អត្ថបទពាណិជ្ជកម្ម
អេសស៊ីជី ប្រកាសលទ្ធផលប្រតិបត្តិការអាជីវកម្មរឹងមាំ ទោះបីក្នុងអំឡុងពេលកូវីដ-១៩ក្ដី
02, Feb 2021 , 4:38 pm        
រូបភាព
Mr.Roongrote Rangsiyopash, President and CEO of SCG
Mr.Roongrote Rangsiyopash, President and CEO of SCG
ដោយ: ថ្មីៗ
ទីក្រុងបាងកក ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ – ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញនៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗ ដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។ ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់ របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវវិធានការប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែនរហ័ស ទាន់ពេលនៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ។ កិច្ចប្រឹងប្រែងទាំងអស់នេះ បានជួយធានានិរន្តរភាព នៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់ជំនួយទៅដល់តំបន់នានា ដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះ ឆ្លងផុតវិបត្តិ និងវិលត្រឡប់មករកកំណើន ប្រកបដោយចីរភាព។ 
 
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹង នូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០។ បើតាមលោក Roongrote Rangsiyopash ចំណូលពីការលក់របស់ក្រុមហ៊ុន បានធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះ នូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។ ប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤.៤២៤ប៊ីលានរៀល (១.០៩១លានដុល្លារអាមេរិក) ដែលកើនឡើង ៧% បើធៀបនឹងតួលេខ នៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរ នៅគ្រប់មុខធុរកិច្ច។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ ១៦.៣៣៩ ប៊ីលានរៀល (៤.០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន ។ 
 
ចំណូលពីការលក់របស់ អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសមុន ដោយសម្រេចបាន ១២.៩៦៧ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដោយសារកត្តាធ្លាក់ចុះតម្រូវការ តាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ (CBM), ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផែនការបញ្ចប់ការសាងសង់ជាស្ថាពរ នូវរោងចក្រ Map Ta Phut Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០។ ខណៈដែលការបញ្ចប់ការសាងសង់ កើតឡើងនៅមុនផែនការកំណត់ក្ដី វាបានរួមចំណែកខ្លះ នាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមី និងការលក់ពីអាជីវកម្មស៊ីម៉ងត៍ និងគ្រឿងសំណង់មានការថមថយចុះ ដោយសារផលប៉ះពាល់ ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចទាំងមូល។ 
 
ដោយឡែក ក្នុងឆ្នាំ២០២០ដដែល ប្រាក់ចំណេញដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន ១.០៧៣ប៊ីលានរៀល (២៦៣លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ១៧% បើធៀបនឹងត្រីមាសមុន ដោយសារលទ្ធផលអាជីវកម្ម មិនសូវគាប់ប្រសើរ នៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ដែលបណ្ដាលមកពីដំណើរថមថយចុះ នៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់នៅក្នុងតំបន់ និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ក៏ជាកត្តារួមចំណែកការថយចុះប្រាក់ចំណេញដែរ។ ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រចាំត្រីមាស បានកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០១៩ ដោយសារចំណូលពីអាជីវកម្មផលិតផលគីមី មានភាពល្អប្រសើរជាង ។ 
 
ទន្ទឹមនឹងនេះដែរ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការអាជីវកម្មនៅខាងក្រៅប្រទេសថៃ រួមបញ្ចូលគ្នា ជាមួយការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ២១.៨៥៩ប៊ីលានរៀល (៥.៣៩១លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០ ឬស្មើនឹង ៤២% នៃចំណូលសរុបពីការលក់ ដែលខ្ពស់ជាងបន្តិច ពីតួលេខឆ្នាំ២០១៩ ដែលសម្រេចបានត្រឹម ៤១% ។ 
 
ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ)
 
សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ) ចំណូលពីការលក់នៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ ១១% បើធៀបនឹងឆ្នាំ២០១៩ ដោយសម្រេចបានចំនួន ៣.៤០៦ ប៊ីលានរៀល (៨៣៨លានដុល្លារអាមេរិក) ដែលស្មើនឹង ២៦% នៃចំណូលសរុបពីការលក់របស់ អេសស៊ីជី។ នេះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការក្នុងស្រុក នៃទីផ្សារអាស៊ាននីមួយៗផង និងពីការនាំចូលមកពីប្រតិបត្តិការ នៅក្នុងប្រទេសថៃផង ។ 
 
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ១០០.៦២៦ប៊ីលានរៀល (២៤.៩៧០លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៣៨.០៨៦ប៊ីលានរៀល (៩.៤៥១លានដុល្លារអាមេរិក) ដែលស្មើនឹង ៣៨% នៃទ្រព្យសរុបរួមទាំងអស់របស់ អេសស៊ីជី ។ 


 
ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន ១.៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង ១៨% បើធៀបនឹងឆ្នាំ២០១៩។ ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន ២៤៤ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ ៣% បើធៀបនឹងឆ្នាំ២០១៩ ។ សម្រាប់ឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ១.០២៣ប៊ីលៀនរៀល (២៥២,៣លានដុល្លារអាមេរិក) ។ 
 
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើនរងការខូចខាតនិងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ងត៍និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង ។ ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ ត្រូវបានអាក់ខានដំណើរការ ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុត នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក។ ប្រការនេះ បានបង្កផលប៉ះពាល់ដោយផ្ទាល់ ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែខណៈដែលមានការធ្លាក់ចុះ នូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ ។ 
 
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានបរិច្ចាគកញ្ចប់គ្រឿងឧបភោគបរិភោគ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៦.០០០ដុល្លារអាមេរិក ទៅដល់ប្រជាជនជាង ១.៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ តាមរយៈក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកា ចំនួន ១០.៩០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។  ជាផ្នែកមួយនៃគម្រោង SCG Circular Way, សហការីអេសស៊ីជីនៅកម្ពុជា បានចូលរួមនៅក្នុងការស្ថាបនាកម្រាលទីធ្លាសម្រាប់ក្មេងលេង ដោយប្រើប្រាស់សំណល់ការ៉ូឡា ពីរោងចក្របេតុង អេសស៊ីជី សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅឯសាលារៀនមួយកន្លែង នៅទីជនបទ ។ 
 
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ផលិតផលនវានុវត្តន៍ចំនួនពីរប្រភេទ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ ។ «ស៊ីម៉ងត៍ ខេ ស៊ុបពែរ (K-Super Cement)» អាចប្រើសម្រាប់ការងារចម្រុះ ដូចជា រៀប បូក ចាក់សាប និងគ្រឿងបង្គុំស្រាលៗ។ ហើយពណ៌ថ្មី នៃក្បឿងអេសស៊ីជី ដែលប្រើប្រាស់បច្ចេកវិទ្យាស្រោបពណ៌ពីរជាន់ ជាក្បឿងដែលមិនជ្រាបទឹក ពណ៌ស្រស់ស្អាតនិងជាប់ធន់បានយូរ។ ផលិតផលទាំងនេះ ផ្ដល់នូវជម្រើសឆ្លើយតប ទៅតាមតម្រូវការទីផ្សារដែលប្រែប្រួល។ 
 
លោក Roongrote បានមានប្រសាសន៍ថា ៖«លទ្ធផលប្រតិបត្តិការអាជីវកម្ម នៅឆ្នាំ២០២០ នៅតែមានភាពធន់ល្អប្រសើរ នៅក្នុងអំឡុងពេលដែលក្រុមហ៊ុន ជួបការលំបាកដែលបង្កឡើង ដោយវិបត្តិជំងឺកូវីដ-១៩ ដោយសារតែការខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក អេសស៊ីជី ដែលបានផ្ដោតអាទិភាពសំខាន់បំផុត ទៅលើសុវត្ថិភាព និងនិរន្តរភាពនៃអាជីវកម្ម។ ក្រុមហ៊ុនបានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រថ្មីៗ និងវិធានការអាជីវកម្មបត់បែនរហ័ស ដូចជា ការកែសម្រួលផែនការអាជីវកម្ម ការកែប្រែបរិមាណលក់ និងការបង្កើតច្រកប្រាស្រ័យទាក់ទងសកម្ម និងច្រើនមុខព្រួញ (Active Omni-Channel) ដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់អតិថិជនដែលប្រែប្រួលលួន ។ កិច្ចប្រឹងប្រែងទាំងនេះ បានផ្ដល់លទ្ធភាពឲ្យ អេសស៊ីជី អាចផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយជាច្រើនសម្បូរបែប និងគ្រប់ជ្រុងជ្រោយ ដែលបំពេញទៅតាមតម្រូវការ របស់ទីផ្សារ។ ពីពេលនេះទៅមុខ អេសស៊ីជី នឹងអនុវត្តជាបន្តនូវគំរូកន្លែងធ្វើការបែបកូនកាត់ ដែលអនុញ្ញាតឲ្យបុគ្គលិកអេសស៊ីជី ធ្វើការពីផ្ទះបាន និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូ និងផ្ដល់សេវាកម្មដល់អតិថិជន។ បុគ្គលិកអេសស៊ីជី នៅតាមមជ្ឈមណ្ឌលផលិតកម្ម និងតំហែទាំ នឹងបន្តអនុវត្តយុទ្ធសាស្ត្រ pod approach ដែលមានន័យថា កន្លែង និងមុខងារទាំងឡាយត្រូវបំបែកគ្នា ដើម្បីធានានូវការប្រាស្រ័យទាក់ទងផ្ទាល់តិចបំផុត រវាងបុគ្គលិកសំខាន់បំផុត និងបុគ្គលិកធម្មតា ។ បុគ្គលិកដែលធ្វើការងារនៅក្រៅប្រទេស នឹងត្រូវរក្សាទុកនៅតាមទីតាំងផលិតកម្ម ដើម្បីរក្សានិរន្តរភាពការងារ កុំឲ្យមានការអាក់ខាន។ ហើយបុគ្គលិកដែលមានការប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយអតិថិជនខាងក្រៅ នឹងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត ទៅតាមវិធានការអនាម័យ ដើម្បីធានាទំនុកចិត្តរបស់អតិថិជន។ ដោយអនុវត្តវិធានការសកម្មមុន និងដោយមានការប្ដេជ្ញាចិត្តខ្ពស់ ពីសំណាក់បុគ្គលិក អេសស៊ីជី ទាំងអស់ ខ្ញុំជឿជាក់ថា អេសស៊ីជី នឹងជម្នះបាន នូវភាពមិនប្រាកដប្រជា ដែលបង្កដោយរលកថ្មី នៃវិបត្តិជំងឺឆ្លងកូវីដ-១៩»។ 
 
ប្រតិបត្តិការអាជីវកម្មផ្នែកគីមីរបស់ អេសស៊ីជី បានប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងប្រទេសថៃ និងទាំងនៅក្រៅប្រទេស ដោយមានការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម និងការគ្រប់គ្រងផែនការលក់ បានរឹងមាំល្អ។ អាជីវកម្មផ្នែកគីមី បានបង្កើនការលក់ប្លាស្ទិក សម្រាប់ផលិតកម្មផលិតផលប្រើប្រាស់ ដែលមានតម្រូវការខ្ពស់ ដូចជា ការវេចខ្ចប់ចំណីអាហារ ការវេចខ្ចប់ភេសជ្ជៈ និងការវេចខ្ចប់សម្រាប់ការលក់ដូរតាមអនឡាញ។ ក្នុងករណីដែលទីផ្សារមួយចំនួន ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរ ដោយកូវីដ-១៩ អាជីវកម្មផ្នែកនេះបានប្ដូរទិសដៅនៃការលក់ ទៅរកទីផ្សារដែលប៉ះពាល់តិចតួចដោយសារការបិទសកម្មភាពសេដ្ឋកិច្ច ដោយសារកូវីដ-១៩ ។ អាជីវកម្មផ្នែកគីមី ក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផងដែរ ដូចជា កម្មវិធីពាណិជ្ជកម្មឌីជីថល ដែលតភ្ជាប់ការបញ្ជាទិញរបស់អតិថិជន ទៅជាមួយនឹងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ជាដើម។ កម្មវិធីនេះ បង្កើននូវភាពបត់បែនលឿនរហ័ស កាត់បន្ថយពេលវេលាដំណើរការ និងលើកកម្ពស់ភាពអាចតាមដានបាន សម្រាប់អតិថិជន ។ 
 
អេសស៊ីជី បានពង្រីកចង្កោមអាជីវកម្មរបស់ខ្លួន និងបានរុករកកាលានុវត្តភាពអាជីវកម្មថ្មីៗ ដើម្បីបង្កើតភាពពិសេសនិងតម្លៃបន្ថែមឲ្យផលិតផល និងបង្កើនភាពបត់បែនរហ័សនៃអាជីវកម្ម ។ សម្រាប់ដំណោះស្រាយសេដ្ឋកិច្ចវិលជុំ (Circular Economy) អេសស៊ីជី បានចាប់ផ្ដើមផលិតកម្មជ័រកែច្នៃឡើងវិញ ដោយប្រើប្រាស់ប្លាស្ទិកដែលប្រើរួច ពីសំណល់នៅតាមសហគមន៍ និងបានស្ថាបនារោងចក្របង្ហាញមួយ សម្រាប់ការកែច្នៃប្រើប្រាស់ឡើងវិញ នូវផលិតផលគីមី ។ ដោយប្រើប្រាស់ចំណេះដឹង និងជំនាញផ្ទៃក្នុង រួមគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពិភពលោក អាជីវកម្មផ្នែកគីមីរបស់ អេសស៊ីជី ផ្ដោតគោលដៅធ្វើពាណិជ្ជកម្ម ដំណោះស្រាយឌីជីថល សម្រាប់វិស័យផលិតកម្ម ដែលអេសស៊ីជីបានបង្កើតឡើងដោយខ្លួនឯង និងក្លាយខ្លួនជាអ្នកផ្ដល់ដំណោះស្រាយផ្នែកឧស្សាហកម្មមួយ ។ 


 
អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ បានបង្កើនប្រសិទ្ធផលប្រតិបត្តិការរបស់ខ្លួន តាមរយៈការកែសម្រួលគំរូប្រតិបត្តិការ និងគំរូអាជីវកម្ម ឲ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដែលចង់បានកាន់តែច្រើនឡើង នូវផលិតផលអនាម័យ និងពាណិជ្ជកម្មតាមអនឡាញ (e-commerce) ។ អាជីវកម្មផ្នែកនេះ បានវិនិយោគទៅលើការបង្កើតច្រកប្រាស្រ័យទាក់ទងសកម្ម និងពហុមុខព្រួញ (Active Omni-Channel) ដូចជា SCG HOME Online, NocNoc និង Q-Chang ជាដើម ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ផ្ដល់ នូវផលិតផល និងសេវាកម្ម ព្រមទាំងដំណោះស្រាយសរុប ផងដែរ ដើម្បីពង្រឹងតួនាទីរបស់ខ្លួន ជាក្រុមហ៊ុនឈានមុខគេ នៅក្នុងទីផ្សារគ្រឿងសំណង់ នៅប្រទេសថៃ ក៏ដូចជានៅក្នុងអាស៊ាន។ ការផ្ដល់សេវាកម្ម គ្របដណ្ដប់លើដំណោះស្រាយផ្នែកសំណង់, ដំណោះស្រាយផ្នែកបែបផែនរស់នៅ និងដំណោះស្រាយការពារពីជំងឺកូវីដ-១៩ ដូចជាដំណោះស្រាយវេជ្ជសាស្ត្រដែលផ្ដល់ដោយ CPAC BIM ដែលប្រើបច្ចេកវិទ្យាធ្វើគំរូព័ត៌មានសំណង់ សម្រាប់ការធ្វើទូចត្តាឡីស័ក និងទូរបង្ការការឆ្លងមេរោគ សម្រាប់ការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ, បច្ចេកវិទ្យាខ្យល់ចេញចូល សម្រាប់បន្ទប់បង្ការមេរោគ ដើម្បីធានាសុវត្ថិភាព។ ដំណោះស្រាយជាគំរូទាំងនេះ ផ្ដល់ផលប្រយោជន៍នៃការដំឡើងបានរហ័ស និងមានជម្រើសគ្រប់គ្រងថវិកាផងដែរ។ ដំណោះស្រាយទាំងនេះ ត្រូវបានដំឡើងនៅឯមន្ទីរពេទ្យ Saraburi និងមន្ទីរពេទ្យ Vajira ។ 
 
ទន្ទឹមនឹងនេះដែរ អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ ក៏បានបង្កើតនូវផលិតផលនវានុវត្តន៍នានា ដើម្បីបំពេញតម្រូវការអនាម័យ ផងដែរ ។ ផលិតផលនវានុវត្តន៍ទាំងនោះ រួមមាន គ្រឿងសម្ភារៈបន្ទប់ទឹកស្វ័យប្រវត្តិឆ្លាតវៃ និងប្រើប្រាស់ដោយមិនបាច់ប៉ះពាល់វា ដើម្បីកាត់បន្ថយការប៉ះពាល់ ឬ ឥដ្ឋការ៉ូអនាម័យ COTTO ដែលបង្ការការលូតលាស់ របស់បាក់តេរីនៅក្នុងផ្ទះរបស់អ្នក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានណែនាំ និងដាក់ឲ្យប្រើប្រាស់ នូវបន្ទះស្មាតបត ប្រឆាំងនឹងការដុះផ្សិត និងបន្ទះប្រឆាំង UV ដែលមានឈ្មោះថា SCG Smartboard Ultra Clean ដែលងាយស្រួលលាងសម្អាត និងអាចធន់ នឹងការជូតសម្អាតសម្លាប់មេរោគញឹកញាប់ ដែលស័ក្ដិសមបំផុត សម្រាប់ការប្រើប្រាស់ជាជញ្ជាំង នៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំសុខភាព ផ្ទះថែទាំមនុស្សចាស់ ឬគ្លីនិកធ្មេញ ។ ប្រព័ន្ធដំបូលសូឡារបស់ អេសស៊ីជី គឺជាជម្រើសសន្សំសំចៃថាមពល សម្រាប់ម្ចាស់គេហដ្ឋាន។ ការលក់ដំបូលសូឡា បានកើនឡើងយ៉ាងគំហុក ដោយសម្រេចបានកំណើន ១៨២% នៅក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រជាជនកាន់តែច្រើនឡើង ចំណាយពេលវេលានៅផ្ទះ ។ 
 
អាជីវកម្មផ្នែកវេចខ្ចប់ បានសម្របខ្លួនដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ច ដោយពង្រឹងបន្ថែម នូវគំរូអាជីវកម្មចម្រុះរបស់ខ្លួន ដើម្បីកសាងមូលដ្ឋានកំណើនប្រកបដោយចីរភាព នៅក្នុងទីផ្សារអាស៊ាន។ ការសម្របខ្លួននេះ រួមមាន ការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដើម្បីពង្រីកអាជីវកម្ម តាមរយៈការពង្រីកមូលដ្ឋានអតិថិជន នៅក្នុងប្រភេទផលិតផលអ្នកប្រើប្រាស់ ខណៈដែលវិស័យនេះ មានសក្ដានុពលកំណើនខ្ពស់។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានទិញយកភាគហ៊ុន នៅក្នុងក្រុមហ៊ុន Bien Hoa Packaging Joint Stock Company (SOVI) ផងដែរ ដើម្បីពង្រឹងមូលដ្ឋានឈរជើង និងកម្លាំងរបស់ខ្លួន នៅក្នុងអាជីវកម្មវិស័យវេចខ្ចប់ នៅក្នុងប្រទេសវៀតណាម។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានទិញយកក្រុមហ៊ុន Go-Pak UK Limited (Go-Pak) ដែលជាក្រុមហ៊ុ នផ្ដល់ដំណោះស្រាយសេវាកម្មចំណីអាហារឈានមុខគេមួយ នៅចក្រភពអង់គ្លេស អឺរ៉ុប និងអាមេរិកខាងជើង ដែលមានរោងចក្រផលិតកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម។ ការទិញទាំងនេះ នឹងពង្រឹងសក្ដានុពលទីផ្សារ នៅក្នុងអាជីវកម្មវេចខ្ចប់ចំណីអាហារ កាន់តែរឹងមាំថែមទៀត ។ 
 
នៅចំពេលដែលជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ ក្រុមហ៊ុនបានប្ដេជ្ញាចិត្ត ផ្ដោតអាទិភាពសំខាន់បំផុត ទៅលើវិធានការអនាម័យតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពផលិតផល បុគ្គលិក អតិថិជន និងដៃគូអាជីវកម្ម ។ 
 
ក្រុមហ៊ុន អេសស៊ីជី ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍនូវនវានុវត្តន៍និងដំណោះស្រាយផ្នែកវេចខ្ចប់ ។ ក្រុមហ៊ុនបានបង្កើត និងដាក់ឲ្យប្រើប្រាស់ នូវស្ទូឌីយោ SCGP-Inspired Solutions ដើម្បីកែលម្អបទពិសោធន៍អតិថិជន ឲ្យកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងដំណោះស្រាយរចនាបថ នៃការវេចខ្ចប់ និងការអភិវឌ្ឍសម្ភារវេចខ្ចប់ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចវិលជុំ (Circular Economy) ។ ឧទាហរណ៍មួយ គឺផលិតផល R-1 ដែលជាសម្ភារវេចខ្ចប់យឺត អាចបត់បាន ដែលមានច្រើនស្រទាប់ និងផ្ដល់នូវគុណភាពជាប់ធន់បានយូរ ការការពារគុណភាពរបស់របរ ដែលផ្ទុក និងការអាចច្នៃប្រើប្រាស់ឡើងវិញបាន ។ ក្រុមហ៊ុន Dow Thailand Group និង Khao Tra Chat បានធ្វើសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើតនូវថង់វេចខ្ចប់អាហារ ដែលមិនប៉ះពាល់បរិស្ថាន និងអាចច្នៃប្រើប្រាស់ឡើងវិញបាន ១០០% ៕

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com