អន្តរជាតិ
ត្រាំ ហាម​ប្រជាជន​ម៉ូ​ស្លី​ម​ពី​ប្រទេស ៧ ចូល​អាមេរិក​បណ្តោះអាសន្ន និង​ឈប់​ទទួល​ជនភៀសខ្លួន​
28, Jan 2017 , 12:24 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ ។ មេដឹកនាំ​រូបនេះ​បានប្រកាសថា លោក​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មាន​សុវត្ថិភាព​និង​ការពារ​ពួកគេ​ពី​ក្រុម​ភេរវជន​ជ្រុលនិយម​ឥស្លាម (Radical Islam Terrorists)​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អនុវត្តតាម​ការសន្យា​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​ដោយ​ចាប់ផ្តើម​ហាមឃាត់​ជនភៀសខ្លួន​ដែល​ចូលមក​រស់នៅ​អាមេរិក ក៏ដូចជា រឹតបន្តឹង​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧​លើ​ពិភពលោក​។

យោងតាម ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​របស់ខ្លួន​ហើយ លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា នេះ​ជា​វិធានការ​ការពារ​សហរ​ដ្ឋ​អាមេរិក​ពី​ការហូរចូល​នៃ​ភេរវជន​អន្តរជាតិ​។ វា​ជាការ​អនុវត្តតាម​ការ​សន្យា​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​ដែល​ធ្វើឡើង​ក្នុងពេល​ឃោសនាបោះឆ្នោត​កន្លងមក​។

សកម្មជន​សិទ្ធិមនុស្ស និង​អ្នកជំនាញ​ខ្លះ​នាំគ្នា​ទិតៀន​បទបញ្ជា​របស់លោក ដូ​ណា​ល់ ត្រាំ និង​ចាត់ទុកថា​វា​ជា​វិធានការ​ជ្រុលនិយម​និង​ដ៏​គ្រោះថ្នាក់​មួយ​។​

យោងតាម​បទបញ្ជា​របស់​ប្រធានាធិបតី​ថ្មី​នេះ អាមេរិក​មិន​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី ឡើយ ឬ​អាច​ទទួលយក​វិញ​នៅពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យល់ថា វា​លែងមាន​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អាមេរិក​។ ហើយ​កម្មវិធី​ទទួលយក​ជនភៀសខ្លួន​អាមេរិក​នឹងត្រូវ​ព្យួរ​ជា​អចិន្ត្រៃយ៍​យ៉ាងហោចណាស់ ១២០​ថ្ងៃ​ដែរ​។

មួយវិញទៀត អាមេរិក​ចាប់ផ្តើម​ហាម​ប្រជាជន​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ មាន​ប្រទេស​អ៊ីរ៉ង់​,​អ៊ីរ៉ាក់​,​លី​ប៊ី​, សូ​ម៉ាលី​, ស៊ូដង់​,​ស៊ី​រី និង​យ៉េ​មែន​មិន​ឲ្យ​ចូល​អាមេរិក ដោយ​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ក្នុង​រយៈពេល ៣០​ថ្ងៃ​។​ហើយ​អាមេរិក​ចាប់ផ្តើម​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​និង​សាកសួរ​ពី​ជីវប្រវត្តិ​ដ៏​តឹងតែង​បំផុត​ដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ជនភៀសខ្លួន  យោងតាម​សារព័ត៌មាន The New York Times ថ្វីបើ​បទបញ្ជា​នេះ​មិនមាន​កំណត់​សាសនា​របស់​ជនភៀសខ្លួន​ដូច​កាល​ពេល​ឃោសនា​ក៏ដោយ បទបញ្ជា​នេះ​ផ្តល់​អាទិភាព​លើ​បណ្តាជន​អន្តោប្រវេសន៍​ដែលជា​អ្នក​កាន់សាសនា​គ្រិស្ត​។ បទបញ្ជា​នេះ​ស្នើ​ឲ្យ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ត្រូវ​ផ្តល់​អាទិភាព​ដល់​ប្រជាជន​ភាគតិច​ដែល​រងគ្រោះ​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង ជាពិសេស​គ្រិស្ត​សាសនិក​ដែល​រស់នៅ​ក្នុងប្រទេស​ឥស្លាម​។ ពួកគេ​ត្រូវតែ​មានឈ្មោះ​លើ​គេ​ក្នុង​បញ្ជី​ជនភៀសខ្លួន​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com