អន្តរជាតិ
ចិនរងអយុត្តិធម៌បំផុតលើបញ្ហាសមុទ្រចិនខាងត្បូងដែលបង្កដោយអាមេរិក អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Li Zhaoxing
× ស្របពេលដែលសហគមន៍អន្តរជាតិ បាននិងកំពុងតែទន្ទឹងរង់ចាំនូវសេចក្តីសម្រេចរបស់មជ្ឈត្តការនៃតុលាការអន្តរជាតិរបស់ហ្វីលីពីនប្រឆាំងចិន អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Li Zhaoxing បានថ្លែងការពារថា ចិន បានរងការឈឺចាប់ និងអយុត្តិធម៌ ក្រោមដៃរបស់អាមេរិក និងភាគីទាមទារផ្សេងទៀត។
សូមស្ដាប់ព័ត៌មានលម្អិត៖
«ចិន ទំនងជាជនរងគ្រោះដ៏ធំបំផុតនៃបញ្ហាសមុទ្រចិនខាងត្បូង។ ហើយការទាមទាររបស់ចិនលើតំបន់ជម្លោះបណ្តុំកោះ Spratly ដែលទាមទារដោយវៀតណាម ហ្វីលីពីន ព្រុយណេ តៃវ៉ាន់ និងម៉ាឡេស៊ី គឺជាកម្មសិទ្ធិរបស់ចិនផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ »។ នេះគឺជាលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Li Zhaoxing ក្នុងវេទិកា Asia Society កាលពីសប្តាហ៍មុនកន្លងទៅ។
សូមជម្រាបផងដែរថា ចិន គឺជាភាគីតែមួយគត់ដែលបានទាមទារស្ទើរតែតំបន់ទាំងស្រុងនៃតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ខណៈអវត្តមាននៃដំណោះស្រាយរួម ចិន បានសាងសង់កោះសិប្បនិម្មិតនិងបំពាក់សម្ភារយោធានៅលើបណ្តុំកោះ Spratly ដែលសកម្មភាពនេះ បាននិងកំពុងតែធ្វើឲ្យស្ថានភាពកាន់តែតែតានតឹង។
ក្នុងឆ្នាំ២០១៣ ហ្វីលីពីន បានប្តឹងចិនទៅកាន់មជ្ឈត្តការនៃតុលាការអន្តរជាតិ (PCA) ដោយបានចោទចិនថាបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ខ្លួនដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។ តែចិន បានបដិសេធមិនចូលរួមក្នុងដំណើរការនៃការជំនុំជម្រះនេះនោះទេ។ បើទោះបីជាគ្មានវត្តមានចិនចូលរួមក៏ដោយ នៅចុងឆ្នាំ២០១៥ មជ្ឈត្តករនៃមជ្ឈត្តការនៃតុលាការអន្តរជាតិបានប្រកាសពីយុត្តាធិការតាមបណ្តឹងរបស់ហ្វីលីពីនរួចទៅហើយ។ សេចក្តីសម្រេចចុងក្រោយ រំពឹងថា នឹងត្រូវប្រកាសនៅចន្លោះខែកក្កដាខាងមុខនេះ។
ជុំវិញបញ្ហានេះ លោក Li បានថ្លែងយ៉ាងម៉ឺងម៉ាត់ ថា ទោះបីជាលទ្ធផលនៃសេចក្តីសម្រេចនោះបែបណាក៏ដោយ ចិន ក្នុងនាមជាស្ថាបនិកមួយរបស់អង្គការសហប្រជាជាតិ ,ជាហត្ថលេខីនៃធម្មនុញ្ញឆ្នាំ១៩៤៥ក្នុងក្រុង San Francisco ដើម្បីបង្កើតអង្គការសហប្រជាជាតិ និងជាភាគីនៃច្បាប់សមុទ្រ (UNCLOS) នឹងធ្វើគ្រប់បែបយ៉ាងដើម្បីជាហេតុផលដើម្បីច្រានចោលសេចក្តីសម្រេចនោះ។ លោក សង្កត់ធ្ងន់ ថា ចិន ស្ថិតនៅខាងយុត្តិធម៌។
ដោយមិនបញ្ចេញឈ្មោះ លោក Li បានថ្លែងថា មានប្រទេសមួយ តាំងពីការចាប់ផ្តើមនៃការចុះហត្ថលេខានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២មកដល់ឥលូវ មិនទាន់បានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុញ្ញានេះនៅឡើយនោះទេ។ ប៉ុន្តែប្រទេសនេះ កំពុងតែព្យាយាម បង្កើតបញ្ហាតាមអនុញ្ញានេះទៅវិញ។ ប្រទេសដែលលោកសំដៅនោះគឺ អាមេរិកនោះឯង ដែលជាអ្នកជ្រោមជ្រែងភាគីជម្លោះប្រឆាំងជាមួយនឹងចិន តែមិនមែនជាភាគីនៃអនុសញ្ញាអន្តរជាតិនោះទេ។
ដោយឡែក សម្រាប់សកម្មភាពយោធារបស់អាមេរិកតាមរយៈនាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់ មកកាន់សមុទ្រចិនខាងត្បូងដែលអាមេរិកអះអាងថាធ្វើតាមច្បាប់អន្តរជាតិ ក៏រងការថ្កោលទោសពីអតីតមន្ត្រីការទូតជាន់ខ្ពស់រូបនោះផងដែរ។ លោក Li បានថ្លែងថា ប្រហែលជាប្រទេសនេះ កំពុងព្យាយាមគំរាមកំហែងប្រទេសដទៃក្នុងសមុទ្រចិនខាងត្បូងសម្រាប់ផលប្រយោជន៍ខ្លួនឯង។ លោក បញ្ជាក់ដែរថា ប្រហែលជាប្រទេសនេះ កំពុងព្យាយាមចង់ក្លាយជាមេដឹកនាំ និងតាំងខ្លួនជាម្ចាស់គ្រប់គ្រងនៅក្នុងកន្លែងដែលឆ្ងាយពីទឹកដីរបស់ខ្លួនហើយ។
លោក Li បានលើកជាសំណួរយ៉ាងដូច្នេះថា «តើមានអ្នកណាអាចផ្តល់ឧទាហរណ៍មួយសម្រាប់លោក ដែលថា ចិនបានគំរាមកំហែងដល់អ្នកណាមួយនោះ? ហើយពេលណាដែលចិន បានបញ្ជូននាវាចម្បាំងឲ្យធ្វើដំណើរនៅជុំវិញអធិបតេយ្យរបស់អាមេរិកនោះ»?
Tag:
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com