ជាតិ
កម្ពុជាចុះឈ្មោះល្បុកតោចូលបញ្ជីបេតិភណ្ឌអរូបិយរបស់យូណេស្កូ ការសំដែងបង្ហាញក្បាច់ល្បុកតោនាឱកាសអង្គរសង្ក្រាននៅសៀមរាបពេលចូលឆ្នាំខ្មែរកន្លងទៅ រូបថត៖ ចំណារ
× គ្រូ និងសិស្សល្បុកតោ
× កម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះក្បាច់គុនល្បុកតោទៅស្ថាប័នបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ ដើម្បីស្នើចុះឈ្មោះក្បាច់គុនបុរាណខ្មែរមួយនេះចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ព័ត៌នេះប្រាប់គេហទំព័រថ្មីៗនៅល្ងាចថ្ងៃទី៧ឧសភានេះ។ ថ្នាក់ដឹកនាំរបស់កីឡាកម្ពុជារូបនេះបន្តថា កម្ពុជានៅរង់ចាំការឆ្លើយតបពីគណៈកម្មាធិការបេតិភណ្ឌដែលនឹងប្រាប់មកកម្ពុជាវិញអំពីការខ្វះខាត ឬភាពពេញលេញនៃសំណុំឯកសារ។
កម្ពុជាបានបញ្ជូនសំណើរសុំចុះឈ្មោះក្បាច់គុនល្បុកតោខ្មែរទៅអង្គការយូណេស្កូហើយកាលពីក្នុងខែមេសាកន្លងទៅ ដើម្បីចុះឈ្មោះក្បាច់គុនខ្មែរចំណាស់ជាង២០០០ឆ្នាំនេះចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ ចំរើនបានបន្តអោយដឹងថា គណៈកម្មការជំនាញរបស់អង្គការយូណេស្កូនឹងឆ្លើយតបចំពោះសំណើរសុំចុះឈ្មោះនេះក្នុងរយៈពេល៣ខែ។ គឺជាការឆ្លើយតបអំពីភាពពេញលេញ ឬការខ្វះខាតសំណុំឯកសារឬយ៉ាងណា?
បើតាមការពន្យល់របស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រសិនបើក្បាច់គុនល្បុកតោនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោកមែន នោះកម្ពុជានឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ។
លោកសាន គឹមសៀនដែលជាប្រធានបណ្ឌិតសភាល្បុកតោកម្ពុជា ហើយដែលត្រូវបានប្រសិទ្ធនាមថា ជាគ្រូតាក្រម៉ាមាសបានហ៊ានអះអាងទៀតថា ប្រសិនបើគណៈកម្មការបេតិកភណ្ឌពិភពលោកទទួលចុះឈ្មោះល្បុកតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមែននោះ ល្បុកតោនឹងមានជីវិតអមតៈទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។ លោកសាន គឹមសៀនដែលជាប្រធានកិត្តិយសសហព័ន្ធល្បុកតោកម្ពុជាក៏បានចូលរួមក្នុងការចងក្រងឯកសារដើម្បីផ្ញើទៅអង្គការយូណេស្កូដែរ។
ល្បុកតោបានលេចរូបរាងឡើងវិញនៅក្នុងឆ្នាំ២០០១នៅកម្ពុជាតាមរយៈការផ្តួចផ្តើមបង្កើតសហព័ន្ធល្បុកតោ។ បន្ទាប់មកក្លឹបហាត់គុនល្បុកតោក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងអោយដឹងថា សព្វថ្ងៃនេះមានអ្នកចេះ និងអ្នកហាត់គុនល្បុកតោនេះប្រមាណ១៧០នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានគ្រូធំប្រមាណ២០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com