ជាតិ
ពលរដ្ឋ២លាន​នាក់ បាត់បង់​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេឃុំ-សង្កាត់
01, Dec 2016 , 9:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា ២លាន​នាក់ ត្រូវ​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេឃុំ-សង្កាត់ នៅ​ឆ្នាំ​ក្រោយនេះ ដោយសារតែ​ពួកគេ​ខកខាន​មិន​បានមក​ចុះឈ្មោះ​បោះឆ្នោត​មុន​តាម​កាលកំណត់​ក្នុង​រយៈពេល​បី​ខែ ដែល​ត្រូវបាន​បិទ​ត្រឹម​ថ្ងៃទី២៩ វិច្ឆិកា​នេះ។



យុទ្ធនាការ​រយៈពេល​បី​ខែ​ធ្វើបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នៅ​កម្ពុជា​ត្រូវបាន​ប​បញ្ចប់​ជា​ស្ថាពរ ដោយ​បន្សល់ទុក នូវ​ពលរដ្ឋ​ប្រមាណ​ជា ២លាន​នាក់​គ្មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេឃុំ-សង្កាត់​នៅ​ឆ្នាំក្រោយ ដោយសារតែ​ពួកគេ​ខកខាន​មិន​បានមក​ចុះឈ្មោះ​បោះឆ្នោត​តាម​កាលកំណត់។

ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៧,៨៧៣,១៩៤ ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ការថយចុះ​ជិត ២លាន​នាក់​ប្រៀប​ទៅនឹង ៩លាន ២សែន​នាក់​ដែល​គ.ជ.ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពី​ឆ្នាំ២០១។ នាពេលនោះ គេ​ប៉ាន់​ស្មានថា​មាន​ពលរដ្ឋ​គ្រប់​អាយុ​មាន​សិទ្ធិ​បោះឆ្នោត​បាន​ប្រមាណ ៩លាន ៦សែន​នាក់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គជប លោក សូ សុផាត បាន​បញ្ជាក់ថា មូល​ហេតុដែល​ពលរដ្ឋ​ចុះឈ្មោះ​មិន​គ្រប់​ចំនួន​តាម​ការប៉ាន់ស្មាន​ស្ថិតិ​នោះ បណ្ដាលមកពី ពលរដ្ឋ​ដែល​ចំណាកស្រុក​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​នោះ​មាន​ចំនូ​ន​ជាង១លាន​នាក់។ ចំណែក​ពលរដ្ឋ​ពលរដ្ឋ​មិនអាច​ទៅ​ចុះឈ្មោះ​បាន​នោះ មកពី កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ជាប់ពន្ធនាគារ។ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទី​ពេទ្យ។ ជន​ចាស់ជរា​ឬ​ជនពិការ​ដែល​ពិបាកធ្វើ​ដំណើរការ និង​ករណី​ទទួលមរណភាព។ បើតាម​លោក សូ សុផាត ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មួយចំនួន ក៏​ពុំ​សូវ​យកចិត្តទុកដាក់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត បើទោះជា​មានការ​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងណាក៏ដោយ។ តែ​យ៉ាងណា​សមាជិក​គជប​រូបនេះ ចាត់ទុក​ការចុះឈ្មោះ​បោះឆ្នោតថ្មីៗ ប្រព្រឹត្តិ​ទៅដោយ​សុវត្ថិភាព និង​លទ្ធផល​ល្អ ដោយមាន​ក្របខណ្ឌ «ប.ន.ប.ថ» ផែនការ​ការងារ ,គម្រោង​ថវិកា ,ការត្រៀម​សម្ភារៈ និង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​កា​រស​ន្តិ​សុខ​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​នេះ។

មេដឹកនាំ​គណបក្សនយោបាយធំៗ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី ធ្លាប់បាន ប្រកាស​អំពាវនាវ​ដូចគ្នា ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​មុន​ឱសានវាទ​បិទ​បញ្ជី​មកដល់។ ក្នុង​កិច្ចខិតខំ​ចុងក្រោយ​របស់ខ្លួន គណៈបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វែងរក​អន្តរាគមន៍​របស់​គ.ជ.ប ឲ្យ​ពន្យារពេល​ការចុះឈ្មោះ​បន្តិចទៀត ប៉ុន្តែ​ការប៉ុនប៉ង​នេះ​ហាក់ដូចជា​ត្រូវបាន​បរាជ័យ ដោយសារតែ​គ.ជ.ប អាច​ពន្យារពេល​ថែម​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី យល់ថា ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​ទាំងនោះ ភាគច្រើន​ជា​កម្មករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ប្រទេស​ខ្លះ តែ​មិន​ខ្វល់​ពី​រឿង​បោះឆ្នោត។ «អ្នកខ្លះ​គិតថា បោះឆ្នោត​គ្មាន​ប្រយោជន៍​សម្រាប់​គេ។ ម្យ៉ាង​អាច​ដោយសារ​ការចុះឈ្មោះ​លើក​នេះ តឹងតែង និង​អាចមាន​ភាព​សុក្រឹត​ជាង​អាណត្តិ​កន្លងទៅ ទើប​ចំនួន​អ្នក​ចុះឈ្មោះ​ហាក់​យឺត​ជាង​អាណត្តិ​មុន»។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស នី ទន្ទឹមនឹង​លោក​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពន្យារពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ដូច្នេះ​ថា៖«តែ​ពន្យារពេល មិនមែន​នៅ​ស្ងៀម​ទេ ត្រូវ​រក​វិធី​ឬ​ផ្សព្វផ្សាយ​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ។ ជាង​នេះ ត្រូវ​រកមើល​ប្រភព​បញ្ហា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មិន​ទៅ​ចុះឈ្មោះ និង​ដោះស្រាយ​វា។ ខ្ញុំ​គិតថា បើ​ប្រជាពលរដ្ឋ​មិន​ចុះឈ្មោះ​បោះឆ្នោត​ច្រើន បក្ស​ទាំងអស់​គឺ​ខាត​ដូច​តែ​គ្នា»។


Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com