ជាតិ
ឆ្នាំ​២០១៦ អ្នកកាសែត​ថ្មីៗ​មាន​បេសកកម្ម​១៣​លើក​នៅ​បរទេស ពិសេស​នៅ​ចិន និង​អាមេរិក
03, Jan 2017 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ដូច​ឆ្នាំ​២០១៥​ដែរ អ្នកកាសែតនៃសារព័ត៌មានអនឡាញ​ថ្មីៗ នៅតែ​ទទួលបាន​ការផ្តល់​តម្លៃ​ពី​ស្ថានទូត​បរទេស អង្គការក្រៅរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ធំៗ​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ការអញ្ជើញ​អ្នកកាសែត​ថ្មីៗ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​នៅក្នុង​កម្មវិធី​អន្តរជាតិ​ធំៗ​នៅ​បរទេស​។ នៅក្នុង​ឆ្នាំ​២០១៦​កន្លងទៅ អ្នកសារព័ត៌មាន​ថ្មីៗ ៤​រូប​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​តំបន់​ផ្សេងៗ​គ្នា​តាមរយៈ​ការអញ្ជើញ​របស់​ស្ថានទូត ​ស្ថាប័នរដ្ឋ និង​ឯកជន​របស់​ប្រទេស​ចិន​។ ចំណែកឯ​ស្ថានទូត​អាមេរិក ស្ថានទូតនេះបាន​អញ្ជើញ​សារព័ត៌មាន​ថ្មីៗ​៣​ដង ដើម្បីឲ្យ​យក​ព័ត៌មាន​២​ដង​នៅ​សហរដ្ឋអាមេរិក និង​មួយដង​នៅក្នុង​ប្រទេស​ឡាវ​។



​លោក ជា ធី​រិ​ទ្ធ ជា​និពន្ធ​នាយករង បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកកាសែត​កម្ពុជា​ចំនួន​១៤​រូប​ផ្សេងទៀត ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ខែវិច្ឆិកា​។ ទស្សនកិច្ច​សិក្សា និង​ការយក​ព័ត៌មាន​បោះឆ្នោត​នេះ ត្រូវបាន​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​






​លោក ទេព អ៊ី វិសាល អ្នកកាសែត​ផ្នែក​ព័ត៌មាន​អន្តរជាតិ ទទួលបន្ទុក​កិច្ចការ​អាស៊ាន ត្រូវបាន ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន ជាមួយ​អ្នកកាសែត​នៃ​ប្រទេស​សមាជិក​អាស៊ាន ក្នុងជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ជាមួយ​ក្រុមយុវជន​អាស៊ាន (YSEALI) នៅ​ក្រុង​លួង​ប្រា​បា​ង្គ នៃ​ប្រទេស​ឡាវ កាលពី​ខែ កញ្ញា​។​


​លោក សៅ ផល និស្ស័យ ជា​និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ទទួលបន្ទុក​ប្រធាន​ផ្នែក​ព័ត៌មាន​អន្តរជាតិ បាន​ចូលរួម​យក​ព័ត៌មាន​នៅក្នុង​ជំនួប​កំពូល​អាមេរិក​-​អាស៊ាន ដែល​ត្រូវ​បានរៀបចំ​លើកដំបូង​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៃ​សហរដ្ឋអាមេរិក នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៦​។ និស្ស័យ ត្រូវបាន​ជ្រើសរើស​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​




​លោក គី សុខ​លីម ស្ថាបនិក និង​ជា​អ្នកយកព័ត៌មាន​ជាន់ខ្ពស់ បាន​ចូលរួម​ក្នុង​កម្មវិធី​រឹតចំណង​មិត្តភាពរ​វា​ង​សង្គម​ស៊ីវិល ចិន​-​កម្ពុជា នៅក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន កាលពី​ខែឧសភា​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ដោយ China Foundation​។




​លោក លាង ដឺ​លុច ស្ថាបនិក និង​ជា​អ្នកយកព័ត៌មាន​ជាន់ខ្ពស់​បាន​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​ឆ្នាំ​២០១៦​ស្តីពី វិថី​មួយ ខ្សែក្រវ៉ាត់​មួយ និង​វេទិកា​សារព័ត៌មាន​អាស៊ាន​ចិន នៅក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​។ វេទិកា​អន្តរជាតិ​ប្រចាំឆ្នាំ​កាលពី​ខែកក្កដា​នេះ ត្រូវបាន​រៀបចំ​ដោយ​កាសែត People’s Daily ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ចិន​។​




​លោក រំដួល ចិ​ត្រា ជា​ការី​និពន្ធ ត្រូវបាន​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ក្នុង​កម្មវិធីផ្លាស់ប្តូរពិសោធន៍​ក្នុងការផ្សព្វផ្សាយ​រវាងអ្នកកាសែត​ចិន​និង​កម្ពុជា នៅក្នុង​ខេត្ត ជាំ​ង​ស៊ូ​នៃ​ប្រទេស​ចិន​។ កម្មវិធីនេះ​បានប្រព្រឹត្តិទៅនៅក្នុង​ខែវិច្ឆិកា។





​កញ្ញា ខន ចំប៉ា ដែល​ការី​និពន្ធ បាន​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៦​។ នៅក្នុង​ខែកក្កដា កញ្ញា ខន ចំប៉ា ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី Mekong partnership for the environment នៅក្នុង​ប្រទេស​ថៃ​។ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ដោយ​អង្គការ Pact និង USAID​។ បន្ទាប់មក នៅក្នុង​សីហា ចំប៉ា ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​កញ្ញា​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុងការ​ប្រកួតប្រជែង​អត្ថបទ​សារព័ត៌មាន​ស្តីពី​ការពាក់​មួកសុវត្ថិភាព​។ ទស្សនកិច្ច​សិក្សា​នេះ​ត្រូវ​បានរៀបចំ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី AIP​។






លោក រ៉ឹ​ម ភា​រី ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​កាលពី​ខែកញ្ញា​។ វគ្គ​បណ្តុះបណ្តាល​នេះ​ដែល​ចូលរួម​ដោយ​អ្នកកាសែត​នៃ​ប្រទេស​សមាជិក​អាស៊ាន ត្រូវបាន​រៀបចំ​ដោយ​សមាគម​អ្នកកាសែត​វៀតណាម​។​





​លោក រឿន ភា​រុន បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​ខេត្ត​ហៃ​ណាន (Hainan) ប្រទេស​ចិន នៅក្នុង​ខែធ្នូ​ឆ្នាំ​២០១៦​។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ចិន I Khmer trip ។​





​លោក ទេព ពិទូរ្យ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍ Ford Adventure ដែលជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​រថយន្ត Ford​។ វា​ជា​កម្មវិធី​ធ្វើដំណើរ​តាម​រថយន្ត Ford ដោយមាន​ការចូលរួម​ពី​អតិថិជន​របស់ Ford ពី​ប្រទេស​កម្ពុជា​ទៅ​ខេត្ត​បូរី​រ៉ាំ នៃ​ប្រទេស​ថៃ​។​




​លោក អ៊ឹង ចំរើន ជា​និពន្ធ​នាយក បាន​បំពេញបេសកកម្ម​ការងា​រ​នៅក្នុង​ប្រទេស​ជប៉ុន និង​នៅ​សាធារណរដ្ឋ​ឆែក​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ នៅក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ជើងហោះហើរ​ផ្ទាល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន (​តូ​ក្យូ​-​ភ្នំពេញ​) នៅ​ដើមខែ​កញ្ញា ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញលោក អ៊ឹង ចំរើន ឲ្យ​ទស្សនកិច្ច​ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​។ នៅក្នុង​ខែវិច្ឆិកា លោក អ៊ឹង ចំរើន ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា MDIF Media Forum 2016 នៅក្នុង​ទីក្រុង​ប្រាក​នៃ​សាធារណរដ្ឋ​ឆែក​។​







Tag:
 កាសែត​ថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com