ពីនេះ ពីនោះ
តម្លៃសាសនាមិនអាចបាត់បង់ពីសង្គមបានទេ!
× ភ្នំពេញ៖ សាសនាគឺជាការប្រមូលផ្តុំនៃសេចក្តីជំនឿឬប្រព័ន្ធនៃសេចក្តីជំនឿទាំងឡាយ, ប្រព័ន្ធវប្បធម៌ និង ទស្សនៈទាំងឡាយអំពីពិភពលោក ដែលភ្ជាប់មនុស្សធម៌ទៅនឹងសណ្តាប់ធ្នាប់នៃអត្ថិភាព ។
ជាតថភាព ការគ្រប់គ្រងសង្គមគឺ ទាមទារធាតុផ្សំជាច្រើនដើម្បីរៀបចំសង្គម រៀបចំមនុស្ស រៀបចំស្ថាប័ននានាដើម្បីឲ្យមានដំណើរការ និងមានកិច្ចសហប្រតិបត្តិការណ៍គ្នា ដើម្បីរស់នៅក្នុងសង្គមមួយក្នុងនាមជាសង្គមរីកចម្រើន និងសន្តិភាព មានភាពថ្លៃថ្នូរក្នុងនាមជារដ្ឋ។
មួយក្នុងចំណោមធាតុផ្សំទាំងនោះ សាសនាគឺ ជាកម្លាំងចលករដ៏សំខាន់ ដើម្បីទៅគ្រប់គ្រងស្មារតី អប់រំចិត្ត អប់រំទង្វើរបស់មនុស្សឲ្យដើរលើមាគ៌ាត្រឹមត្រូវក្រោមមេរៀនព្រះធម៌ក្នុងការកសាងសេចក្ដីល្អ ទង្វើជាកុសល ឆ្ពោះទៅរកសង្គមដ៏មានតម្លៃ។ ប៉ុន្តែនៅពេលមានភ្នាក់ងារផ្សព្វផ្សាយសាសនាណាមួយ បានប្រព្រឹត្ត ផ្ទុយពីគោលការណ៍សាសនាបានកំណត់ ច្បាប់សាសនា ធម៌វិន័យ បុគ្គលនោះនឹងនាំឲ្យ មនុស្សនៅក្នុងសង្គមមើលទៅសាសនាក្នុងផ្លូវអវិជ្ជមានផ្សេងៗ។ បុគ្គលនៅក្នុងសាសនាធ្វើខុសធម៌វិន័យ នោះគឺជារឿងខុសឆ្គងមិនអាចបន្តឲ្យមាននៅក្នុងសង្គម។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលដើរតាមសាសនា គួរណាស់កុំមានការគិតបែបវិចារអនុមានរួម ដើម្បីវាយតម្លៃសាសនា ជាពិសេសភ្នាក់ងារផ្សព្វផ្សាយសាសនាទាំងអស់តែក្នុងផ្លូវអាក្រក់។
នោះគឺជាកំហុសដ៏ធ្ងន់ធ្ងររបស់ មនុស្សដែលតែងតែទាញ់យករឿងដោយឡែកៗ រឿងបុគ្គល មកផ្សារភ្ជាប់ជាមួយអ្វីដែលមានលក្ខណៈជារួម ហើយធ្វើបុរេនិច្ឆ័យថា សាសនានេះអាក្រក់ ភ្នាក់ងារផ្សព្វផ្សាយសាសនាទាំងអស់គឺអាក្រក់ជាដើម។ ហើយផ្ដើមសកម្មភាពជេរប្រមាថសាសនា អ្នកផ្សព្វផ្សាយសាសនា អ្នកមានជំនឿលើសាសនា ដោយពាក្យពេចន៍គ្មានក្រិតក្រមសីលធម៌គ្រប់បែបយ៉ាង។ ពេលនោះលទ្ធផល គឺនាំឲ្យតម្លៃសាសនាមួយត្រូវធ្លាក់ចុះ។ ពេលតម្លៃសាសនាធ្លាក់ចុះ មនុស្សក៏លែងជឿលើសាសនា។ ពេលមនុស្សលែងជឿលើសាសនា មនុស្សលែងជឿលើបុណ្យបាប ពេលមនុស្សលែងជឿលើបុណ្យបាប មនុស្សនឹងធ្វើអ្វីៗទៅតាមតែចំណង់របស់ខ្លួនដែលចង់បាន ដោយមិនខ្វល់ពីអ្វីជាទង្វើកុសល ឬអកុសល។
ជារួមទៅគ្រប់សាសនាទាំងអស់ គ្មានសាសនាណា ដែលមានទិសដៅ ដឹកនាំមនុស្សទៅរកមាគ៌ាអាក្រក់នោះទេ។ ប៉ុន្តែមនុស្សទេ អ្នកមានជំនឿជ្រុលនិយម អ្នកយល់ខុសពីសាសនា អ្នកយកសាសនាដើម្បីធ្វើអាជីពទេ ដែលអាក្រក់ហើយចាំបាចត្រូវតែចាត់វិធានការ តាមច្បាប់រដ្ឋ ធម៌វិន័យ និងច្បាប់សាសនា។ តែមិនមែនដាក់ទោសជនទាំងនោះតាមរយៈការជេរប្រមាថបែបលក្ខណះជារួមនោះដែរ។ ហេតុនេះនៅក្នុងរដ្ឋ នៅក្នុងសង្គមមួយគឺចាំបាចត្រូវតែមានការចូលរួមពង្រឹងវស័យសាសនា ឲ្យបានតឹងរឹងដើម្បីជាថ្នាល់អប់រំមនុស្ស គ្រប់គ្រងសតិស្មារតីមនុស្ស និងការប្រព្រឹត្តរបស់មនុស្សផ្នែគខាងក្នុង នោះគឺ ចិត្ត និងគំនិតជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com