អត្ថបទពាណិជ្ជកម្ម
សហគ្រិន​ខ្មែរ កំពុង​រៀបចំ​កញ្ចប់​ជំនួយ​លើក​ទី​៣ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ក្នុង​ឆ្នាំ​២០២១
04, Feb 2021 , 3:02 pm        
រូបភាព
​នៅក្នុង​ឆ្នាំ​២០២០ សហគ្រិន​ខ្មែរ បានប្រគល់​នូវ​កញ្ចប់​ជំនួយ​ចំនួន​ពីរលើក​។ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កញ្ចប់​ជំនួយ​របស់​សហគ្រិន​ខ្មែរ លើក​ទី​១ និង​ទី​២ បានផ្តល់​ថវិកា​ប្រមាណ ៤០ ម៉ឺន​ដុល្លារ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ចំនួន​២៧ ក្នុងចំណោម​ពាក្យស្នើសុំ​ចំនួន ២៧៨ មកពី​១៩ ខេត្ត​និង​រាជធានី​។ សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដែល​ត្រូវបាន​ជ្រើសរើស មកពី​វិស័យ​ផ្សេងៗ​គ្នា​ដូចជា វិស័យ​កសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។​
 
​កញ្ចប់​ជំនួយ​របស់​សហគ្រិន​ខ្មែរ គឺជា​យន្តការ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្តន៍​យុទ្ធសាស្ត្រ គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អាជីវកម្ម និង​ប្រតិបត្តិការ និង​ភាពមិនប្រាកដប្រជា​ក្នុងពេល​អនាគត ដែល បណ្តាលមកពី​ការរីក​រាលដាល នៃ​វិបត្តិ​កូ​វីដ​-១៩​។ ការគាំទ្រ​ជាពិសេស​នេះ នឹងត្រូវ​បែងចែក​ទៅ​ផ្នែក​ដែល​ចាំបាច់ នៃ​អាជីវកម្ម​នៅក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​រោគរាតត្បាត​នេះ​។​


 
​លោក វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កត់សម្គាល់ថា កញ្ចប់​ជំនួយ​នេះ នឹង​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដើម្បី​ទប់​បម្រុង និង​ស្ដារ​អាជីវកម្ម​ឲ្យ​រីកចម្រើន​ឡើងវិញ​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ ពីព្រោះ​អាជីវកម្ម​ទាំងនេះ គឺជា​ក្បាលម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ និង​បន្ថែម​គុណ​តម្លៃ ក៏ដូចជា​គាំទ្រ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា​។ លោក បាន​បន្ថែមទៀតថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ក៏ដូចជា​សហគ្រិន​ខ្មែរ គឺមាន​គោលដៅ​កសាង​កម្លាំង​ដឹកនាំ ឬ​អាច​និយាយថា ជា​មេទ័ព​ក្នុង​វិស័យ​ឯកជន ដើម្បី​ប្រយុទ្ធ​ក្នុង​សមរភូមិ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា​បច្ចេកវិទ្យា តាមរយៈ​ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង ប្រសិទ្ធភាព​ធុរកិច្ច​ជា​មីក្រូ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ជារួម ក្នុង​បរិការណ៍​ថ្មី នៃ​សកលលោក ឬ​ប្រក្រតី​ថ្មី ក្នុង​គោលដៅ​បង្កើត​នូវ​តម្លៃបន្ថែម និង​កម្លាំង​អូសទាញ​សេដ្ឋកិច្ច​ថ្មីៗ​ទៀត​នៅ​កម្ពុជា​»​។​
 


​នៅក្នុង​ឆ្នាំ​២០២១ សហគ្រិន​ខ្មែរ កំពុង​រៀបចំ​កញ្ចប់​ជំនួយ​លើក​ទី​៣​បន្តទៀត ដើម្បី​ជា​យុទ្ធសាស្ត្រ​ឆ្លើយតប ដើម្បី​ផ្តល់ជំនួយ​ដល់​អាជីវកម្ម ដើម្បី​ឲ្យ​ពួកគាត់​រឹងមាំ​ឡើងវិញ​។ កញ្ចប់​ជំនួយ​នេះ ក៏​ដើរតួ​ជា​យន្តការ​បញ្ចូល​សាច់ប្រាក់​ដោយផ្ទាល់ ទៅក្នុង​សេដ្ឋកិច្ច តាមរយៈ​អាជីវកម្ម​ដើម្បី​ទ្រទ្រង់​ការងារ​របស់​ប្រជាជន​កម្ពុជា​។ 
 
«​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើក​ទី ៣» នឹង​អនុវត្តតាម​នីតិវិធី​ដូចគ្នា ទៅនឹង​កញ្ចប់​ជំនួយ​ឆ្នាំមុន ដោយមាន​៤ ដំណាក់កាល​។ ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ នឹងធ្វើ​សេចក្តីប្រកាស​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក បណ្តាញ​ព័ត៌មាន និង​តាមរយៈ​បណ្តាញ​ដៃគូ​របស់ខ្លួន ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​កម្មវិធី​នេះ និង​ប្រកាស​បើកទទួល​ពាក្យស្នើសុំ​។ ដំណាក់កាល​ទី​២ ពាក្យស្នើសុំ​ទាំងអស់ នឹង​ត្រូវបាន​សម្រិតសម្រាំង ដោយ​ប្រើ​គោលការណ៍​វិនិច្ឆ័យ ដែលមាន​លក្ខណៈ​ស្តង់ដារ​។ 


 
​ដំណាក់កាល​ទី​៣ បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ធ្វើ​បទ​បង្ហាញ​
​អំពី​អាជីវកម្ម និង​យន្តការ​នៃ​ការប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ពួកគេ ទៅកាន់​គណៈកម្មការ​ជំនាញ​។  ដំណាក់កាល​ចុងក្រោយ កញ្ចប់​ជំនួយ​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​បេក្ខជន​ជ័យលាភី​។ 
 
​លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិ​ប​ត្ដិ​នៃ​សហគ្រិន​ខ្មែរ មានប្រសាសន៍ថា​៖ «​សហគ្រិន​ខ្មែរ ជឿជាក់ថា កម្មវិធី​កញ្ចប់​ជំនួយ​នេះ គឺជា​ការឆ្លើយតប​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​អនុវត្ត​ដោយ​សហគ្រិន​ខ្មែរ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដែល​កំពុង​រង​ឥទ្ធិពល​ពី​វិបត្តិ​កូ​វីដ​-១៩ ហើយ​កំពុង​រៀបចំ​អាជីវកម្ម​របស់ខ្លួន សម្រាប់​បរិបទ​ប្រក្រតី​ថ្មី​នេះ​»​។​
 
​លោក ឈៀង វណ្ណ​មុនិ​ណ្ឌ បន្តថា​សហគ្រិន​ខ្មែរ ទទួល​ស្វាគមន៍ ក្នុង​ភាពជា​ដៃគូ​ហិរញ្ញប្បទាន ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុងការ​ប្រើប្រាស់​វេទិកា​កញ្ចប់​ជំនួយ​របស់ សហគ្រិន​ខ្មែរ ដើម្បី​កសាង និង​ជំរុញ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ នៅ​ប្រទេស​កម្ពុជា​៕
 







(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 KE
© រក្សាសិទ្ធិដោយ thmeythmey.com