ពីនេះ ពីនោះ
សុខភាព
ព្រឹក​ឡើង​ញ៊ាំ “​ប្រេង​អូ​លីវ​” ១ ស្លាបព្រា​បាយ ហើយ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ទាំងនេះ​
03, Feb 2021 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​ចម្អិន​អាហារ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ប្រេង​នេះ ១​ស្លាបព្រា​រាល់​ព្រឹក​នៅពេល​ពោះ​ទទេរ​មិនទាន់​ញ៊ាំ​អ្វី​ផ្សេង​អាច​ផ្ដល់​អត្ថប្រយោជន៍​ទ្វេដង​? ផល​ល្អៗ​នៃ​ការ​ទទួលទាន​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​រាល់​ព្រឹក​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​រាល់​ព្រឹក ៖

 
១. វា​ល្អ​សម្រាប់​ស្បែក​
 
​ប្រេង​អូ​លីវ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់បំផុត​មួយ​នៃ​ផលិតផល​ថែរក្សា​សម្រស់​ភាគច្រើន ហើយ​វា​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​ស្បែក​តាមរយៈ​ការរួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​។ វា​ជួយ​កាត់បន្ថយ​ការឡើង​ក្រហម​លើ​ស្បែ​កមុខ ក៏ដូចជា​ការ​ហើម ហើយ​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​ផងដែរ​។ បន្ថែម​ពីនេះ​ប្រេង​អូ​លីវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ជួយ​រក្សា​សំណើម​នៃ​ស្បែក​ទប់ស្កាត់​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ប្រសើរ​។  ម្យ៉ាងវិញទៀត​ប្រេង​អូ​លីវ​ថែមទាំង​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ទៀតផង​។​
 
២. វា​ល្អ​សម្រាប់​ខួរក្បាល​
 
​ការទទួល​ទាន​ប្រេង​អូ​លីវ​ជាប្រចាំ​អាចជួយ​ការពារ​កោសិកា​ខួរក្បាល​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង (Alzheimer’s)​បាន​យ៉ាង​ប្រសើរ​។ អ្នក​ដែល​បានរួម​បញ្ចូល​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​មានការ​ចងចាំ​ល្អ​ជាង​អ្នក​ដែល​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ទាប​។​
 
៣. វា​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​
 
​សារធាតុ​សំខាន់ៗ​ក្នុង​ប្រេង​អូ​លីវ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​សម្រាប់​អ្នក​ជំ​ងឹ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ដោយ​វា​ជួយ​បន្ថយ​ការឈឺចាប់​និង​ការឡើង​រឹង​នៃ​សន្លាក់​។​
 
៤. វា​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​
 
​ការរួមបញ្ចូល​ប្រេង​អូ​លីវ​និង​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៥. វា​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ប្រេង​អូ​លីវ​សុទ្ធ​អាចជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​។​
 
៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​ប្រេង​អូ​លីវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម phytonutrients រួមបញ្ចូល​ទាំង squalene ដែល​រារាំង​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក និង​កម្ចាត់​រ៉ាឌីកាល់​សេរី​ជួយ​ទប់ស្កាត់​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​ការ​រលាក​រ៊ាំ​រ៉ៃ​ក្នុង​រាងកាយ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com