ជាតិ
សេដ្ឋកិច្ច
រោងចក្រទឹកស្អាត«បាក់ខែង»តម្លៃ២៤៧លានដុល្លារ អាចផលិតទឹក៤០ម៉ឺនម៉ែត្រគូប ចាប់ផ្ដើមសាងសង់ លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
× ភ្នំពេញ៖ កម្ពុជា បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែងទៀត នៅសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១កុម្ភៈ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ មានតម្លៃសរុប២៤៧លានដុល្លារ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង ថា ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត«បាកខែង»នេះ អនុវត្តឡើងជាពីរជំហាន។ ជំហានទីមួយ គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិតទឹកបានស្អាតជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។ សម្រាប់ជំហានទីពីរ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤។
លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមថវិកា វិនិយោគជិត២៥០លានដុល្លារនេះ មាន១៥៥,៥លានដុល្លារ សម្រាប់សាងសង់រោងចក្រផលិតទឹកស្អាត និង៩១,៥លានដុល្លារទៀត សម្រាប់រៀបចំបណ្តាញទឹក និងប្រព័ន្ធផ្សេងៗទៀត។
ថវិកាសរុបសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកបាក់ខែងនៅក្នុងជំហានទីមួយនេះ មាន៤៧លានដុល្លារ ជាថវិកាបដិភាគរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ, ៨៥លានដុល្លារ បានពីកម្ចីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និង១០០លានដុល្លារ បានពីកម្ចីធនាគារវិនិយោគអឺរ៉ុប(EIB) រួមទាំងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU) ចំនួន១៥លានដុល្លារ ផងដែរ។ នេះជាការរៀបរាប់របស់លោក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដោយអះអាងថា ក្រោយបញ្ចប់ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នេះ នឹងអាចផ្គត់ផ្គង់ទឹកស្អាត បានលើស១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ក្នុងថ្ងៃនេះដែរ កម្ពុជាក៏បានដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត«ចំការមន» ដែលមានសមត្ថភាពផលិតទឹកស្អាត បាន៥,២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ បើតាមគម្រោង នៅក្នុងឆ្នាំ២០២៥ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕
Tag:
រោងចក្រប្រព្រឹត្តកម្មទឹកស្អាត
បាក់ខែង
© រក្សាសិទ្ធិដោយ thmeythmey.com