ជាតិ
តុលាការ​សម្រេច​ផ្តន្ទាទោស​មេឃុំ​គណបក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ​៥​ឆ្នាំ
05, Dec 2016 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅ​ព្រឹក​នេះ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កៅ វណ្ឌី បានសម្រេច​ផ្តន្ទាទោស​មេឃុំ​គណបក្ស​សម រងស៊ី លោក ស៊ា​ង ចែត ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។​


​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​លោក ស៊ា​ង ចែត យល់ថា ការសម្រេច​របស់​តុលាការ​នេះ​ហាក់ដូចជា​គ្មាន​អង្គហេតុ​ច្បាស់លាស់ ក្នុងការ​ដាក់បន្ទុក​លើ​កូនក្តី​លោក​ឡើយ​។ លោក សំ សុខ​គង់ មិនអាច​ទទួលយក​ការសម្រេច​របស់​តុលាការ​បែបនេះ​ឡើយ ដោយសារតែ​ការផ្តន្ទាទោស​កូនក្តី​លោក​មាន​ភាព​ធ្ងន់ធ្ងរ មិន​ស្របតាម​នីតិវិធី​ច្បាប់​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេធាវី​ការពារ​ក្តី​លោក ស៊ា​ង ចែត រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ការសម្រេច​ទោស​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ​លើ​កូនក្តី​ខ្ញុំ ហើយ​តុលាការ​ក៏​មិន​ដាក់​ព្យួរ ឲ្យ​តាម​នីតិវីធី​ច្បាប់​ទៀត​។ ដូច្នេះ​ខ្ញុំ​មិនអាច​ទទួលយក​បានទេ ព្រោះ​អង្គហេតុ និង​ភស្តុតាង គ្មាន​ភាពច្បាស់លាស់ ហាក់ដូចជា​គ្រាន់តែ​មានការ​សង្ស័យ​ប៉ុណ្ណោះ​»​។​
 
​បើតាម​លោក សំ សុខ​គង់ រូបលោក​និង​មេធាវី​ផ្សេង នឹង​ប្រជុំពិភាក្សា​ជាមួយ​លោក ស៊ា​ង ចែត ដើម្បី​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​របស់​សាលាដំបូង​នេះ​។​
 
​លោក ស៊ា​ង ចែង ដែលជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​តុលាការ ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ រឿងនេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​ស្រីមុំ សរសេរ​លិខិត​ចំហ​មួយច្បាប់ ហើយ​លាតត្រដាង​ជា​សាធារណៈ ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៦ ដោយ​ចោទ​លោក ស៊ា​ង ចែត ថា​បាន​យកប្រាក់​ចំនួន​៥០០​ដុល្លារ ទៅ​សូក​ម្តាយ​របស់​នាង​។ 
 
​ស្រីមុំ បានបញ្ជាក់​ក្នុង​លិ​ខិ​ត​នោះ​ថា លោក ស៊ា​ង ចែត មេឃុំ​គណបក្ស​សម រង្ស៊ី​រូបនេះ បាន​ប្រើប្រាស់​ទឹកប្រាក់​ទាំងនោះ ដើម្បី​បញ្ចុះបញ្ចូល​ម្តាយ ឲ្យ​លួងលោម​រូបនាង កុំ​ឲ្យ​និយាយ​ការពិត ពី​រឿងអាស្រូវ​របស់​នាង ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ដោយសារតែ​លិខិត​នេះ ទើប​លោក ស៊ា​ង ចែត ត្រូវបាន​ឃាត់ខ្លួន កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ។ 
 
​ក្រៅពី​លោក ស៊ា​ង ចែត នៅមាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បួនរូប និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប កំពុង​ជាប់ពន្ធនាគារ​ផងដែរ ដោយសារតែ​រឿងរ៉ាវ​របស់​ស្រីមុំ​​៕

Tag:
 ស៊ា​ង ចែត​
  ​កឹម សុខា​
  ​ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com