ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សម្តេច ហ៊ុន សែន យក​ឯ​.​ឧ កឹម សុខា ជា​ដៃគូ​សន្ទនា
07, Dec 2016 , 10:54 am        
រូបភាព
 
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​ការពារ​ការសម្រេច​រប​ស់ស​ម្តេច ហេង សំរិន ចំពោះ​តួនាទី​នៅក្នុង​រដ្ឋសភា​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ថា ជាការ​ត្រឹមត្រូវ​។ ជាងនេះទៀត សម្តេច ហ៊ុន សែន ក៏​ទទួលស្គាល់ ឯកឧត្តម កឹម សុខា ថា គឺជា​ដៃគូ​សន្ទនា​របស់ខ្លួន​។​


​សម្តេច ហ៊ុន សែន បកស្រាយ​ថា ការសម្រេច​របស់​សម្តេច ហេង សំរិន ឲ្យ​ឯកឧត្តម កឹម សុខា កាន់តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋ​ភា​ផង ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​រដ្ឋសភា​ផង គឺជា​រឿង​ត្រឹមត្រូវ ដែល​ស្រប​នឹង​មាត្រា ៤៨ ថ្មី​ (បី) នៃ​ច្បាប់​ស្តីពី​បទបញ្ជាផ្ទៃក្នុង​នៃរ​ដ្ឋ​សភា​។  ដូច្នេះ​សម្តេច បញ្ជាក់ថា ឯកឧត្តម កឹម សុខា គឺជា​ដៃគូ​សន្ទនា​ជាមួយ​ខ្លួន​។ ការ​ថ្លែង​ការពារ​របស់​សម្តេច ហ៊ុន សែន ពេលនេះ ដើម្បី​ឆ្លើយតប​នឹង​អត្ថបទ​របស់​សារព័ត៌មាន​ថ្មីៗ​មួយ មាន​ចំណងជើង​ថា «​តំណែង​ថ្មី​របស់​ឯ​.​ឧ កឹម សុខា នៅ​រដ្ឋសភា នៅ​ចម្រូងចម្រាស​» ដែល​បាន​ចុះផ្សាយ​កាលពី​យប់​ថ្ងៃ​អង្គារ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​អះអាងថា មាត្រា ៤៨ ថ្មី​បី​នេះ គឺ​ខ្លួន​ជា​អ្នក​តាក់តែងឡើង បាន​ពន្យល់ថា នៅក្នុង​មាត្រា​នេះ  មិន​តម្រូវ​ឲ្យ​មនុស្ស​ពីរ​នាក់ កាន់តំណែង​ពីរ​ដាច់ដោយឡែក​ពីគ្នា ពោល​គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​នោះទេ តែ​មនុស្ស​ម្នាក់​កាន់តំណែង​ទាំងពីរ​នេះ​។ «​បើសិន​មិនអាច​ទទួល​នូវ​ការតែងតាំង​នេះ បាន គឺ​មានតែ​ធ្វើ​វិធីដក ដោយ​ធ្វើ​វិសោធន​ក​កម្ម​មាត្រា ៤៨ ថ្មី​បី ដោយ​ដកចេញ​នៅ​តួនាទី​ទាំងឡាយ ហើយ​វិល​ត្រឡប់​ទៅ​មាត្រា ៤៨ ថ្មី​ពីរ​វិញ​»​។ សម្តេច​មានប្រសាសន៍​យ៉ាងនេះ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅថ្ងៃនេះ​ហើយ ក៏​បន្ត​លើកឡើង​យ៉ាងនេះ​ទៀតថា​៖«​តែ​ជា​ការល្អ​ដែរ ដែល​ឯកឧត្តម កឹម សុខា ក៏បាន​បញ្ជាក់​។ ឥឡូវ​ឯកឧត្តម ក្លាយជា​ដៃគូ​ជាមួយស​ម្តេច ស ខេង ក្នុងឋានៈ​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ ហើយ​ធ្វើជា​ដៃគូ​របស់ខ្ញុំ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ (​ក្នុងឋានៈ​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​) ។​
 
​ប្រមុខ​រដ្ឋាភិបាល​រូបនេះ បាន​រម្លឹក​ពី​បុព្វហេតុ​នៃ​ការតាក់តែង​មាត្រា ៤៨ ថ្មី​បី ដូច្នេះ​ថា​៖«​មាត្រា​នេះ ខ្ញុំ​ជា​អ្នកតាក់តែង ដើម្បី​ឲ្យ​ឯកឧត្តម សម រង្ស៊ី មានការ​ងារ​ធ្វើ​។ ដូច្នេះ ចំណុច​នេះ សុំ​សាធារណៈមតិ ក៏ដូចជា ការ​ភ​ន្ត​ច្រឡំ​ណាមួយ នូវ​ការបកស្រាយ​ខុស ក្នុង​ប៉ុន្មាន​សិប​ម៉ោង​មកនេះ សុំ​មេត្តា​ឈប់​និយាយ​ខុសគ្នា​ថា ប្រធានរដ្ឋសភា ធ្វើ​មិន​ត្រឹមត្រូវ​»​។ 

​ការស្នើសុំ​កុំ​ឲ្យ​មានការ​បកស្រាយ​ខុស​របស់​សម្តេច ហ៊ុន សែន ពេលនេះ  បន្ទាប់ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្លែង​ការពារ​តំណែង​របស់ខ្លួន​ថា តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ដើម្បី​ជជែក​ជាមួយ​សម្តេច ហ៊ុន សែន នៅតែ​ជា​របស់​ឯកឧត្តម​។  ចំណែក​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ គ្រាន់តែ​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​សម្រាប់​ជជែក​ជាមួយ​សម្តេច ស ខេង តែប៉ុណ្ណោះ​។ នេះ​បញ្ជាក់​របស់​ឯកឧត្តម នៅតាម​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃទី ៤ ធ្នូ​។​
 
​បន្ទាប់ពី​សម្តេច ហ៊ុន សែន ថ្លែង​ចប់​ហើយ ឯកឧត្តម កឹម សុខា ដែល​ទើបបាន​តំណែង​ពីរ​ថ្មី​នៅក្នុង​រដ្ឋសភា បាន​ក្រោកឈរ​អត្ថាធិប្បាយ​អំពី​ភាពចម្រូងចម្រាស​នៃ​តំណែង​នេះ​បែបនេះ​ថា​៖« ចំពោះ​តំណែង ឬ​តួនាទី វា​គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​យើង​ធ្វើដំណើរ​ទៅរក​គោលដៅ​ប៉ុណ្ណោះ​។ តែ​ទោះបី​តួនាទី ធំ ប៉ុណ្ណា​ក៏ដោយ តែបើ​យើង​ដើរ​ខុស​គោលដៅ ក៏​យើង​មិនអាច​ជោគជ័យ​ដែរ​»​។  ឯកឧត្តម សុខា បន្ថែម​បែបនេះ​ថា​៖«​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ខ្មែរ​នឹង​ខ្មែរ​។ ថ្ងៃនេះ​ជា​ថ្ងៃ​ចាប់ផ្តើម យើង​ត្រូវ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មានការ​រំខាន​ណាមួយ ដែល​ធ្វើ​ឲ្យ​ដំណើរការ​របស់​យើង​មិន​ឲ្យ​ដល់​គោលដៅ​។ គោលដៅ គឺ​ឯកភាព​ជាតិ សន្តិភាព និង​អភិវឌ្ឍ​សម្រាប់​ជាតិ ប្រជាពលរដ្ឋ​យើង​»។

នៅក្នុងកិច្ចប្រនៅព្រឹកនេះផងដែរ ស្របពេល​ដែលរដ្ឋសភា កំពុងបើកកិច្ចប្រជុំ ឯកឧត្តម កឹម សុខា បានឆ្លៀតជួបពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន នៅក្នុងបន្ទប់របស់សម្តេចអស់រយៈពេល​ប្រមាណ ១ ម៉ោង។ បន្ទាប់មក​ឯកឧត្តម កឹម សុខា បន្តជួបពិភាក្សា​ជាមួយ​សម្តេច ស ខេង។ យ៉ាងណា របៀប​វារៈ​នៃ​ជំនួប​មេដឹកនាំ​គណបក្ស​ទាំងពីរ​ នៅមិនទាន់​មានមន្រ្តី​ណាប្រាប់អ្ន​កកាសែត​នោះឡើយ​៕

Tag:
 ហ៊ុន សែន​
  កឹម សុខា​
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com