ព្រោះគម្លាតរវាងជនបទ និងទីក្រុងកាន់តែធំទៅ។ នៅតាមភូមិ យុវជនធ្វើចំណាកស្រុកច្រើន សល់តែចាស់។ ដូច្នេះឆ្លងកាត់បែបនេះ ខ្ញុំគិតថា បើខ្ញុំនៅបន្តធ្វើដូចបច្ចុប្បន្ន វាហាក់ដូចជានៅស្រាលៗ ទើបខ្ញុំចង់ធ្វើនយោបាយ» ។
ការប្រកាសប្រឡូកក្នុងឆាកនយោបាយរបស់លោក យ៉ង សាំងកុមារ ក៏ជាសញ្ញាមួយ ដែលលោកបណ្ឌិតរូបនេះ អះអាងថា លោកចង់ប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ឲ្យចាត់ទុករឿងនយោបាយជារឿងធម្មតា ដែលត្រូវតែធ្វើនិងតាមដាន។ លោក លើកឡើងដូច្នេះថា៖ « ខ្ញុំចង់ឲ្យពលរដ្ឋចាត់ទុករឿងនយោបាយជារឿងធម្មតា។ វាមិនមែន លុះត្រាតែអ្នកមានលុយ កូនអ្នកធំ មកពីស្រុកបារាំង ស្រុកក្រៅទើបធ្វើបាននោះទេ។ រឿងនយោបាយជារឿងធម្មតា រឿងនេះធ្វើម៉េចឲ្យពលរដ្ឋមានបាយហូប កូនរៀនសាលាល្អ ផ្លូវល្អ សុខភាពល្អ។ បុរសអាយុ ៤៩ ឆ្នាំរូបនេះ ស្នើឲ្យពលរដ្ឋកុំខ្លាចនឹងរឿងនយោបាយព្រោះកន្លងមកមានអ្នកបន្លាចថា រឿងនយោបាយ ត្រូវជាប់គុក ស្លាប់ រត់ចោលស្រុកមិនគួរពាក់ព័ន្ធនោះទេ ។ លោក សាំងកុមារ ពន្យល់បែបនេះថា៖ «អ្នកនយោបាយខ្លះប្រាប់ថា កុំធ្វើនយោបាយពិបាកណាស់ ។ ឥឡូវយើងសួរទៅវិញថា ចុះហេតុអ្វីអ្នកធ្វើនយោបាយខ្លះធ្វើនយោបាយមិនចង់ឈប់ ហើយធ្វើដល់ចាស់ជរា?តាមពិតមកពីធ្វើនយោបាយ ខូច ចង់តែផ្តួលរំលំគេ ជេរគេ ប្រមាថគេ នេះទើបជានយោបាយគ្រោះថ្នាក់។ តែនយោបាយយើង ដើម្បីរកសេចក្តីសុខទាំងអស់គ្នា ដើម្បីជាតិយើង។ កុំភ័យកុំខ្លាច បើយើងធ្វើតែនយោបាយល្អ កុំធ្វើនយោបាយអាក្រក់ » ។
គម្រោងបង្កើតបក្សនយោបាយរបស់លោក យ៉ង សាំងកុមារ និងបញ្ញវន្តមួយក្រុមទៀត ក្នុងពេលនេះ ត្រូវអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនយល់ថា អាចនឹងធ្វើឲ្យបាត់បង់សំឡេងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិមួយចំនួន ដែលអ្នកបង្កើតមានចេតនា ចង់បំបែកសំឡេងគណបក្សសង្គ្រោះជាតិ។ តែលោក យ៉ង សាំងកុមារ ដែលជាស្ថាបនិកនៃគម្រោងបង្កើតបក្សថ្មី បដិសេធថា គណបក្សរបស់ក្រុមខ្លួនមិនមានចេតនាចង់បំបែកសំឡេងគណបក្សប្រឆាំងឡើយ។ «បើសិនយើងជាអ្នកធ្វើប្រជាធិបតេយ្យ យើងធ្វើប្រជាធិបតេយ្យទៅ យើងត្រូវរៀបវាឡើងវិញឲ្យមានសមាជិកឲ្យបានច្បាស់លាស់។ ពួកយើងគ្មានបំណងបំបែកសំឡេងគណបក្សណាមួយទេ។ ខ្ញុំសប្បាយចិត្តជាងគេ នៅពេលដែលឃើញគ្រួសារគេត្រូវគ្នា បក្សត្រូវគ្នា ហើយបក្សគេមានអ្នកគាំទ្រ ព្រោះបក្សទាំងនោះសុទ្ធតែជាធាតុផ្សំជួយសង្គមទាំងអស់»។ នេះពំនោលរបស់លោកបណ្ឌិតកសិកម្ម ដែលជាអ្នកធ្លាប់សរសេរគោលនយោបាយឲ្យប្រធានគណបក្សសិទ្ធិមនុស្សផងនោះ ។
បង្កើតបក្សមូលដ្ឋាន ចង់ឲ្យខ្មែរឈប់ឈ្លោះគ្នាដោយសារបក្សផ្សេងគ្នា !
«យើងមានគំនិតមួយចង់បង្រួបបង្រួមប្រជាពលរដ្ឋតាមមូលដ្ឋាន។ ខ្ញុំចង់ឲ្យខ្មែរកុំបែកបាក់គ្នា។ ខ្ញុំមិនចង់ឲ្យខ្មែរឈ្លោះគ្នា ដោយសាររឿងបក្សទេ» ។ លោក យ៉ង សាំងកុមារ កំពុងតែនិយាយពីគោលដៅនៃគម្រោងបង្កើតបក្សរបស់ខ្លួន។ លោកថា កន្លងមកប្រជាពលរដ្ឋខ្មែរតែងឈ្លោះគ្នា ដោយសារតែគាំទ្របក្សផ្សេងគ្នា ហើយលោកចាត់ទុកទង្វើនេះ បង្ហាញពីភាពមិនទាន់ចាស់ទុំផ្នែកគំនិតប្រជាធិបតេយ្យទាំងពលរដ្ឋ និងអ្នកនយោបាយ។ លោក កុមារ បញ្ជាក់ដូច្នេះថា៖« យើងចង់រៀបចំឡើងវិញ នូវផ្នត់គំនិតរឿងបក្ស។ យើងមិនចង់ឮពាក្យថាបក្សនេះ ជារបស់អ្នកនេះអ្នកនោះទេ។ ខ្ញុំចង់ឲ្យបក្សនោះ ជារបស់យើងទាំងអស់គ្នា។ បក្សមូលដ្ឋាន គឺ សាមគ្គីធម៌ យុត្តិធម៌ សុចរិតធម៌ និងសេរីភាព។យើងចង់បង្កើតទស្សននយោបាយថ្មីមួយ» ។
ដើម្បីបង្កើតទស្សននយោបាយថ្មីនេះ លោក យ៉ង សាំងកុមារ អះអាងថា ក្រុមរបស់លោក ត្រូវចាប់យកយុវជនជំនាន់ក្រោយ។ យុវជនដែលលោកគិតថា អាចបញ្ចូលគំនិតថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបន្ថែមដូច្នេះថា៖ «ដូច្នេះបានជាខ្ញុំជ្រើសរើសយុវជនមានសក្តានុពល ដែលគេចង់ជួយស្រុកទេស ឲ្យធ្វើការជាមួយក្រុមខ្ញុំ និងបង្ហាត់បង្ហាញពួកគេ ឲ្យដើរលើវិថីនយោបាយ។ កម្ពុជាយើងនៅមានបញ្ហាច្រើនដែលត្រូវដោះស្រាយ»។ លោកថា អ្នកនយោបាយម្នាក់ៗ ផ្តោតសំខាន់ទៅលើបញ្ហាផ្សេងៗគ្នា ។ «លោកហ៊ុន សែន មានរឿងគាត់ ខាងទ័ពទៅ ។ លោកមេបក្សប្រឆាំង គាត់មានរឿងផ្តោតគាត់ផ្សេងដូចជារឿង ជនអន្តោប្រវេសន៍ ព្រំដែន ជាដើម។ តែខ្ញុំសំខាន់ជាងគេ គឺចង់ឲ្យខ្មែរឈប់បែកបាក់គ្នា និងរឿងជនបទ ក្នុងមួយថ្ងៃៗ ខ្ញុំគិតថា ធ្វើយ៉ាងណាធ្វើឲ្យកសិករ ក្លាយជាអ្នកមាន ធ្វើម៉េចឲ្យខ្មែរយើងមានបាយហូប»។ លោក យ៉ង សាំងកុមារ និយាយដូច្នេះមែន តែលោក ក៏យល់ថា មនុស្សមានទស្សនៈផ្សេងគ្នា ក៏អាចធ្វើឲ្យប្រទេសរីកចម្រើនដែរ ឲ្យតែចេះយកគំនិតទាំងនោះមកផ្តុំគ្នា។ លោកថា លើផែនដីនេះ «គ្មានអ្នកណាអត់ចេះអ្វីសោះទេ ហើយក៏គ្មានអ្នកណាចេះទាំងអស់ដែរ» ។
បញ្ញវន្តខ្មែរមួយរូបនេះ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវខំប្រឹង និងចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា ។ លោកបណ្ឌិតកសិកម្ម បញ្ជាក់ដូច្នេះថា៖ «ប្រសិនបើយើងមិនខំទាំងអស់គ្នា ទាំងខាងលើទាំងខាងក្រោម ទាំងស្តាំ ទាំងឆ្វេង ទេ យើងមិនអាចដើរទាន់គេទេ។ ខ្ញុំចង់ឃើញប្រទេសកម្ពុជា ជាប្រទេសគំរូគេនៅអាស៊ី ទាំងប្រជាធិបតេយ្យ ទាំងសេដ្ឋកិច្ច និងឈប់សុំទានគេ ហើយឈានមុខផ្នែកកសិកម្មជាប្រទេសដែលល្បីថា កសិកម្មស្រុកខ្មែរល្អ កសិកររីកចម្រើន» ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម